សង្គម
|
https://www.vodhotnews.com
ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា ការចាប់យកប្រទេសចិនជាដៃគូអភិវឌ្ឍ នឹងធ្វើឲ្យខេត្តព្រះសីហនុរបស់កម្ពុជាក្លាយជាទីផ្សារថ្មី សម្រាប់កសិករ និងពាណិជ្ជករ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែមីនាម្សិលមិញ ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល លើកឡើងថា ក្រុងព្រះសីហនុជាទីក្រុងអច្ឆរិយៈមួយ នៅតំបន់ឆ្នេរសមុទ្រ ដែលមានការអភិវឌ្ឍក្នុងសន្ទុះមួយគួរឲ្យស្ញប់ស្ញែង។
រដ្ឋាភិបាលអះអាងទៀតថា បាតុភូតនៃការអភិវឌ្ឍដៃគូកម្ពុជា ចិន មិនត្រឹមតែជាទិសដៅទេសចរណ៍ និងឧស្សាហកម្មប៉ុណ្ណោះទេ វាជាឱកាសទីផ្សារថ្មីបន្ថែមទៀតចំពោះកសិករ ពលករ និងពាណិជ្ជករ។
រដ្ឋាភិបាលថា៖ «ទីក្រុងជាប់សមុទ្រមួយនេះ ក្នុងរយៈពេលដ៏ខ្លីខាងមុខ នឹងក្លាយជាទីក្រុងទំនើបក្នុងវិស័យពាណិជ្ជកម្ម ហរិញ្ញវត្ថុ និងឧស្សាហកម្មដូចបណ្តាទីក្រុងអន្តរជាតិដទៃទៀតនៅតាមឆ្នេរសមុទ្រ ដែលនឹងចូលរួមចំណែកសកម្មភាពប្រកបដោយឥទ្ធិពល និងផូរផង់នៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិក្នុងបរិបទពាណិជ្ជកម្មសេរី និងតម្លៃមនុស្សជាតិ»។
សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលធ្វើឡើងស្របពេលដែលមានការរិះគន់តាមបណ្ដាញសង្គមជាបន្តបន្ទាប់ពីវត្តមានជនជាតិចិននៅខេត្តជាប់មាត់សមុទ្រមួយនេះ។
ទំព័រហ្វសប៊ុករដ្ឋបាលខេត្តព្រះសីហនុកាលពីខែកុម្ភៈ ឆ្នាំ ២០១៩ បានដកស្រង់សម្តី អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មកចុះផ្សាយថា វិនិយោគិន និងទេសចរចិនស្នាក់នៅខេត្តព្រះសីហនុមានប្រមាណជា៧ម៉ឺននាក់៕