2019-08-13
RFA

អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និយាយជាមួយអ្នកកាសែតក្រោយពេលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។ Photo: RFA
តុលាការកាត់ទោសលោក អះម៉ាត់ យ៉ះយ៉ា ជាប់ពន្ធនាគារ១៥ឆ្នាំពីបទជួញដូរមនុស្ស
តុលាការរបបក្រុងភ្នំពេញបានសម្រេចផ្ដន្ទាទោស អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចរយៈពេល ១៥ឆ្នាំ និងបញ្ជូនទៅខ្លួនភ្លាមៗ នៅពន្ធនាគារព្រៃសក្រោយសវនាការបានបញ្ចប់នៅថ្ងៃទី១៣ សីហានេះ ពាក់ព័ន្ធករណីជួញដូរមនុស្សជាង ៣០០នាក់ទៅប្រទេសអារ៉ាប់។
ជនជាតិចាមបានចាត់ទុកការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញបែបនេះថា ជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានចំពោះករណីលោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសលោកនោះឡើយ។
ក្នុងបន្ទប់សវនាការនៅថ្ងៃទី១៣ ខែសីហា អនុប្រធានតុលាការ លោក កូយ សៅ ក្រុងភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា និង ក្មួយប្រុសរបស់ឈ្មោះ អ៊ីស្មាអែល ពិនឧស្មាន ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល ១៥ឆ្នាំ និង ពិន័យជាប្រាក់រួមគ្នាចំនួន ២០០លានរៀល ប្រមាណ ៥ម៉ឺនដុល្លា ទៅឲ្យជនរងគ្រោះពីរនាក់ បន្ទាប់ពីតុលាការរកឃើញថា អ្នកទាំងពីរជាប់ពាក់ព័ន្ធករណីជួញដូរមនុស្សទៅប្រទេសអារ៉ាប់។
ជនជាតិចាមម្នាក់ឈ្មោះ សុខ ក្រី ដែលបានចូលរួមក្នុងសវនាការនៅថ្ងៃទី១៣ សីហានេះ ប្រាប់អាស៊ីសេរីថា តុលាការមិនបានបង្ហាញភស្តុតាងណាមួយរឹងមាំមកដាក់បន្ទុកទៅលើជនសង្ស័យទាំងពីរនោះទេ។ លោកបានថ្លែងការពារថា លោក អះម៉ាត់ យ៉ះយ៉ា គឺជាមនុស្សស្អាតស្អំ និងមិនជាប់ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សទេ៖ «លោក អះម៉ាត់ យ៉ះយ៉ា មិនមែនសម្រាប់ខ្លួនខ្ញុំទេ គឺសម្រាប់ជនជាតិចាមនៅទូទាំងប្រទេសទាំងអស់ គឺចាត់ទុកគាត់ជាមនុស្សល្អដោយសារអី? ដោយសារគាត់ជាមនុស្សដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលមានគំនិតផ្ដួចផ្ដើមដល់កូនខ្មែរអ្នកកាន់សាសនាឥស្លាមទាំងអស់បានរៀនសូត្រខាងចំណេះដឹងទូទៅ ហើយសរុបកូនសិស្សដែលគាត់ជួយហ្នឹងបានជាង ១.០០០នាក់ហើយ គឺឲ្យបណ្ដុះបណ្ដាលឱ្យចប់មានការងារធ្វើល្អ អ្នកខ្លះបានធ្វើជាឯកឧត្តមអីច្រើនណាស់តាមរយៈគាត់ហ្នឹង»។
លោក អ៊ីស្មាអែល ពិនឧស្ម័ន ត្រូវជាក្មួយបង្កើតលោក អះម៉ាត់ យ៉ះយ៉ា ត្រូវកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួនកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ សង្ស័យថា ជាប់ពាក់ព័ន្ធករណីនាំពលករទៅធ្វើការខុសច្បាប់ នៅប្រទេសអារ៉ាប់ប៊ី សាអូឌីត។ កាលពីអំឡុងឆ្នាំ២០០៤ លោក អ៊ីស្មាអែល ពិនឧស្ម័ន បាននិយាយថា លោកត្រូវការជ្រើសរើសពលការិនី ដើម្បីបញ្ជូនទៅធ្វើការជាជំនួយការមេផ្ទះ នៅប្រទេសអារ៉ាប់ប៊ី សាអូឌីត ប្រាក់ឈ្នួលចំនួន២២០ដុល្លារអាមេរិក ដោយមានកិច្ចសន្យាការងាររយៈពេល ២ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។