ដោយ វ៉ែន សុមេធ
2019-06-28
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងតាមវីដេអូនៅលើហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។ Photo courtesy of Kem Sokha’s Facebook Page
សកម្មជនគណបក្សប្រឆាំងនៅតាមខេត្តមួយចំនួនបានជួបជុំគ្នាថ្លែងសារជូនពរថ្ងៃកំណើតលោក កឹម សុខា និងគាំទ្រមនសិការរបស់លោកដែលបានលះបង់សេចក្ដីសុខផ្ទាល់ខ្លួនតស៊ូដើម្បីប្រជាធិបតេយ្យនៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា សកម្មភាពនេះជាការសម្ដែងមតិរបស់ពលរដ្ឋដោយសារពួកគាត់ស្រលាញ់ទង្វើរបស់លោក កឹម សុខា។
សកម្មជនគណបក្សសង្គ្រោះជាតិប្រមាណ ១០០នាក់ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀងថ្លែងសារជូនពរលោក កឹម សុខា នៅព្រឹកថ្ងៃទី២៧មិថុនា។ ពួកគាត់អះអាងថា ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងខេត្តមួយនេះនៅតែស្មោះស្ម័គ្រ និងចាត់ទុកលោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិដដែល។
ជំទប់ទី១ជាប់ឆ្នោតឃុំក្រោលគោ ស្រុកស្វាយជ្រំគណបក្សសង្គ្រោះជាតិ លោក មាស ឈាង ប្រាប់អាស៊ីសេរី នៅព្រឹកថ្ងៃទី២៧ មិថុនា ថា ប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំកាន់តែច្រើនគាំទ្រលោក កឹម សុខា ដោយសារស្រលាញ់មនសិការដែលលោកបានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ដូចជាសុខចិត្តទៅរស់នៅក្នុងពន្ធនាគារ និងជាប់ឃុំនៅក្នុងផ្ទះបាត់បង់សិទ្ធិសេរីភាព ដោយមិនចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានោះទេ៖ «ពលរដ្ឋគាត់ចាត់ទុកថាជាមនុស្សដែលគ្មានកំហុសទេ គឺ ជារឿងនយោបាយហើយគេចាប់គាត់ទាំងគ្មានទោសកំហុស ហើយរាស្ត្រក៏គាត់យល់ដែរ ដូច្នេះឆន្ទៈបេះដូងពលរដ្ឋនៅតែគោរពដូចតែពីមុន។ ឥឡូវមានផែនការណ៍អីដែលត្រូវធ្វើគឺធ្វើបានភ្លាម មិនថយទេនៅតែខ្លាំងលើសមុន ខ្លាំងជាងគណបក្សប្រជាជនកម្ពុជា ថ្វីបើគណបក្សនេះបានឱកាសប្រើប្រាស់យុទ្ធសាស្ត្រគ្រប់រូបភាពជាង ១ឆ្នាំហើយក្ដី ក៏មិនទាញយកចេះដូងពីប្រជាពលរដ្ឋមិនបានទេ»។
ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាមឯណោះវិញ គឺ លោក ថាន សុរិទ្ធ ថ្លែងថា សកម្មជនគណបក្សប្រឆាំង នៅគ្រប់ស្រុកក្នុងខេត្តមួយនេះ មួយកន្លែងៗមានអ្នកចូលរួមចន្លោះពី ២០ ទៅ ៥០នាក់បានជួបជុំគ្នាថ្លែងសារជូនពរថ្ងៃកំណើតលោក កឹម សុខា ដោយមិនខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញនោះឡើយ។ លោកបន្តថា មូលហេតុដែលគាំទ្រ លោក កឹម សុខា ដោយសារប្រធានគណបក្សរូបនេះ អាចស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញបាន និងអាចដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការរីកចម្រើនប្រសើរជាងបច្ចុប្បន្ន។ បន្ថែមពីនេះ លោកថា ទោះបីត្រូវជាប់ឃុំឃាំងក្នុងពន្ធនាគារក៏ដោយ ក៏លោក កឹម សុខា មិនតក់ស្លុត មិនចុះញ៉មហើយនៅតែរក្សាគោលជំហរស្មោះត្រង់ចំពោះជាតិដដែល ដូច្នេះហើយបានជាពួកគាត់ស្រលាញ់នឹងគាំទ្រ៖ «ទោះបីជាគាត់នៅក្នុងពន្ធនាគារឬឃុំខ្លួននៅក្នុងផ្ទះក៏ដោយ បើសិនជាត្រូវបានអនុញ្ញាតឱ្យចូលសួរសុខទុក្ខវិញ មានប្រជាពលរដ្ឋទៅច្រើនណាស់ បាទទៅច្រើនមែនទែនខ្ញុំនិយាយមិនចេញ ក៏ប៉ុន្តែដោយសារតែតុលាការហាមឃាត់ ដូច្នេះហើយធ្វើឱ្យថ្នាក់ដឹកនាំរបស់យើងទាំងពលរដ្ឋគាត់បានតែនឹកគុណ និងថ្លែងអំណរគុណលោក កឹម សុខា នៅតែក្នុងចិត្តតែប៉ុណ្ណឹង»។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា លោកមិនចាប់អារម្មណ៍នឹងការគាំទ្ររបស់សកម្មជនបក្សប្រឆាំងនេះទេ ព្រោះលោកយល់ថា នេះគ្រាន់តែជាសកម្មជនមួយក្ដាប់តូច ដែលសម្ដែងការស្រលាញ់រាប់អានលោកកឹម សុខា ។
៖ «ច្រើនឱ្យតែលើសពី២ ទៅគឺវាច្រើនហើយ ក៏ប៉ុន្តែច្រើនចំពោះគណបក្សផ្សេងជាមួយគណបក្សប្រជាជនកម្ពុជា បើគណបក្សប្រជាជនច្រើនជាងនៅតែឈ្នះ ដូច្នេះរឿងច្រើនយើងមិនទាន់សន្មតយ៉ាងណាទេ លុះត្រាតែយើងរាប់សន្លឹកឆ្នោតបានយើងដឹងថា តើច្រើនកម្រិតណា ប៉ុន្តែគាត់និយាយថា ច្រើនគឺគាត់និយាយនៅក្នុងភូមិឃុំដែលគាត់រស់នៅ»។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការ ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើកឡើងថា នេះជាសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ប្រជាពលរដ្ឋ ដែលពួកគាត់គោរពស្រលាញ់លោក កឹម សុខា។ លោកបន្តថា នៅក្នុងសង្គមប្រជាធិបតេយ្យបុគ្គលណាក៏ដោយ ប្រសិនបើបុគ្គលនោះបានធ្វើអំពើល្អកើតចេញពីសកម្មភាពនយោបាយ និងគោលការណ៍របស់បុគ្គលនោះនឹងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ហើយការស្រលាញ់បែបនេះគឺជាសេចក្ដីស្មោះស្ម័គ្រកើតចេញពីបេះដូង៖ «មិនងាយទេបុគ្គលមានការគាំទ្រក្នុងការចូលរួមនឹងការតាមដានដោយទឹកចិត្តដោយបេះដូងបែបនេះមិនងាយយកស្អីមកផ្ដាច់ពីបេះដូងគាត់បានទេ។ អីចឹងមានន័យថា ទាល់តែសកម្មភាពរបស់គាត់តាំងពីមុនដល់ចប់វាធ្វើឱ្យអ្នកគាំទ្រពេញចិត្តខ្លួន អីចឹងគាត់នៅតែមានការទាមទារមានការចង់បាន បានន័យថា បុគ្គលនោះជាថ្នាក់ដឹកនាំរបស់គាត់»។
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ អាជ្ញាធររបបឯកបក្ស លោក ហ៊ុន សែន ចាប់ខ្លួនលោក កឹម សុខា នៅគេហដ្ឋានរបស់លោកទាំងកណ្ដាលអធ្រាត្រ ដោយចោទប្រកាន់ថា បានរួមគំនិតជាមួយបរទេសក្បត់ជាតិ។ សមត្ថកិច្ចបានយកលោកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្បែរព្រំដែនវៀតណាម តាំងពីពេលនោះមក រហូតដល់ខែតុលា ឆ្នាំ២០១៨ ទើបបញ្ជូនលោក មកឃុំខ្លួនក្នុងផ្ទះ នៅឯទីក្រុងភ្នំពេញវិញ។ រហូតមកទល់ពេលនេះតុលាការមិនទាន់បង្ហាញភស្តុតាងណាមួយបញ្ជាថាលោក កឹម សុខា បានធ្វើអ្វីខុសនៅឡើយទេ។
នៅក្នុងថ្ងៃខួបកំណើតអាយុ៦៧ឆ្នាំរបស់លោក កឹម សុខា នេះ សកម្មជនគណបក្សសង្គ្រោះជាតិប្រចាំខេត្តនីមួយៗបានផ្ញើសារជូនពរផង និងអំពាវនាវឱ្យមានការដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពពេញលេញ ដើម្បីឱ្យកម្ពុជា មានប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ហើយដើម្បីរក្សាបានការអនុគ្រោះពន្ធ (EBA) ពីសហគមន៍អឺរ៉ុប និងGSP ពីសហរដ្ឋអាមេរិក៕