ដោយ ជុន ច័ន្ទបុត្រ
2019-08-13
RFA

លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP)។ រូប៖ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP)
![]()
គណបក្សមូលដ្ឋាន ស្នើដោះលែងលោក កឹម សុខា ដើម្បីបញ្ចៀសការផ្អាក EBA
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើទៅរបបក្រុងភ្នំពេញឲ្យដោះលែងលោក កឹម សុខា បើចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA។ អ្នកវិភាគថា ល្មមដល់ពេលរបបនេះស្តាប់គេឯងខ្លះហើយ បើមិនចង់ប្រឈមនឹងវិបត្តិសង្គមពេលបាត់បង់ EBA។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ យល់ថា ការដោះលែងលោក កឹម សុខា គឺអាចធ្វើឲ្យកម្ពុជារក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA និងបញ្ចៀសបញ្ហាផ្សេងៗ ទៀត ដែលសហគមន៍អន្តរជាតិគ្រោងដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា។
សាររបស់ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានបែបនេះថ្លែងក្នុងពិធីគម្រប់ខួប ៤ឆ្នាំ នៃការបង្កើតបក្សនេះ កាលពីថ្ងៃអាទិត្យ ទី១១ សីហា។
បញ្ជាក់បន្ថែមពីសារលោក យ៉េង វីរៈ នេះ អ្នកនាំពាក្យគណបក្សប្រជាធិតេយ្យមូលដ្ឋាន លោក ឡឹក សុធារ ឲ្យអាស៊ីសេរីដឹងថ្ងៃទី១៣ សីហាថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចង់ឃើញប្រទេសកម្ពុជាទទួលបានការបន្ធូរបន្ថយសម្ពាធការទូត និងសេដ្ឋកិច្ច ជាពិសេសមិនចង់ឃើញ ប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវដកហូតចេញពីកម្ពុជានោះទេ។ អ្នកនាំពាក្យរូបនេះឲ្យដឹងទៀតថា គោលបំណងសំខាន់មួយទៀត គណបក្សប្រជាធិបតេយ្យមូលដ្ឋាន រំពឹងថា ប្រសិនបើមានការដោះលែងលោក គឹម សុខា ក៏ជាការបញ្ជាក់ថា មានការបើកចំហសិទ្ធិនយបាយ៖ «យើងសង្ឃឹមថា បើមានការទម្លាក់បទចោទប្រកាន់លើឯកឧត្តម គឹម សុខា ហើយដោះលែងឲ្យលោកមានសេរីភាពឡើងវិញក្នុងការធ្វើការនយោបាយនោះយើងជឿថា សហភាពអឺរ៉ុបមិនដកហូតប្រព័ន្ធអនុគ្រោះទេ នេះជាក្តីរំពឹងទុករបស់យើង»។
គិតមកពេលនេះរបបក្រុងភ្នំពេញបានឃុំខ្លូនលោក កឹម សុខា ជិត ២ឆ្នាំហើយ ដោយចោទពីបទក្បត់ជាតិ ប៉ុន្តែតុលាការមិនទាន់ជំនុំជម្រះលើសំណុំរឿងនេះនៅឡើយទេមកទល់សព្វថ្ងៃ។
មេធាវីការពារក្ដី លោក កឹម សុខា លើកឡើងថា ការឃុំខ្លួនលោក កឹម សុខា រយៈពេលយូរបែបនេះ គឺធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកូនក្ដីរបស់ខ្លួន ដោយស្នើឲ្យតុលាការដោះលែងកូនក្ដីរបស់ខ្លួនមានសេរីភាពវិញ។
នេះមិនមែនជាលើកទីមួយទេនៃការទាមទារឲ្យមានការដោះលែងលោក កឹម សុខា ឬទម្លាក់បទចោទលើប្រធានគណបក្សសង្គ្រោះជាតិនេះចោល ប៉ុន្តែរបបក្រុងភ្នំពេញតែងចេញច្រានចោលរាល់ការទាមទារ។
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ នៅថ្ងៃទី១៣ សីហានេះ ជំរុញទៅរបបក្រុងភ្នំពេញរួមគ្នាការពារEBA។ លោក យ៉ែម បុញ្ញឫទ្ធិ សរសេរលើហ្វេសប៊ុក របស់លោករម្លឹករបបក្រុងភ្នំពេញថា ពេលនេះដំណាក់កាលទី១ របស់សហភាពអឺរ៉ុប ដែលមានរយ:ពេល ៦ខែ ថ្ងៃទី១២ កុម្ភ: ដល់ថ្ងៃទី១២ សីហា បានបញ្ចប់ហើយ ក្នុងការស៊ើបអង្កេត ពិនិត្យ ពិភាក្សា ពាក់ព័ន្ធនឹងការអនុគ្រោះពន្ធ EBA ។ លោកថា ការផ្សះផ្សាជាតិដើម្បី ភាពសុខដុមរមនារបស់ជាតិ ដែលនាំឱ្យមានការដោះលែងលោក កឹម សុខា ឱ្យទទួលបានសិទ្ធិសេរីភាពពេញលេញ។
អ្នកនាំពាក្យក្រសួងយុតិ្តធម៌ លោក ជិន ម៉ាលីន លោកឡើងថា ការចោទប្រកាន់ និងការចាប់ខ្លួនលោក កឹម សុខា មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។ លោកបញ្ជាក់ថា តុលាការអនុវត្តទៅតាមនីតិវិធីច្បាប់។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របបក្រុងភ្នំពេញ ត្រូវស្តាប់ និងធ្វើតាមការចង់បានសហគមន៍អន្តរជាតិ និងមជ្ឈដ្ឋាននានា ដែលក្នុងការចង់បានរបស់ពួកគេនោះ ក៏មានការទាមទារឲ្យដោះលែង លោក កឹម សុខា ដែរ។ លោកបន្តថា បើក្រុម លោក ហ៊ុន សែន ពិតជាស្មោះត្រង់នឹងជាតិមែននោះ របបនេះត្រូវចរចាជាមួយសហភាពអឺរ៉ុប ដើម្បីស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ៖ «បើស្តារប្រជាធិបតេយ្យឡើងវិញនោះសម្ពាធនានា នឹងថយ ហើយប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនឹងនៅរក្សាដដែល ហើយគេលើកទឹកចិត្តអាចឲ្យកាន់តែយូរឆ្នាំថែមទៀត»។
សមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា នៅម៉ោងជាង ១២រំលងអធ្រាត្រ ចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំភ្លាមៗ ។លោកត្រូវបានគេដោះលែងឲ្យនៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្តែ យកទៅដាក់ឃុំក្នុងផ្ទះជំនួសវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សំណាញ់ !
…….
ភាពអន្ទោកអន្ទោលស្តីពីការចង់វិលត្រឡប់មកកម្ពុជាវិញ
ពីសំណាក់អ្នកនយោបាយក្បត់ជាតិ សមរង្ស៊ី និងបក្សពួក
បានប្រព្រឹត្តទៅក្នុងជំនឿមួយ សម្រាប់បរិបទដែលមិន
សមហេតុផល។
ជំនឿលង់ប្រកបដោយអំនួត ក្នុងភាពហៃអើពីសំណាក់
សកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ
ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិ
ដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខា
ដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌
តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បីផ្តួលរំលំ
រដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំ
ទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែ
ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិ។ ព្រោះថា
បើសមរង្ស៊ីហ៊ានវិលត្រឡប់មក និងមានមនុស្សម្នារជាច្រើន
ទៅទទួល សម្រាប់សុវត្ថិភាពក្នុងការត្រឡប់មក ដែល
នេះជាការវាយតម្លៃខុស ។
បើយើងចាំមិនភ្លេច កឹមសុខា
ដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយ
សាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុង
ទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមាន
សកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាម
ការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខា
ពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់
កម្លាំងគាំទ្រនៃបក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មាន
កម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹងច្បាស់ថា
កឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បី
គាំទ្រជននេះ មិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួន
ចំពោះមុខច្បាប់ ថាពួកគេ គឺជាជនក្បត់ជាតិដែរនោះទេ ។
វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ី
និងបក្សពួក ក្នុងការវិលត្រឡប់ចូលកម្ពុជាវិញនោះទេ ។
តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការ
ត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោសតាមកំហុសដែលពួកគេបាន
ប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់
សមរង្ស៊ីនិងបក្សពួក ដែលយល់ខុសពីស្ថានភាពបច្ចុប្បន្ន
និងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើក
លែងទោសពីអង្គព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ។
ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិ
ទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិ
សុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕
ចម្រៀងបទ : ស្អែកសន្យា !
I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ។