ដោយ វ៉ែន សុមេធ
2019-08-13
RFA

ពលរដ្ឋដើរមើលស្រូវខ្វះទឹកនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។ RFA
![]()
ស្របពេលដែលខេត្តមួយចំនួន កំពុងទទួលរងទឹកជំនន់ ប្រជាកសិករនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតទៅវិញ។ ខេត្តភាគពាយ័ព្យនេះជួបគ្រោះរាំងស្ងួតអស់ជាច្រើនខែមកហើយ។ កសិករនៅខេត្តទាំងនោះ លើកឡើងថា ដំណាំស្រូវរបស់ពួកគាត់ឆ្នាំនេះប្រហែលមិនបានប្រមូលផលទេ ព្រោះដើមស្រូវឡើងក្រហមក្រៀមស្វិតរកងាប់បណ្ដើរៗ ហើយ។
កសិករម្នាក់រស់នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ លោក កើត សម្បត្តិ ប្រាប់អាស៊ីសេរីនៅថ្ងៃទី១២សីហាថា ដំណាំស្រូវរបស់លោកប្រមាណ៥ហិកតារ ដើមស្រូវក្រៀមខ្វិតរកងាប់ ដោយសាររាំងស្ងួតប្រមាណ២ខែហើយ ពុំទាន់មានភ្លៀងជោកជាំម្ដងនៅឡើយទេ។លោកបន្តថា ការខ្វះទឹកស្រោចស្រពនេះ មិនមែនមានតែកសិករនៅឃុំទឹកជោរប៉ុណ្ណោះទេ គឺដំណាំស្រូវរបស់កសិកររាប់ពាន់ហិកតារផ្សេងទៀត ដោយចាប់តាំងពីទីរួមខេត្តបន្ទាយមានជ័យមកដល់ស្រុកព្រះនេត្រព្រះក៏មានដើមស្រូវក្រហមរកងាប់ដោយសារខ្វះទឹកស្រោចស្រពដែរ។កសិកររូបនេះ បន្ថែមថា ប្រជាពលរដ្ឋនៅតំបន់ពួកគាត់ប្រឈមនឹងដាច់ស្បៀងដោយសារដំណាំស្រូវខួចអស់ ដូច្នេះកសិករជាគ្រួសារនឹងធ្វើចំណាកស្រុក ដើម្បីទៅស្វែងរកការងារធ្វើរកប្រាប់ដោះស្រាយជីវភាព គ្រួសារ និងសម្រាប់យកប្រាក់សងធនាគារដែលបានខ្ចីធ្វើដើមទុនដាំដុះ៖ «ដើមស្រូវខ្លះស្មើក្បាលជង្គង់ ខ្លះទើបដុះ ហើយយើងទើបតែព្រួសបន្តទៀត។បាទដល់ពេលអត់ទឹងទៅដើមស្រូវឡើងស្កូវ ហើយដើមដុះមុនចាប់ផ្ដើមដើមរួញ ហើយវាចាប់ផ្ដើមងាប់ស្លឹកខាងលើៗ នៅគល់វាអត់ទាន់ងាប់អស់ទេ ហើយកន្លែងខ្លះគោអត់ស៊ីទេ»។
ចំណែកកសិករនៅខេត្តសៀមរាបឯណោះវិញ ក៏ព្រួយបារម្ភអំពីបញ្ហាជីវភាពខ្វះខាតដោយគ្រោះរាំងស្ងួតនេះដែរ។
កសិករម្នាក់រស់នៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង លោក វន ភារម្យ ថ្លែងថា ដំណាំស្រូវរបស់កសិករនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប រាប់ពាន់ហិកតារខ្វះទឹកស្រោចស្រពជាង២ខែហើយ ក្នុងនោះស្រូវខ្លះស្លឹកប្រែពណ៌ក្រហមចង់ដូចចំបើងទៅហើយ។លោកបន្តថា កសិករស្ទើរផ្ទះត្អូញត្អែរបញ្ហាជីវភាព ដោយភ័យខ្លាចរកប្រាក់មិនបានសងធនាគារ ព្រោះកសិករភាគច្រើនរស់នៅពឹងលើដំណាំស្រូវដើម្បីរកប្រាក់ចំណូល៖ «ដូចជាស្រូវ៣ខែពិបាកនឹងរស់គឺ វាខូចអស់ហើយ បើស្រូវវាអាចនៅបានខ្លះ។ភាគច្រើនអ្នកដែលយកលុយធនាគារប្រឈមនឹងគ្មានប្រាក់បងដើមឱ្យគេ ដោយសាររំពឹងលក់ស្រូវសងគេវិញ តែដល់ពេលស្រូវងាប់អស់ហើយមិនដឹងបានប្រាក់អីឡើងឱ្យគេ»។
ចំណែកកសិករនៅស្រុករុក្ខគិរី ខេត្តបាត់ដំបង ឯណោះវិញ លោក ចក់ បូថា ប្រាប់អាស៊ីសេរីថា ដោយសារគ្រោះរាំងស្ងួតនេះ បណ្ដាលឱ្យដំណាំស្រូវរបស់លោក ១ ហិកតារ ពោត ១ ហិកតារ និងម្នាស់កន្លះហិកតារ ក្រៀមស្វិតរកងាប់ ដោយមិនរំពឹងបានប្រមូលផលនោះទេ។កសិកររូបនេះបន្តថា លោកខ្ចីប្រាក់ពីធនាគារប្រមាណ៣ពាន់ដុល្លារ(៣.០០០)អាមេរិក ធ្វើដើមទុនដាំដុះដំណាំទាំងនោះ ដោយរំពឹងថានៅពេលប្រមូលផលនឹងបានប្រាក់សងគេវិញ ប៉ុន្តែផលដំណាំបែរជាខូចអស់ទៅវិញ។កសិកររូបនេះបញ្ជាក់ថា ការខូចខាតនេះដោយសារពួកគាត់ពឹងផ្អែកតែលើធម្មជាតិដើម្បីយកទឹកស្រោចស្រពផលដំណាំ ស្របពេលដែលឆ្នាំនេះធម្មតាមិនអំណោយផលដល់កសិករ ខណៈរដូវដាំដុះក៏ជិតផុតទៅហើយ៖ «យើងអត់មានភ្លៀងមានតែខ្យល់ខ្លាំង។ឥឡូវយើងហួសពេលធ្វើស្រែហើយ ដោយសារយើងវាចុងដៃផង ហើយអត់មានលុយសម្រាប់ទិញពូជផង។ឥឡូវយើងមានតែរឿងធ្វើចំណាកស្រុកទេ ព្រោះវាខូចអស់ហើយអត់មានអីសងគេវិញ។ អស់ច្រើនដោយសារយើងទិញពូជស្រូវថ្លៃ ហើយយើងបានចំណាយលុយបូមទឹកដាក់ខ្លះមកហើយ ដល់ពេលអស់ទឹកអណ្ដូងអត់មានទឹកអីដាក់ទៀត»។
កសិកររូបនេះបន្តថា នៅស្រុករុក្ខគិរី គាស់ក្រឡ និងឃុំមួយចំនួនក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ខ្វះទឹកស្រោចស្រព និងមានដំណាំស្រូវរបស់កសិកររាប់ម៉ឺនហិកតាររងការខូចខាត។
ទាក់ទងនឹងបញ្ហានេះ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ប្រាប់អាស៊ីសេរីថា ស្រុកមួយចំនួនជាប់ដងស្ទឹងសង្កែក្នុងខេត្តរបស់លោកជួបគ្រោះទឹកជំនន់ និងស្រុកមួយចំនួនទៀតនៅតំបន់ខ្ពង់រាបជួបគ្រោះរាំងស្ងួត។ទោះជាយ៉ាងណា លោកអះអាងថា នៅតំបន់ដែលមានគ្រោះរាំងស្ងួតនោះ ខាងខេត្តមិនអាចជួយពួកគាត់បានទេ ព្រោះជាតំបន់ដីទូលដែលគ្មានប្រភពទឹក៖ «ចំណុចណាដែលខ្ពស់ជាងប្រភពទឹកយើងមានតែរង់ចាំទឹកភ្លៀងទេ បើមានទឹកយើងបូមបើអត់រង់ចាំទឹកភ្លៀងវាអត់មានទេជាទូទៅវាអីចឹង។កាលណាយើងធ្វើស្រែនៅតំបន់ទូលខ្ពស់ដែលអត់ប្រភពទឹកជួយបាន គឺក្រៅពីភ្លៀងអត់មានមធ្យោបាយទេ។បើកន្លែងណាក្បែរប្រភពទឹក បើយើងអាចសង្គ្រោះបានគឺ យើងជួយបូមជួយអីគាត់»។
ក្រៅពីខេត្តទាំងនេះហើយ នៅខេត្តពោធិ៍សាត់ឯណោះវិញក៏ជួបបញ្ហាគ្រោះរាំងស្ងួតនេះដែរ។
របាយការណ៍ក្រសួងធនធានទឹកនិងឧតុនិយមឱ្យដឹងកាលពីថ្ងៃទី៦ សីហាថា ដំណាំស្រូវរបស់កសិករនៅខេត្តពោធិ៍សាត់ចំនួន៣ស្រុកដែលខ្វះទឹក ដោយសារគ្រោះរាំងស្ងួត រួមមានស្រុកតាលោសែនជ័យ បាកាន និងស្រុកកណ្ដៀង ដែលមានផ្ទៃដីជិត ៥ម៉ឺនហិកតារ (៤៧.០០០) ក្នុងនោះបូមទឹកជួយសង្គ្រោះ និងបង្វែរទឹកពីស្ទឹងពោធិ៍សាត់តាមប្រព័ន្ធប្រឡាយដំណាក់អំពិលបាន ២មឺន៦ពាន់ហិកតារ (២៦.០០០)។ រីឯផ្ទៃដី២ម៉ឺនហិកតារទៀត (១៧.៥០០) ត្រូវការរយៈពេលប្រហែល២០ថ្ងៃទៀត ទើបជួយសង្គ្រោះបាន ក្នុងនោះដំណាំស្រូវ ជាង៣ពាន់ហិកតារ (៣.៥០០) ខូចខាតទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។