ប្រតិភូ​អឺរ៉ុប​ គ្រោង​មក​កម្ពុជា​សប្ដាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​បញ្ហា​ EBA​


|
https://www.vodhotnews.com

លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ រូបភាព៖ ហ្វេសប៊ុក សភាសម្ព័ន្ធសហជីពជាតិកម្ពុជា – NACC Page / ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧

គណៈប្រតិភូសហភាពអឺរ៉ុបគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជានាសប្ដាហ៍ក្រោយនេះដើម្បីពិភាក្សាអំពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធជាមួយកម្ពុជា។

ឯកអគ្គរដ្ឋសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក George Edgar ប្រាប់ VOD នៅថ្ងៃនេះថា មន្ដ្រីជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកការងារការទូតនិងនយោបាយការបរទេស និងមន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកការងារពាណិជ្ជកម្ម នឹងមកកម្ពុជានៅសប្ដាហ៍ក្រោយនេះ។

យ៉ាងណាក៏ដោយ លោក George Edgar សុំមិនបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទ និងថាតើ បញ្ហាណាខ្លះ នឹងត្រូវលើកយកទៅពិភាក្សានោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កេត សោផាន់ ឲ្យ VOD ដឹងដែរថា រដ្ឋមន្ដ្រីការបរទេស លោក ប្រាក់ សុខុន ក្នុងឱកាសអបអរសាទរទិវា «ASEM DAY» ពីថ្ងៃម្សិលមិញ ក៏ថ្លែងថាលោកនឹងជួបពិភាក្សាជាមួយមន្ដ្រីគណៈកម្មាការអឺរ៉ុប ដែលគ្រោងមកកម្ពុជានាថ្ងៃទី២១ មីនាខាងមុខនេះពាក់ព័ន្ធកាតព្វកិច្ចរបស់កម្ពុជា ក្នុងការបន្ដទទួលបានប្រព័ន្ធអនុគ្រោះពន្ធ ​EBA របស់អឺរ៉ុប។  

ដំណើរទស្សនកិច្ចរបស់ប្រតិភូសហភាពអឺរ៉ុបនេះគឺធ្វើឡើងបន្ទាប់សហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ​កន្លង​មក ​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើមនីតិវិធីដែល​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​និតិ​រដ្ឋ​​នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles