អ្នក​ភូមិ​នៅ​ព្រះវិហារ​បារម្ភ​បាត់បង់ដី​ធ្លី ​ខណៈ​អាជ្ញាធរ​ឈូស​ឆាយ​ដី​ប៉ះ​ពាល់​ផល​ដំណាំ​


|
https://www.vodhotnews.com

រូបភាពដែលអ្នកភូមិនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ផ្ដល់ឲ្យ បង្ហាញពីសកម្មភាពឈូសឆាយដីចម្ការរបស់ពួក។ រូបភាព៖ ផ្ដល់ឲ្យ

អ្នកភូមិនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយ បាន​បង្ហាញ​ក្ដី​បារម្ភពីការបាត់បង់ដីធ្លី ខណៈអាជ្ញាធរ​យកគ្រឿងចក្រឈូសឆាយផ្លូវប៉ះពាល់លើដីស្រែ និងផលដំណាំរបស់​ពួកគេ។

តំណាងពលរដ្ឋ លោក ឡយ លីហួរ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា មន្ត្រីបរិស្ថានខេត្តព្រះវិហារ បានដាក់គ្រឿងចក្រឈូសឆាយដីធ្វើផ្លូវដោយប៉ះពាល់ដី និងដំណាំពលរដ្ឋជាបណ្តើរៗ​ប្រមាណ ៣០​គ្រួសារហើយមកដល់ពេលនេះ។

លោកបន្តថា អាជ្ញាធរ​ពុំ​បានជូនដំណឹងដល់អ្នកភូមិឲ្យបានដឹងជាមុនឡើយហើយ​ថា ពលរដ្ឋបារម្ភខ្លាច​ការឈូសឆាយរបស់អាជ្ញាធរនោះ មានគោលបំណង់មិនល្អធ្វើឲ្យពួកគេបាត់បង់ដីកាន់តែច្រើន។

លោកបន្ថែមថា៖ «គេបានឈូសប៉ះពាល់ទៅដំណាំចេក ស្វាយ អំពៅ ដំបូង ឈូសប៉ះរបស់ពលរដ្ឋ ហើយអត់មានអាជ្ញាធរណាបានជូនដំណឹងមកដល់ពលរដ្ឋផង ស្រាប់តែឃើញគ្រឿងចក្រគេមកឈូសតែម្តង។ បើសិនជាគាត់ឈូសតាមគម្រោងដែលគាត់​ប្រាប់ប្រជាពលរដ្ឋមែន អញ្ចឹង វាប៉ះហើយពលរដ្ឋជាង ៣០០គ្រួសារហ្នឹង គឺប៉ះទាំង​អស់​ហើយ។ នេះគាត់ទើបនឹងឈូសចូលមកហ្នឹង បានប៉ះប្រហែល ៣០ ទៅ ៤០គ្រួសារហើយ។ តាមខ្ញុំគិត ការឈូសនេះ គឺធ្វើដើម្បីយកដីប្រជាជនមិនមែនធ្វើដើម្បីការពារដែនជំរកសត្វអីទេ»

ពលរដ្ឋម្នាក់អ្នកស្រី ភូ ភឹមម៉ៅ ឲ្យដឹងថា ករណីមន្រ្តីបរិស្ថានគ្រឿងឈូសឆាយដីធ្វើផ្លូវនេះ កើតឡើងបន្ទាប់ពីអ្នកភូមិប្រមាណ ៣០០គ្រួសារផ្ទុះជម្លោះជាមួយក្រុមហ៊ុនមេត្រីភាពជុំវិញវិវាទដីធ្លីនៅតំបន់នោះកាលពីឆ្នាំ២០១៨ ហើយថា ករណីមន្រ្តីបរិស្ថាន ឈូសឆាយប៉ះពាល់ដីធ្លីពលរដ្ឋ គឺអ្នកភូមិជូនដំណឹងទៅអាជ្ញាធរស្រុកជួយដោះស្រាយដែរ ប៉ុន្តែ ពុំមានកិច្ចអន្តរាគមន៍ណាមួយឡើយ។

ស្រ្តីរូបនេះបន្តថា ការចាប់ផ្តើមឈូសឆាយដំបូង គឺក្រុមទាហាននៅកងពលតូចលេខ ៦ ដែលការពារដីឲ្យក្រុមហ៊ុនចុះមកឈូសឆាយផ្ទាល់ ប៉ុន្តែ ក្រោយមកប្តូរឲ្យមន្រ្តីបរិស្ថានខេត្តព្រះវិហារជាអ្នកឈូសឆាយវិញ។

អ្នកស្រីបន្ថែមថា៖ «ម្នាក់មានដីតែ ១ហិកតា ២ហិកតាប៉ុណ្ណឹងៗ ឥលូវមកឈូសឆាយយកដីពលរដ្ឋអស់អញ្ចឹង ហើយសុទ្ធតែដំណាំ អញ្ចឹង! ឥលូវឲ្យពលរដ្ឋគិចម៉េច។ ឥលូវយកបរិស្ថានមកឈរជើងម្តង ​ទាហានគេដកចេញ ឥលូវគេយកពួកបរិស្ថានមកម្តង។ ឥលូវពួកយើងជិតឡើងទៅតវ៉ាទៀតហើយ សុំដាក់ញត្តិឲ្យជួយដោះស្រាយរឿងអ្នកជាប់ឃុំ និងដោះស្រាយដីធ្លីបញ្ចប់»

អភិបាលស្រុកជាំក្សាន្ត លោក ជា គឹមសេង ប្រាប់ វីអូឌី ថា លោកមិនទទួលបានព័ត៌មាននេះទេ ប៉ុន្តែ លោកថានឹងឲ្យមន្រ្តីចុះពិនិត្យមើលករណីនេះ។

លោកបន្ថែមថា៖ «ពួកគាត់ជូនដំណឹងពេលណា? រហូតមកដល់ម៉ោងនេះ អត់ទាន់ទទួលបានបណ្តឹង ឬទូរសព្ទពីពលរដ្ឋណាថាមានបញ្ហាអីណាទេ? អត់មានទេបង?»។

មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក ក្អន ក្អោត មានប្រសាសន៍ថា ពិតជាមានការឈូសឆាយធ្វើផ្លូវមែន ប៉ុន្តែ​ លោក​ថា​ មិនបាន​ប៉ះពាល់ដី ឬផលដំណាំពលរដ្ឋណាម្នាក់ឡើយ។ លោកបញ្ជាក់ថា ការឈូសឆាយនោះ គឺដើម្បីធ្វើផ្លូវចុះល្បាតដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «អត់មានប៉ះពាល់ដំណាំប្រជាពលរដ្ឋទេ ពួកខ្ញុំគ្រាន់តែឈួសឆាយធ្វើដើម្បីពួកខ្ញុំងាយស្រួលចុះល្បាតជុំវិញជំរក សត្វព្រៃមានតែប៉ុណ្ណោះទេ។ រឿងមានពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ពួកខ្ញុំអត់មានជាប់ពាក់ព័ន្ធទេ»

មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ករណីខាង​បរិស្ថានធ្វើផ្លូវដើម្បីចុះល្បាតវាជារឿងមួយ ប៉ុន្តែ ប្រសិនបើការឈួសឆាយនោះធ្វើឲ្យប៉ះពាល់ដីធ្លីពលរដ្ឋ ត្រូវតែមានការដោះស្រាយសំណងឲ្យបានត្រឹមត្រូវជូនពួកគេផងដែរ។

លោកបន្ថែមថា៖ «ជាគោលការណ៍ទូរទៅ មិនថាផ្លូវហ្នឹងខាងក្រុមហ៊ុនធ្វើ ឬខាងបរិស្ថានធ្វើទេ នៅពេលដែលធ្វើផ្លូវប៉ះពាល់ដំណាំ ពលរដ្ឋយើងត្រូវតែគិតគូរជូនគាត់ទី១។ ទី២ បើយើងអាចជៀសបាន យើងត្រូវតែជៀសទៅ ពីព្រោះផ្លូវ បើតាមខ្ញុំមើលវាកោង ក្ងិកក្ងក់ មិនបានត្រង់ទេ អញ្ចឹង យើងអាចធ្វើឲ្យត្រង់ ឬជៀសបាន បើតាមខ្ញុំ តាមរូបភាពដែលក្រុមគ្រួសារអ្នកប៉ះពាល់ផ្ញើមកឲ្យមើល»

កាលពីឆ្នាំ២០១៨ អ្នក​ភូមិ​ជាង៣០០គ្រួសារ​មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព ស្ថិតក្នុងឃុំយាង ស្រុកជាំក្សាន្ត ក្នុងទំហំដីជាង៨៥០០ហិកតា។ ក្រោយកើតជម្លោះនោះអ្នកភូមិ១៤ ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ ក្រោមការចោទថាបានប្រព្រឹត្តបទល្មើសបរិស្ថាន ខណៈពលរដ្ឋម្នាក់កំពុងបាត់ខ្លួន បន្ទាប់ពីក្រុមទាហានយាមការពារដីក្រុមហ៊ុនចាប់ខ្លួន៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles