ដោយ វ៉ា សំណព្វ
28/07/2019
RFI

កងកម្លាំងកម្ពុជាចុះបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគីរីនាពេលកន្លងមក។
@FB
គិតចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ២៨ កក្កដា ឆ្នាំ២០១៩នេះ យ៉ាងហោចណាស់មនុស្ស១៧នាក់ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅកាន់តុលាការពីបទល្មើសព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនោះ យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើរយៈពេលជាង២០ថ្ងៃមកនេះ រថយន្តជិត២០០គ្រឿងត្រូវបានរឹបអូសហើយឈើជាង២៦០០ម៉ែត្រគូបត្រូវបានរឹបអូស។ បើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ កំពុងត្រូវបានធ្វើយ៉ាងក្តៅគគុកនៅទូទាំងប្រទេស។
ក្នុងចំណោមជនល្មើសទាំង១៧នាក់ ដែលត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រៃឈើក្នុងរយៈពេលជិតមួយខែកក្កដានេះ រួមមានទាំងជនជាតិចិន និងជនជាតិវៀតណាមផងដែរ។ ហើយជនសង្ស័យទាំងអស់នេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការសាលាដំបូងរួចហើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្រៅពីជនជាតិចិន និងជនជាតិវៀតណាម នៅមាន ឧកញ៉ា និងរួមទាំងមន្ត្រីអនុវត្តច្បាប់មួយចំនួនផង ក៏ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រៃឈើនេះដែរ។
ក្រៅពីនេះ ក្នុងរយៈពេល២០ថ្ងៃនៃយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើនៅភូមិភាគឥសាននេះ គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរឹបអូសឈើ បានប្រមាណជា២៦០០ម៉ែត្រគូប ឈើដុំប្រមាណជា៣ពាន់ដុំ និងដុតកម្ទេចរថយន្ត ម៉ូតូកែច្នៃសម្រាប់ដឹកឈើបានប្រមាណជាង១០០គ្រឿង និងរក្សាទុករថយន្តដែលអាចប្រើការបានជាង៧០គ្រឿង។
គួររំលឹកជូនថា នៅចំថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាកំពុងប្រារព្ធទិវាជាតិដាំដើមឈើ ឬ រុក្ខទិវាជាតិ នៅឯខេត្តក្រចេះ កាលពីថ្ងៃទី ០៩ កក្កដា គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នេះក៏បានបើកយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើជាទ្រង់ទ្រាយធំនៅក្នុងខេត្តមណ្ឌលគីរី ដោយបានឃាត់ខ្លួនឧកញ៉ាម្នាក់ឈ្មោះ ស៊ឹង សំអុល ប្រធានក្រុមហ៊ុនម៉ាស្ទ័រខេសាន់ រួមជាមួយមេការក្រុមហ៊ុន២នាក់ និងអ្នកបើករថយន្តម្នាក់ និងបានដកហូតរថយន្ដដឹកឈើបានចំនួនជាង៤០គ្រឿង។ បន្ថែមលើនេះ កាលពីថ្ងៃទី ២៧ កក្កដា គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និង បង្ក្រាប បទល្មើសធនធានធម្មជាតិ ដែលបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជានេះ បានឃាត់ខ្លួនមន្ដ្រី៣នាក់ទៀតបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ។ ក្នុងនោះ ២នាក់ជាមន្ដ្រីរដ្ឋបាលព្រៃឈើ និងម្នាក់ជាមន្ដ្រីបរិស្ថាននៅខេត្ដមណ្ឌលគិរី ខណៈដែលតុលាការខេត្តមណ្ឌលគីរីដដែលនេះ កាលពីថ្ងៃទី ១៧ កក្កដា ក៏បានចេញដីការបង្គាប់ឲ្យអតីតមេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា និងបច្ចុប្បន្នជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រចេះ លោក សាក់ សារុន ចូលខ្លួនទៅឆ្លើយបំភ្លឺនៅក្នុងតុលាការនៅថ្ងៃទី ២០ សីហា ខាងមុខ ក្នុងសំណុំរឿងប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ កាលពី ខែកក្កដា ឆ្នាំ២០១៥។
បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើដ៏ក្តៅគគុកនេះ នឹងបន្តធ្វើនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដោយម៉ឺងម៉ាត់បំផុត៕
HAY…… do not burn it Mr use it or give to people who need it. do not forget reinforce the law for those who not obey . if all of you smart enough just do not destroy the cart and the cow still free. if you know what I mean.