សេដ្ឋកិច្ច
|
https://www.vodhotnews.com
ប្រទេសស៊ុយអែតបានផ្តល់ជំនួយជិត ២លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដើម្បីអនុវត្តគម្រោងរៀបចំបរិស្ថានក្នុងខេត្តចំនួន ៣។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហការលើគម្រោងនេះឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា លោកស្រី Maria Sargren មានប្រសាសន៍ថា ការអភិវឌ្ឍសេដ្ឋកិច្ច នឹងមិនអាចជៀសបាននោះទេពីការបំផ្លាញបរិស្ថានដែលត្រូវមានការគិតទុកជាមុនដើម្បីកាត់បន្ថយនិងជៀសពីបញ្ហានេះ ហើយកម្ពុជាប្រាកដជាត្រូវការជំនួយដើម្បីឲ្យអាចបោះជំហានទៅរកការសម្រេចបាននិរន្តរភាពបរិស្ថាននេះ។
លោកស្រី Maria៖ «កំណើនសេដ្ឋកិច្ច គឺមានសារៈសំខាន់ តែគុណភាពនៃកំណើននោះ គឺវារឹតតែមានសារៈសំខាន់ទៅទៀតសម្រាប់រយៈមធ្យម និងសម្រាប់រយៈពេលយូរអង្វែង»។
អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិប្រកបដោយចិរភាព លោក ទិន ពន្លក មានប្រសាសន៍ថា គម្រោងនេះនឹងត្រូវចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ដោយមានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ជាអ្នកសម្របសម្រួល ហើយគម្រោងនេះនឹងធ្វើឲ្យមានគំនិតថ្មីដើម្បីការពារធនធានធម្មជាតិ និងបរិស្ថាន កាត់បន្ថយសំណល់ និងផ្ដល់ថាមពលស្អាតដែលមានតម្លៃសមរម្យដល់ពលរដ្ឋ ។
លោកថា៖ «អញ្ចឹងការអនុវត្តន៍គម្រោងនេះត្រូវរៀបចំយ៉ាងមិចឲ្យប្រាកដនិយម ការផ្លាស់ប្តូវព័ត៌មាន ប្រហែលជាយើងនឹងមិនពង្រាយធនធានរបស់យើងឲ្យស្ដើងពេកយើងជ្រើសយកតំបន់តែមួយចំនួនទេដើម្បីអភិវឌ្ឍន៍ឲ្យបានជោគជ័យ ហើយចុងបំផុតនោះគឺការផ្តល់ជាអនុសាសន៍ដើម្បីរៀបចំគោលនយោបាយក៏ដូចជាពង្រីកការអនុវត្តនោះទៅកន្លែងផ្សេងទៀត»។
បើតាមលោក
ទិន ពន្លក គម្រោងនេះនឹងចាប់អនុវត្តន៍រហូតដល់ឆ្នាំ២០២០ ដែលអនុវត្តន៍នៅភ្នំគូលែន ក្នុងខេត្តសៀមរាប តំបន់ក្បាលឆាយនៅខេត្តព្រះសីហនុ និងខេត្តកែប។
អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ លោក Nick Bereford មានប្រសាសន៍ថា ខណៈដែលកម្ពុជាកំពុងបោះជំហានទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ថ្ងៃអនាគតនោះការគិតគូរពីបញ្ហាបរិស្ថានគឺមានសារៈសំខាន់ណាស់។
លោកថា៖ «ថ្មីៗនេះប្រទេសដែលទើបក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ជាច្រើនកំពុងជួបប្រទះនឹងបញ្ហាចំណាយ និងវិបត្តិសង្គមធ្ងន់ធ្ងរ ខណៈដែលបណ្ដាប្រទេសទាំងនោះព្យាយាមដោះស្រាយផលប៉ះពាល់បរិស្ថានដែលបណ្ដាលមកពីកំណើនសេដ្ឋកិច្ចល្បើនលឿន។ ទោះជាយ៉ាងណាបញ្ហានេះអាចជៀសវាងបានប្រសិនគេអនុវត្តនសកម្មភាពកែតម្រូវនាពេលបច្ចុប្បន្ននេះ»។
គម្រោងរៀបចំអភិវឌ្ឍន៍បរិស្ថានកម្ពុជានេះ នឹងចងបណ្ដាញសហគមន៍បរិស្ថានដើម្បីគ្រប់គ្រងតំបន់ការពារផ្ដល់ថវិការសម្រាប់ការការពារតំបន់ឧទ្យានជាតិជួយកែលំអ និងគ្រប់គ្រងសំរាមដែលអាចកែច្នៃឡើងវិញ និងការបង្កើតឲ្យមានប្រភពថាមពលដែលប្រើប្រាស់ពន្លឺព្រះអាទិត្យទៅដល់ទីជនបទដាច់ស្រយាលនៃកម្ពុជា៕