សមាជិកសភាម្នាក់របស់អូស្ត្រាលី បានប្ដេជ្ញាជំរុញឲ្យមានការស៊ើបអង្កេតដោយឯករាជ្យនិងពេញលេញទៅលើឃាតកម្មលើអ្នកវិភាគល្បីឈ្មោះ លោកបណ្ឌិត កែម ឡី កាលពី៣ឆ្នាំមុន។
លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែសនៅកណ្ដាលក្រុងភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ហើយមានតែបុរសតែម្នាក់ប៉ុណ្ណោះឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ត្រូវបានចាប់ខ្លួននិងនាំយកទៅកាត់ទោសក្នុងសំណុំរឿងឃាតកម្មមួយនេះ។
ក្នុងសុន្ទរកថាថ្លែងនៅថ្ងៃប្រារព្ធពិធីរំឭកខួប៣ឆ្នាំនៃឃាតកម្មលើលោក កែម ឡី នៅឯទីក្រុងមែលប៊ន កាលពីថ្ងៃម្សិលមិញ សមាជិកសភាសហព័ន្ធរបស់អូស្ត្រាលី លោក Julian Hills បានថ្លែងថា លោកនឹងស្នើទៅរដ្ឋាភិបាលអូស្ត្រាលី ឲ្យស្នើទៅរដ្ឋាភិបាលកម្ពុជា ឲ្យបង្កើតក្រុមស៊ើបអង្កេតដោយឯករាជ្យមួយទៅលើឃាតកម្មអ្នកវិភាគរូបនេះ។
សមាជិកសភាអូស្ត្រាលីលោក Julian Hills បានថ្លែងថា៖ «ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនអើពើទៅនឹងការទាមទារឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតហ្នឹងទេ អូស្ត្រាលីនឹងមានមូលដ្ឋានត្រឹមត្រូវ ដើម្បីពិចារណាដាក់ទណ្ឌកម្មលើមនុស្សជាគោលដៅ»។
លោក Julian Hills ថ្លែងបន្តថា៖ «ហើយពិភពលោកនឹងឆ្ងល់ថា មានអ្វីដែលធ្វើឲ្យលោក ហ៊ុន សែន ភ័យខ្លាចចំពោះការបង្កើតនូវក្រុមស៊ើបអង្កេតឯករាជ្យនេះ»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានជំរុញឲ្យដាក់ភស្តុតាងថ្មីៗ និងច្បាស់លាស់ ដើម្បីបើកដំណើរការស៊ើបអង្កេតលើសំណុំរឿងនេះឡើងវិញ។
លោក ផៃ ស៊ីផាន ប្រាប់វីអូឌីតាមតេឡេក្រាមនៅថ្ងៃនេះថា៖ «ករណីមានភស្តុតាងថ្មី ច្បាស់លាស់ និងយកជាការបាន ច្បាប់ធានានូវសុពលភាពក្នុងការបើកករណីសារជាថ្មី»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា រដ្ឋាភិបាលនឹងបដិសេធចំពោះការទាមទារនេះ ហើយលោកស្វាគមន៍ដល់ការដាក់ភស្តុតាងផ្សេងទៀតទៅឲ្យតុលាការស៊ើបអង្កេតបន្ថែមទៀត។
លោក សុខ ឥសាន ប្រាប់វីអូឌីតាមទូរស័ព្ទនៅថ្ងៃនេះថា៖ «អត់មានទេអាហ្នឹង! ទោះបីអ្នកឯងថាទាល់តែងាប់ទៀត ក៏គ្មាគេបង្កើតដែរ។ អត់ធ្វើតាមអ្នកណាទាមទារ ធ្វើតែតាមនីតិវិធីរបស់គេ តុលាការមានតួនាទីភារកិច្ចរបស់តុលាការទៅតាមនីតិវិធីរបស់តុលាការ ហើយបើអ្នកណាទាមទារ មានឯកសារភស្តុតាងអី យកទៅតុលាការ។ អាហ្នឹងគឺអ៊ីចឹង។ គាត់មិនមែនជាអ្នកកាត់ក្ដី គាត់ជាអ្នកពីក្រៅទេ។ គាត់គ្មានសិទ្ធិអីនឹងនិយាយជំនួសតុលាការទេ»។
ថ្ងៃឃាតកម្មលើអ្នកវិភាគរូបថ្ងៃទី១០ កក្កដា បានក្លាយជាទិវានៃការចងចាំ និងរំឭកឡើងវិញពីសំណាក់ក្រុមអ្នកគាំទ្ររូបលោក និងសកម្មជនការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណា យុវជន ៤នាក់ ដែលបានចូលរួមរំឭកថ្ងៃឃាតកម្មលើអ្នកវិភាគរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ ប៉ុន្តែ យុវជន ២រូបត្រូវបានដោះលែងវិញ ខណៈដែលយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ត្រូវបញ្ជូនទៅឃុំបណ្ដោះខ្លួនអាសន្នក្រោមបទចោទប្រកាន់ថា «បានញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
សមាជិកសភាអូស្ត្រាលីរូបនេះ បានថ្លែងទៀតថា ក្រុមសមាជិកសភាអូស្ត្រាលីបានចោទសួររកមូលហេតុនៃការហាមឃាត់ក្រុមអ្នកគាំទ្រនិងអ្នកការពារសិទ្ធិមនុស្ស មិនឲ្យប្រារព្ធពិធីរំឭកខួបនៃឃាតកម្មនៅឯកន្លែងឃាតកម្ម។
លោក Julian Hills ថ្លែងបន្តថា៖ «ហេតុនេះយើងឆ្ងល់ថា ប្រសិនបើលោក ហ៊ុន សែន គ្មានអ្វីលាក់បាំងទេហេតុអ្វីបានជារដ្ឋាភិបាលហាមឃាត់ការតវ៉ា និងការជួបជុំនៅខែនេះនៅឯកន្លែងឃាតកម្មលើលោក កែម ឡី»។
លោក Julian Hills និងសមាជិកសភាដទៃទៀត នឹងទាមទារទៅរដ្ឋាភិបាលអូស្ត្រាលី ឲ្យគៀងគរប្រទេសជិតខាងដទៃទៀតឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឲ្យកែលម្អស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារនៅកណ្ដាលទីក្រុងភ្នំពេញ តែមួយថ្ងៃប៉ុណ្ណោះក្រោយពីលោកបានចូលរួមបកស្រាយលើរបាយការណ៍ស៊ើបអង្កេតមួយរបស់អង្គការ Global Witness នៅក្នុងកម្មវិធីផ្សាយមួយរបស់វិទ្យុអាស៊ីសេរី។
របាយការណ៍ស៊ើបអង្កេតនោះមានចំណងជើងថា «Hostile Takeover» បានលាតត្រដាងអំពីបណ្ដាញជំនួញនិងអាជីវកម្មដល់ទៅ ១១៤ក្រុមហ៊ុន ដែលកាន់កាប់ភាគហ៊ុនដល់ទៅជាង២០០លានដុល្លារ ពីសំណាក់សមាជិកក្រុមគ្រួសារ និងសាច់ញាតិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕