ដោយ អ៊ឹង ប៊ុនថន
13/08/2019
RFI

សេចក្តីព្រាងច្បាប់ស្តីពី សំណង់ ត្រូវបានឆ្លងកាត់ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
@សហការី
នៅព្រឹកថ្ងៃអង្គារនេះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានកោះហៅ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ទៅពិភាក្សាដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពី សំណង់។ ការតាក់តែងសេចក្តីព្រាងច្បាប់នេះ គឺធ្វើឡើងបន្ទាប់ពីមានករណីបាក់អាគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុកាលពីខែមិថុនាបណ្តាលឲ្យស្លាប់មនុស្ស២៨នាក់ និងរបួស២៤នាក់។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ចាក់ថា សេចក្តីព្រាងច្បាប់ស្តីពី សំណង់ នេះមាន ២២ ជំពូក និង ១១៣មាត្រា។ ច្បាប់នេះ មានគោលដៅកំណត់គោលការណ៍ បទបញ្ញត្តិបច្ចេកទេសសំណង់ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងវិស័យសំណង់ក្នុងប្រទេសកម្ពុជា។ នេះបើតាមមន្រ្តីរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
បើតាម លោក ជា សុផារ៉ា សេចក្តីព្រាងច្បាប់ស្តីពីសំណង់នេះ មានគោលបំណង និងសារប្រយោជន៍ ក្នុងការពង្រឹង និងពង្រីកវិសាលភាពគ្រប់គ្រងដល់គ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការការងារទាំងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។
ជាមួយគ្នានោះដែរ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងហេតុថា ការបង្កើតឱ្យមានច្បាប់ស្តីពីសំណង់នេះដោយសារតែមើលឃើញថា ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យសំណង់មានកំណើនជាទៀងទាត់ និងនៅតែបន្តឈានឡើងជាលំដាប់ ដូចជាអគារស្នាក់នៅ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ សំណង់ទីក្រុងរណប បុរី ភូមិគ្រឹះ ធនាគារ រោងចក្រ និងគ្រឹះស្ថានសិក្សាជាដើម។
ជាការកត់សំគាល់ ការធ្វើសេចក្តីព្រាងច្បាប់ស្តីពីសំណង់នេះ ត្រូវបានគេមើលឃើញថា គឺធ្វើឡើងបន្ទាប់ពីមានករណីបាក់អាគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុកាលពីខែមិថុនាបណ្តាលឲ្យស្លាប់មនុស្ស២៨នាក់ និងរបួស២៦នាក់៕