
ផលិតផលក្លែងក្លាយ ដែលត្រូវកំទេចចោលនៅថ្ងៃទី១២មីនាឆ្នាំ២០១៩
fb
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនៅព្រឹកថ្ងៃអង្គារនេះថា សមត្ថកិច្ចនៅមិនទាន់ចាប់បានអ្នកទទួលខុសត្រូវយកមកដាក់ទោសតាមច្បាប់នៅឡើយ ជុំវិញការរឹបអូសទំនិញក្លែងក្លាយ ដោយលោកគិតថាចំណុចនេះគឺជាបញ្ហា។ ការលើកឡើងរបស់លោក ស ខេង ដូច្នេះ បានធ្វើឡើងខណៈលោកចូលរួមនៅក្នុងពិធីកម្ទេចចោលផលិតផលក្លែងក្លាយ ខុសច្បាប់នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំនួន៧០តោន។
នៅចំពោះមុខមន្ត្រី អង្គទូត និងអ្នកចូលរួមជាច្រើននាក់ផ្សេងទៀត លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោកអបអរដល់សមត្ថកិច្ចក្នុងការបង្ក្រាបបាននូវផលិតផលក្លែងក្លាយទាំងនេះ ក៏ប៉ុន្តែលោក ស ខេង ហាក់មិនចង់សម្តែងនូវក្តីសោមនស្សរីករាយទេ ខណៈផលិតផលក្លែងក្លាយ គឺជារឿងដែលនាំឲ្យមានការទុកសោកដល់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី លើកជាសំណួរថា ការដែលនាំគ្នាប្រមូលផលិតផលក្លែងក្លាយនេះមកកិនចោល តើត្រូវកិនប៉ុន្មានលើក ប៉ុន្មានសារទើបអស់ ដោយសារការរិបអូសផលិតផលក្លែងក្លាយ ខុសច្បាប់ទាំង៤លើកមកនេះ នៅមិនទាន់ចាប់បានអ្នកទទួលខុសត្រូវមកដាក់ទោសតាមច្បាប់នៅឡើយ? លោកថា សមត្ថកិច្ចចេះតែនាំគ្នាបក់ផ្សែង តែមិននាំគ្នាពន្លត់ភ្លើងនោះទេ។
ដោយមានការជម្រុញឲ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយប្រឹងប្រែងបន្ថែមទៀត លោក ស ខេង បញ្ជាក់ថាជោគជ័យជាមូលដ្ឋាននៃការងារគឺការលុបបំបាត់ផ្តាច់ឫសគល់ការចរាចរ និងការលក់ដូរផលិតផលក្លែងក្លាយ។ វត្តមានផលិតផលក្លែងក្លាយគឺធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ប៉ះពាល់មុខមាត់ប្រទេស និងប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ។ នេះបើតាមលោក ស ខេង។
ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានដាក់លក្ខខណ្ឌដែរថា ពិធីកំទេចផលិតផលក្លែងក្លាយ ខុសច្បាប់លើកក្រោយ លោកនឹងមិនចូលរួមទេ ប្រសិនបើ សមត្ថកិច្ចចាប់បានតែផលិតផល តែចាប់មិនបានម្ចាស់ឬអ្នកទទួលខុសត្រូវ។
សូមបញ្ជាក់ថា ផលិតផលក្លែងក្លាយ ខុសច្បាប់ ដែលសមត្ថកិច្ចរឹបអូសនិងកំទេចចោលភាគច្រើន ជាផលិតផលចំណីអាហារខូចគុណភាព មានផ្ទុកសារធាតុគីមី ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលឧក្រិដ្ឋជន បានចរាចរ ចែកចាយ និងផលិត ដូចជា បារី សុរា ឱសថក្លែងក្លាយ គ្រឿងសម្អាងក្លែងក្លាយ ផលិតផលពីសាច់សត្វដោយខុសច្បាប់ ផលិតផលទឹកស៊ីអ៊ីវ ទឹកសៀងជាដើម។ ចាប់តាំងពីឆ្នាំ២០១៧មក សមត្ថកិច្ចបានរិបអូស និងកំទេចចោលផលិតផលក្លែងក្លាយ ខុសច្បាប់ បានចំនួន៤លើកមកហើយ គិតទាំងលើកនេះ ដែលមានផលិតផលក្លែងក្លាយសរុបប្រមាណជាង៣០០តោន៕