អ្នកវិភាគរិះគន់ការតែងតាំងទីប្រឹក្សារដ្ឋាភិបាលដែលលោក ហ៊ុន សែន ថាខ្វះការទទួលខុសត្រូវនិងភូតភរ
By ឌឹ ខេមបូឌា ដេលី
ឌឹ ខេមបូឌា ដេលី
អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ នៅថ្ងៃនេះបានសម្តែងការមិនពេញចិត្តចំពោះការតែងតាំងលោក ញឹម វណ្ណដា ជាទីប្រក្សារដ្ឋាភិបាលដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។
លោកបណ្ឌិតបានលើកឡើងនៅគណនីហ្វេសប៊ុករបស់លោក ដោយសួរថា តើត្រូវដែរឬទេការតែងតាំងទេសរដ្ឋមន្ត្រីមួយរូបដែលលោក ហ៊ុន សែន ដកហូតពីមុខតំណែង និងប្រកាសកែ្តងៗថា ជាមន្ត្រី «ខ្វះការទទួលខុសត្រូវនិងភូតភរ» មកធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាលមានឋាន:ស្មើនឹងទេសរដ្ឋមន្ត្រីទៅវិញនោះ?
លោកយល់ថា ការតែងតាំងនេះគឺធ្វើឱ្យខូចឈ្មោះរាជរដ្ឋាភិបាលខូចឈ្មោះនាយករដ្ឋមន្ត្រី ដែលជាប្រមុខនៃរាជរដ្ឋាភិបាលជាក់ជាមិនខាន ដោយសារពលរដ្ឋលែងគោរព លែងទុកចិត្ត និងលែងស្តាប់តទៅទៀត។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ កាលពីថ្ងៃទី២៤មិថុនា បានចេញរាជក្រឹត្យត្រាស់បង្គាប់តែងតាំងអតីតអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក ញឹម វណ្ណដា ជាទីប្រឹក្សារដ្ឋាភិបាលមានឋានៈស្មើនឹងទេសរដ្ឋមន្ត្រី តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រោយប្រកាសបញ្ចប់បេសកកម្មរុករកពលរដ្ឋរងគ្រោះពីគំនរអគារបាក់រលំនៅខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី២៤មិថុនាលោកហ៊ុន សែនបានប្រកាសក្នុងពិធីសន្និសីទកាសែតថា លោកបានសម្រេចដកលោក ញឹម វណ្ណដា ពីតំណែងអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមូលហេតុភូតភរ និងខ្វះការទទួលខុសត្រូវក្នុងការងារ ដោយមិនព្រមដឹកនាំកម្លាំងដើម្បីជួយសង្រ្គោះពលរដ្ឋដែលរងគ្រោះដោយសារការរលំបាក់អគារនោះឡើយ។
លោក ហ៊ុន សែន ប្រកាសថា ស្របពេលដែលព្រឹត្តិការណ៍សោកសៅបាក់អគារនៅខេត្តព្រះសីហនុបណ្តាលឱ្យពលរដ្ឋស្លាប់និងរបួសរាប់សិបនាក់នោះ លោក ញឹម វណ្ណដា អាចកំពុងមានវត្តមាននៅខេត្តកំពតកំពុងកំសាន្តជាមួយស្រីស្នេហ៍។
អ្នកវិភាគនយោបាយនៅក្រៅប្រទេសលោក គឹម សុខ ធ្លាប់បានលើកឡើងថា ជាធម្មតាក្រុមកុម្មុយនីស្តកម្រនឹងបោះបង់មន្ត្រីរបស់ខ្លួនណាស់ ជាពិសេសមន្ត្រីធ្លាប់តស៊ូជាមួយខ្លួន ហើយថា ការដកតំណែងណាមួយគ្រាន់តែធ្វើឱ្យល្អមើលប៉ុណ្ណោះ ផ្ទុយទៅវិញមន្ត្រីអសមត្ថភាពទាំងនោះនឹងបានតំណែងថ្មីនៅក្នុងជួររដ្ឋាភិបាលជាមិនខាន បន្ទាប់ពីត្រូវបានដកហូតចេញពីតំណែងចាស់៕
© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.