កម្ពុជា
បុរសជនជាតិចិនម្នាក់ដើរកាត់សំណង់អគារជាច្រើន ដែលស្ថិតនៅក្នុងដំណើរការសាងសង់នៅក្នុងក្រុងព្រះសីហនុ ដែលបច្ចុប្បន្នក្លាយជាតំបន់ដែលកំពុងរីកលូតលាស់ដោយអគារធំតូចស្កឹមស្កៃ ស្របពេលដែលមានការហូរចូលនៃទំហំវិនិយោគយ៉ាងគំហុករបស់ក្រុមហ៊ុនចិន
11 មិនា 2019
ស៊ុន ណារិន
អូន ឆេងប៉រ
ខាន់ សុគុំមនោ
វីអូអេខ្មែរ
លោក ផៃ ស៊ីផាន បញ្ជាក់ថា៖ «ដូច្នេះកំពង់សោមជាទីក្រុងនៃការអភិវឌ្ឍ ហើយជាទិសដៅនៃទីក្រុងទំនើប។ ខ្ញុំហៅថាជាទីក្រុងអច្ឆរិយៈ Miracle City ដែលយើងត្រូវមានមោទនភាពក្នុងនាមជាខ្មែរ»។
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងកាលពីថ្ងៃច័ន្ទការពារគោលជំហរនិងនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទទួលយកអ្នកវិនិយោគទុនចិននិងការអភិវឌ្ឍយ៉ាងគំហុកនៅខេត្តព្រះសីហនុ បើទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋនិងមជ្ឈដ្ឋាននានា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានរៀបចំឲ្យមានសន្និសីទសារព័ត៌មានមួយនៅទីស្តីការគណៈរដ្ឋមន្រ្តីដែលមានការចូលរួមជាវាគ្មិន គឺលោក រស់ ចន្រ្តាបុត្រ ជាអ្នកប្រវត្តិសាស្រ្ត និងជាអ្នកស្រាវជ្រាវម្នាក់ និងលោក គី សេរីវឌ្ឍន៍ ជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា។
លោក ផៃ ស៊ីផាន បានថ្លែងថា លោកបានចុះទៅខេត្តព្រះសីហនុដោយផ្ទាល់ ហើយបានឃើញការរីកចម្រើនសំណង់អគារនៅទីនោះដែលលោកបានប្រៀបប្រដូចទៅនឹងទីក្រុងកាស៊ីណូ Las Vegas របស់សហរដ្ឋអាមេរិក។
លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំខានទៅ៨ខែ ស្រាប់ទៅដល់ ខ្ញុំវង្វេង ពីព្រោះអគារហ្នឹង វាកែច្នៃទិដ្ឋភាពនៃការចងចាំ។ យើងហ្នឹង វង្វេងអស់។ បើតាមបទពិសោធន៍ខ្ញុំ នៅពេលយប់ ដែលខ្ញុំបើកទៅតាមវិថីទាំងអស់នោះ យើងឃើញហាក់ដូចជាទិដ្ឋភាពនៃ Las Vegas នេះឯង»។
លោកបានហៅទីក្រុងព្រះសីហនុ ជាទីក្រុងអច្ឆរិយៈមួយនាពេលនេះ។ លោកបន្ថែមថា មិនយូរប៉ុន្មាន ទីក្រុងមួយនេះ នឹងក្លាយជាទីក្រុងសាំងហ្គាពួរ។
លោកបញ្ជាក់ថា៖ «ដូច្នេះកំពង់សោមជាទីក្រុងនៃការអភិវឌ្ឍ ហើយជាទិសដៅនៃទីក្រុងទំនើប។ ខ្ញុំហៅថាជាទីក្រុងអច្ឆរិយៈ Miracle City ដែលយើងត្រូវមានមោទនភាពក្នុងនាមជាខ្មែរ»។
លោកក៏បានបន្ថែមថា ចិននឹងនាំបច្ចេកវិទ្យាទំនើបៗ ចូលខេត្តមួយនេះផងដែរ ដែលលោកថានឹងក្លាយជា Silicon Valleyដូចនៅសហរដ្ឋអាមេរិកនៅពេលណាមួយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដើម្បីបង្ហាញជំហររបស់រដ្ឋាភិបាលអំពីទំនាក់ទនងខ្មែរ-ចិន ក្រោយពីមានការរិះគន់ពីសាធារណជនទូទៅ ទៅលើការហូរចូលយ៉ាងគំហុកនៃជនជាតិចិននៅកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
លោកមានប្រសាសន៍ថា៖ «ដូច្នេះខ្ញុំមិនគិតដល់ថា កំពង់សោមជា Silicon Valleyនៅកាលីហ្វ័រញ៉ា ដែលជាមជ្ឈមណ្ឌល IT(បច្ចេកវិទ្យាព័ត៌មាន) នោះទេ ក៏ប៉ុន្តែខ្ញុំជឿប្រហែលជាអញ្ចឹងដែរ»។
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលរូបនោះបានឲ្យដឹងទៀតថា ការចូលមកយ៉ាងគំហុករបស់ជនជាតិចិននៅក្នុងខេត្តមួយនេះ គឺដោយសារកម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយ។
លោកបានថ្លែងបន្តថា៖ «បើសិនជាគេមិនជឿថាមានសន្តិភាព បើគេមិនជឿថាមានស្ថិរភាពនយោបាយ គេអត់យកលុយរាប់កោដិយកមកដាក់នោះទេ»។
លោក ផៃ ស៊ីផាន បញ្ជាក់ថា៖ «ហេតុដូចម្តេចយើងទទួលលុយពីគេយកមកចាយ ហេតុម្តេចអ្នកដែលផ្តល់លុយឲ្យយើង គេជាមនុស្សអាក្រក់។ អានេះសួរបញ្រ្ចាសទៅវិញ ម៉េចក៏ភ័យម្ល៉េះ»។
លោកបន្ថែមថា ទីក្រុងព្រះសីហនុ នឹងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយ នាពេលខាងមុខ។
ទាក់ទងនឹងការអនុញ្ញាតឲ្យមានកាស៊ីណូច្រើននៅក្នុងខេត្តមួយនេះ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កម្ពុជាអាចរកចំណូលបានច្រើនពីវិស័យមួយនេះ តែលោកមិនបានបញ្ជាក់ចំនួនប៉ុន្មាននោះទេ។
ទិដ្ឋភាពនៅលើឆ្នេរអូរឈើទាលប្របមាត់សមុទ្រ នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
លោកក៏បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន VOA ទាក់ទងនឹងប្រជាពលរដ្ឋខ្មែរមួយចំនួនបានចូលលេងល្បែងនៅក្នុងកាស៊ីណូទាំងនោះថា៖ «ខ្ញុំអត់បានចូលទៅក្នុងហ្នឹងទេ។ ក៏ប៉ុន្តែកន្លែងហ្នឹង គេធ្វើ មិនមែនសម្រាប់ខ្មែរ ខ្មែរអត់មានលុយទៅលេងហ្នឹងទេ។ មានតិចតួចទេ។ យើងមិនសួរ ចុះនៅសាំងហ្គាពួរ។ បើហាមខ្មែរមិនឲ្យលេងនៅនេះ គេទៅលេងនៅសាំងហ្គាពួរ នោះយ៉ាងណា យើងបាត់ពន្ធទេ។ ហើយមនុស្សទៅសាំងហ្គាពួរ។ គ្មានអ្នកណាមួយទៅសាំងហ្គាពួរ មិនបានចូល ឬជាន់នៅក្នុងកាស៊ីណូសាំងហ្គាពួរទេ។ អានេះយើងគិតពិចារណា។ មិនមែនបង្វឹកឲ្យខ្មែរជាអ្នកលេងល្បែងទេ។ ប៉ុន្តែវាជាឧស្សាហកម្មកម្សាន្ត អាហ្នឹងចឹង»។
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន បានទទួលស្គាល់ថា ការអភិវឌ្ឍនៅក្នុងខេត្តមាត់សមុទ្រនេះ លឿនពេក ដែលពិបាកនឹងតាមឲ្យទាន់។ លោកក៏បានស្នើឲ្យអាជ្ញាធរខេត្ត អនុវត្តច្បាប់កម្ពុជាដែលមាន ដាក់ទង់ជាតិខ្មែរឲ្យបានច្រើននៅទីនោះ និងរៀបចំអ្វីដែលជារបស់ខ្មែរឲ្យបានច្រើន ដើម្បីកុំឲ្យមានការយល់ច្រឡំ។
លោក ផៃ ស៊ីផាន បានបដិសេធចំពោះការចោទប្រកាន់នានាដែលថា ប្រទេសចិនកំពុងយកតំបន់មួយនេះជាភូមិសាស្រ្តនយោបាយ។
លោកបានថ្លែងថា៖ «ដូច្នេះអ្នកដែលវាយតម្លៃ ដោយលាបពណ៌មកលើខេត្តកោះកុង ថ្មីៗនេះ ក៏ដូចជាកំពង់សោម ឬក្រុងព្រះសីហនុហ្នឹង គឺជាទិសដៅនៃភូមិសាស្រ្តនយោបាយ គឺ មិនមែនអញ្ចឹងទេ។ អ្នកនោះមើលច្រឡំ ឬក៏មានការគិតមួយច្រណែននិន្ទា»។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា កម្ពុជាត្រូវការមិត្តទាំងពីរ គឺចិន និងសហរដ្ឋអាមេរិក ហើយមិនចង់ឲ្យប្រទេសទាំងពីរឈ្លោះគ្នានោះទេ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា កម្ពុជានឹងមិនអនុញ្ញាតឲ្យមានការលាងលុយកខ្វក់នៅក្នុងខេត្តនេះ ខណៈមានការរិះគន់មួយចំនួន។
លោកបញ្ជាក់ថា៖ «កម្ពុជាមានយន្តការនៃការទប់ស្កាត់ការលាងលុយ។ យើងមានគោលការណ៍ក្នុងការទប់ស្កាត់លាងលុយ។ យើងមានកិច្ចសហការជិតស្និទ្ធិជាមួយអន្តរជាតិក្នុងវិស័យធនាគារហ្នឹង ដើម្បីប្រឆាំងនឹងការលាងលុយ»។
លោក គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានការកើនឡើងជាមធ្យម២៧ភាគរយក្នុងមួយឆ្នាំ ចំណែកការនាំចូលពីប្រទេសចិនមកកម្ពុជា មានតែ១៦ភាគរយតែប៉ុណ្ណោះ។
លោកចាត់ទុកថា នេះជារឿងល្អមួយសម្រាប់ប្រទេសកម្ពុជា។ លោកបានថ្លែងថា៖ «អញ្ចឹងមានន័យថា យើងធ្វើទំនាក់ទំនងជាមួយចិន យើងចំណេញ ព្រោះយើងនាំចូលបានកើនលើសមុន កើនបាន២៧ភាគរយ ជាមធ្យមប្រចាំឆ្នាំ ហើយនាំចូលវិញ កើនតែ១៦ភាគរយ ប្រចាំឆ្នាំ។ អញ្ចឹងក្នុងន័យនេះ បើផ្អែកលើទិន្នន័យ កម្ពុជាមានទំនាក់ទំនងជាមួយចិន បានចំណេញជាងមុន»។
លោកបញ្ជាក់បន្ថែមថា៖ «យើងមើលអំពីកម្រិតនៃសេដ្ឋកិច្ចរបស់ចិននិងកម្ពុជាខុសគ្នា។ចំណូលប្រជាជនចិន៨ពាន់ដុល្លារក្នុងមួយឆ្នាំ។ ប្រជាជនខ្មែរ១៥០០ដុល្លារក្នុងមួយឆ្នាំ។ អញ្ចឹងបែបផែនផលិតកម្មខុសគ្នា។ ដូច្នេះផលិតកម្មដែលខុសគ្នា អាចធ្វើជាមួយគ្នាបាន»។
លោក រស់ ច័ន្ទត្រាបុត្រ អ្នកប្រវត្តិសាស្ត្រខ្មែរ និងជាជំនួយការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដើម្បីបង្ហាញជំហររបស់រដ្ឋាភិបាលអំពីទំនាក់ទនងខ្មែរ-ចិន ក្រោយពីមានការរិះគន់ពីសាធារណជនទូទៅ ទៅលើការហូរចូលយ៉ាងគំហុកនៃជនជាតិចិនមកកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
លោក រស់ ចន្រ្តាបុត្រ ជាអ្នកប្រវត្តិសាស្រ្ត បានសរសើរប្រទេសចិនថា បានមកវិនិយោគនៅកម្ពុជាក្នុងផ្នែកដែលមានរយៈពេលច្រើនឆ្នាំ ដែលលោកថាមិនមានប្រទេសណាធ្វើបាននោះទេ។ លោកបន្ថែមថាប្រទេសចិនក៏មិនបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយដែរ។
លោកបញ្ជាក់ថា៖ «អ្វីទៅដែលជានយោបាយរបស់ចិន? គឺនយោបាយរបស់ចិន គឺគេឈរលើគោលជំហរមួយ អត់លូកដៃចូលកិច្ចការប្រទេសជាតិនីមួយៗទេ។ ដូច្នេះរឿងបញ្ហាប្រទេសនីមួយៗ ជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសនីមួយៗ»។
លោកផៃ ស៊ីផាន បានអំពាវនាវឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយល្អៗពីខេត្តព្រះសីហនុ សម្រាប់ប្រយោជន៍របស់កម្ពុជា៕
this guy is dumb he make a comparison to LASVAG and SINGAPUR. you are wrong Mr the US they have money to build it themselves also SINGAPOR. sorry your ACHHAKRIYAK country is build by CHAINESE and your favorite leader is grand Cambodian land to CHINA for 99 years. isn’t it right Mr I’m I speaking is true???? SIHANOU village going to be a part of CHINA soon you dumb ass I think you are not a human being. as I said Cambodia right now is going into year minus ZERO . wakeup you dumb ass going out and see how many Vietnamese and Chinese is in your home town . don’t you think all Cambodian are dumb like you at lease some of them are smart enough to know then you. this guy really need a brain surgery if not he is going to hell very soon .
The dumbest in cambodia is mr PI C PEST who talking rubbish and theses even only serve chines and corrupted officials ‘ .khmer peopl only living in hurtful and become slave of this beast regime’