ដោយ សន ចាន់រដ្ឋា
2019-03-12
RFA

ស្រែប្រាំងរបស់អ្នកស្រុករាប់រយហិកតារនៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងប្រឈមនឹងខ្វះទឹកស្រោចស្រព។ រូបថតថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។ Photo Provided
![]()
ពលរដ្ឋ២៣គ្រួសាររស់នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ បានមកសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរជាតិ និងខុទ្ទកាល័យ លោក ហ៊ុន សែន នៅរសៀលថ្ងៃទី១២ មីនា បំណងឱ្យស្ថាប័នទាំងនេះ ជួយរកយុត្តិធម៌ ករណីម្ចាស់អាជីវកម្មវិនិយោគអាងទឹកកំពីងពួយ និងអាងទឹកចកសារាយ បានរារាំងអ្នកភូមិមិនឱ្យច្រូតស្រូវប្រាំង ប្រសិនបើមិនបង់ប្រាក់ជាមុន ដោយក្នុង ១ហិកតារ ១លានរៀលនោះទេ។
អ្នកភូមិជាង ៤០នាក់ ក្នុងចំណោម ២៣គ្រួសាររស់នៅភូមិអណ្តូងត្រំ ឃុំចំណារលើ ស្រុកស្ទោង ឱ្យដឹងនៅថ្ងៃទី១២ មីនាថា ហេតុផលសំខាន់ដែលពួកគាត់បង្ខំចិត្តមកតវ៉ានៅរាជធានីភ្នំពេញ ដោយសារអាជ្ញាធរមូលដ្ឋានមិនយកចិត្តទុកដាក់ដោះស្រាយការលំបាកវេទនា របស់ពលរដ្ឋក្រីក្រនោះទេ។ អ្នកភូមិថា ម្ចាស់អាងទឹកកំពីងពួយ និងអាងទឹកចកសារាយ ឈ្មោះ គាំ សារឿន ដែលទទួលសិទ្ធិវិនិយោគទឹកនៅតំបន់នោះ តម្រូវឱ្យពួកគេបង់ប្រាក់មុន ទើបអាចច្រូតស្រូវបាន។
ពលរដ្ឋម្នាក់ក្នុងចំណោមជាច្រើនទៀត លោកស្រី កន វិន ប្រាប់អាស៊ីសេរីថា ពលរដ្ឋ ២៣គ្រួសារ បានសុំម្ចាស់អាងទឹកប្រមូលផលស្រូវសិន ទើបបង់ប្រាក់ជាក្រោយ តែពួកគេបដិសេធ។ លោកស្រីថា គ្រួសារលោកស្រីមានស្រូវប្រាំង ៨ហិកតារ ត្រូវបង់ប្រាក់ជូនម្ចាស់អាងទឹក ៨លានរៀល ឬស្មើ ២ពាន់ដុល្លារ ទើបអាចច្រូតស្រូវបាន ក៏ប៉ុន្តែគ្រួសារលោកស្រីគ្មានប្រាក់នោះទេ។ លើសពីនេះ ពួកគេបានសុំកិច្ចអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋាន តែគ្មានដំណោះស្រាយ។ «»
ស្ត្រីដដែលបន្ថែមថា អ្នកភូមិដែលធ្វើស្រូវប្រាំងនៅវាលកំពីងសារាយ ជាង ១០០គ្រួសារ ក្នុងនោះ ២៣គ្រួសារ ខ្វះប្រាក់សម្រាប់បង់ជូនម្ចាស់អាងទឹក និងមានពលរដ្ឋខ្លះខ្ចីបុលគេ។ លោកស្រីអំពាវនាវ ឱ្យថ្នាក់ដឹកនាំរដ្ឋ បញ្ឈប់អាជីវកម្មលក់ទឹកទាំងនោះ ព្រោះអាជីវកម្មនេះធ្វើឱ្យអ្នកភូមិ លំបាកវេទនា ហើយទឹកដែលម្ចាស់អាងផ្តល់ជូនក៏មិនបានគ្រប់គ្រាន់ដែរ។ «»
ពលរដ្ឋម្នាក់ទៀតដែលជាជនបង្គោល លោក ថៃ ថេន កត់សម្គាល់ថា កាលពីឆ្នាំ២០១៤ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញ ស.ជ.ណ (សេចក្ដីជូនដំណឹង) មិនអនុញ្ញាតឱ្យមានអាជីវកម្មលក់ទឹកនៅតំបន់នោះទេ ក៏ប៉ុន្តែឈ្មួញនៅតែធ្វើអាជីវកម្មនេះដដែល។ ចំណែកពលរដ្ឋបានប្ដឹងរឿងនេះទៅអាជ្ញាធរឃុំ ស្រុក ខេត្ត និងក្រសួងធនធានទឹក ក៏ប៉ុន្តែគ្មានប្រសិទ្ធភាពនោះទេ។ រីឯឈ្មួញនៅតែធ្វើអាជីវកម្មជិះជាន់ និងគៀបសង្កត់ពលរដ្ឋដដែលៗ។ លោកសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋានមិនអនុវត្តសេចក្ដីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីនោះទេ។ «»
អាស៊ីសេរីនៅមិនទាន់អាចទាក់ទង ម្ចាស់វិនិយោគអាងទឹកកំពីងពួយ និងអាងទឹកចកសារាយ លោក គាំ សារឿន ដើម្បីសុំការអធិប្បាយជុំវិញការចោទប្រកាន់របស់ពលរដ្ឋបានថាយ៉ាងណានៅឡើយទេ នៅថ្ងៃទី១២ មីនា។
អភិបាលស្រុកស្ទោង លោក ណែត សារី មានប្រសាសន៍ថា ថ្មីៗនេះក្រុមពលរដ្ឋមិនបានមកប្តឹងអាជ្ញាធរស្រុកឱ្យជួយអន្តរាគមន៍នោះទេ។ លោកថា ពាក់ព័ន្ធការវិនិយោគទឹកនៅតំបន់នោះ គឺហួសពីសមត្ថភាពអាជ្ញាធរស្រុក ហើយកន្លងមកអាជ្ញាធរខេត្តធ្លាប់ចុះសម្របសម្រួលដោះស្រាយច្រើនសាមកហើយ តែលោកមិនបញ្ជាក់លម្អិតពីលទ្ធផលនៃដំណោះស្រាយនោះទេ។ «»
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តកំពង់ធំ លោក សុខ រដ្ឋា យល់ថា ករណីកិច្ចរបស់រដ្ឋត្រូវយកចិត្តទុកដាក់ផ្តល់ប្រភពទឹកសម្រាប់ពលរដ្ឋធ្វើកសិកម្មទាំងប្រាំង និងវស្សា ឱ្យបានគ្រប់គ្រាន់ ហើយការតវ៉ាទាមទាររបស់ពលរដ្ឋអាជ្ញាធរពាក់ព័ន្ធត្រូវដោះស្រាយជាបន្ទាន់ ដើម្បីសម្រាលការលំបាករបស់ពលរដ្ឋ។ លោកបញ្ជាក់ថា អាជ្ញាធរជាតិត្រូវពិនិត្យ តំបន់ដែលពលរដ្ឋធ្វើស្រូវប្រាំងដោយផ្អែកលើទិដ្ឋភាពច្បាប់ថាតើ ម្ចាស់អាជីវកម្មអាងទឹកនោះ បានអនុវត្តត្រឹមត្រូវឬទេ? «»
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ម្ចាស់អាជីវកម្មអាងទឹកត្រូវតែទទួលខុសត្រូវតាមច្បាប់ ប្រសិនបើរកឃើញថា បានកេងប្រវ័ញ្ចពលរដ្ឋ និងយកតម្លៃខ្ពស់ជាងការកំណត់។ អ្នកភូមិអះអាងថា ជិត ១០ឆ្នាំកន្លងមក (៨ឆ្នាំ) ពួកគេលំបាកវេទនា ដោយសារម្ចាស់អាជីវកម្មអាងទឹកឈ្មោះ គាំ សារឿន មានងារជាទីប្រឹក្សា លោក ស ខេង ប្រើអំណាចកៀបសង្កត់ និងយកតម្លៃទឹកខ្ពស់ ដោយក្នុងមួយហិកតារ ចាប់ពី ៧៥ ម៉ឺនរៀល ទៅ ១លានរៀល ដែលជាដើមហេតុធ្វើឱ្យពលរដ្ឋខ្លះបាក់ទឹកចិត្តបោះបង់មុខរបបធ្វើស្រែ និងខ្លះទៀតចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសជាដើម៕