ដោយ ស្ងួន អមរា
2019-08-14
RFA

សកម្មជនគណបក្សប្រឆាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ២០នាក់ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ប្រមូលផ្ដុំថ្លែងសាររួមគ្នាបង្ហោះតាមហ្វេសប៊ុក ជំរុញរបរក្រុងភ្នំពេញឱ្យស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ រូប៖ ហ្វេសប៊ុក Barang Cambodia
![]()
សកម្មជនគណបក្សប្រឆាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ២០នាក់ នៅរសៀលថ្ងៃទី១៣ សីហា ប្រមូលផ្ដុំថ្លែងសាររួមគ្នាបង្ហោះតាមហ្វេសប៊ុក ដើម្បីជំរុញរបរក្រុងភ្នំពេញឱ្យស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ សកម្មជនទាំងនោះលើកឡើងថា ការថ្លែងសារនេះដោយសារព្រួយបារម្ភខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធ EBA ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេស ធ្វើឱ្យកម្មកររោងចក្របាត់បង់ប្រាក់ចំណូល។ មន្ត្រីសង្គមស៊ីវិលថា ការថ្លែងសារនេះ ជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋដោយស្របច្បាប់។
សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតជាប់ឆ្នោតគណបក្សសង្គ្រោះជាតិលោក ឆាំ សុភាន់ ប្រាប់អាស៊ីសេរីក្រោយពេលបញ្ចប់ការជួបជុំគ្នាថា ថ្វីបើថ្ងៃកំណត់ពិនិត្យវាយតម្លៃការផ្ដាច់ឬមិនផ្ដាច់ពន្ធ EBA របស់សហភាពអឺរ៉ុបបានដល់កាលកំណត់ទៅហើយក្ដីរបបលោក ហ៊ុន សែន នៅតែមិនគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឱ្យបានពេញលេញនៅឡើយទេ។ សកម្មជនបក្សប្រឆាំងរូបនេះ បញ្ជាក់ថា ការរឹងទទឹងបែបនេះ មិនមានការរីកចំរើនដល់សង្គមជាតិនោះទេ ផ្ទុយទៅវិញនាំឱ្យខាតបង់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសធ្វើកម្មកររោងចក្ររាប់សែននាក់ប្រឈមនឹងការបាត់បង់ប្រាប់ចំណូល ដោយសារការផ្ដាច់ពន្ធ EBA។ លោកបន្តថា ពួកគាត់ទាមទារឱ្យរបបក្រុងភ្នំពេញត្រូវតែប្រញាប់ស្ដារប្រជាធិបតេយ្យតាមការស្នើសុំរបស់សហភាពអឺរ៉ុបជាបន្ទាន់ ដោយមិនត្រូវពន្យារពេលបន្តទៅទៀតជាដាច់ខាត៖ «នឹងហើយយើងចេះតែភ័យព្រួយទៅព្រោះយើងជាប្រជាពលរដ្ឋខ្មែរ ជាមនុស្សទន់ខ្សោយ បើលំបាកគឺយើងខ្លួនឯងជាអ្នកលំបាក ដូច្នេះយើងខំតស៊ូមតិដើម្បីរក្សាពន្ធ EBA នេះ ព្រោះអីមើលទៅលោក ហ៊ុន សែន សព្វថ្ងៃគាត់មិនសូវខ្វល់រឿងនេះទេ ហើយគាត់ថា បើបាត់ៗ ក៏បាត់ទៅ បើបាត់ពន្ធនេះមានងាប់តែពលរដ្ឋខ្មែរនឹងឯង គាត់មិនអីទេ ព្រោះគាត់មានលុយច្រើនចាយមិនអស់»។
សកម្មជនគណបក្សប្រឆាំងថ្លែងសារជំរុញដល់របបក្រុងភ្នំពេញនេះ ធ្វើឡើងក្នុងពេលដែលពួកគាត់ហូបនំបាញ់ឆែវជុំគ្នានៅផ្ទះរបស់ ឆាំ សុភាន់ នៅសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី១៣ សីហា។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា របបដឹកនាំសព្វថ្ងៃមានប្រជាធិបតេយ្យគ្រប់គ្រាន់រួចហើយ ដោយមិនបានប្រព្រឹត្តខុសច្បាប់នោះទេ។ ផ្ទុយទៅវិញ គឺក្រុមបក្សប្រឆាំងដែលនៅក្រៅស្រុកទៅវិញទេ ដែលធ្វើឱ្យសហភាពអឺរ៉ុបស្អប់ខ្ពើមចំពោះកម្ពុជានោះ៖ «សុទ្ធតែពួកអ្នកវ៉ៃឆ្នាំបាយរបស់កម្មករ រីឯរដ្ឋាភិបាលខំប្រឹងការពារឆ្នាំងបាយកម្មករ វាជាការពិតមិនបាច់គាត់ថាយ៉ាងម៉េចទេ។អ្នកដែលដុតភ្លើងឱ្យឆេះអ្នកនោះត្រូវចូលរួមពន្លត់ ខាងរដ្ឋាភិបាលបានធ្វើគ្រប់ជ្រុងហើយ ការងាររបស់មហាជនតាំងពីរក្សា ស្វែងរកទីផ្សារបន្ថែម ត្រូវបានយើងកំពុងតែជជែកជាមួយនឹងខាងសហភាពអឺរ៉ុប»។
របបលោក ហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីត្រៀមទប់ទល់នឹងស្ថានភាពបាត់បង់ការអនុគ្រោះពន្ធ EBA។ វិធានការទាំងនោះមានជាអាទិ៍ ការបញ្ចុះថ្លៃអគ្គិសនី កាត់បន្ថយថ្លៃដឹកជញ្ជូន និងលើកដាក់កុងតឺន័រ លុបបំបាត់ស្ថាប័នមួយចំនួននៅកន្លែងនាំចេញ ហើយនៅចុងក្រោយនេះ គឺការលុបចោលថ្ងៃឈប់សម្រាក៦ ថ្ងៃបន្ថែមទៀត។
ទោះជាយ៉ាងណា ថ្មីៗ នេះ ក្រុមអង្គការសង្គមស៊ីវិល និងសហជីពពិនិត្យឃើញថា ស្ថានការណ៍សិទ្ធិមនុស្ស សិទ្ធិការងារ និងប្រជាធិបតេយ្យនៅកម្ពុជា មានការវិវឌ្ឍតិចតួចបំផុត។ ការវិវឌ្ឍនោះ គឺរបបក្រុងភ្នំពេញបានទម្លាក់ចោលបណ្ដឹងមួយចំនួនប្រឆាំងថ្នាក់ដឹកនាំសហជីព និងបានកែប្រែច្បាប់គណបក្សនយោបាយ ដើម្បីបើកផ្លូវឱ្យមន្ត្រីគណបក្សសង្គ្រោះជាតិស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ក៏ប៉ុន្តែ លក្ខខណ្ឌស្តាប្រជាធិបតេយ្យ ដូចជា ការដោះលែងលោក កឹម សុខា ការអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិបើកដំណើរការ ការផ្ដល់អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ដល់មន្ត្រីបក្សប្រឆាំង និងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យឡើងវិញនោះ របបលោក ហ៊ុន សែន មិនបានបង្ហាញចេតនាណាមួយក្នុងការដោះស្រាយឡើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា លើកឡើងថា ការជួបប្រជុំគ្នានេះជាសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ប្រជាពលរដ្ឋ ដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ គឺមិនខុសច្បាប់នោះទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ក៏យល់ស្របទៅនឹងការព្រួយបារម្ភរបស់ពលរដ្ឋនេះដែរ ព្រោះកូនសោសំខាន់ ដើម្បីកុំឱ្យអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA លុះត្រាតែរដ្ឋាភិបាលស្ដារប្រជាធិបតេយ្យឡើងវិញ តាមការស្នើសុំរបស់សហភាពអឺរ៉ុប៖ «អីចឹងគួរតែពិនិត្យមើលឡើងវិញទៅថាអំពើទាំងអស់នឹងកន្លងមកយើងចេះតែអះអាងថា យើងអត់បានខុសអត់បានឆ្គង ហើយគេនៅតែបន្តដាក់សម្ពាធមកលើកម្ពុជាបន្តទៀត អីចឹងដំណោះស្រាយវាអត់ទាន់ចំនូវគោលដៅដែលគេចង់បាននៅឡើយទេ។អីចឹងគួរតែពិនិត្យមើលហើយមានការប្រែឥរិយាបថនឹងខ្ញុំគិតថា វានឹងអាចដោះស្រាយបានហើយ»។
កាលពីថ្ងៃទី១២ សីហា សហភាពអឺរ៉ុបបិទបញ្ចប់នីតិវិធី ៦ខែដំបូងនៃការពិនិត្យ និងវាយតម្លៃស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា មុននឹងឈានទៅដល់ការផ្ដាច់ពន្ធ EBA ជាផ្លូវការនៅពេលខាងមុខ។ សហភាពអឺរ៉ុបបានបញ្ជាក់ប្រាប់របបក្រុងភ្នំពេញម្ដងហើយម្ដងទៀតថា អឺរ៉ុបនឹងមិនផ្លាស់ប្ដូរជំហររបស់ខ្លួននោះទេ ហើយបើរបបនេះចង់បានការអនុគ្រោះពន្ធបន្តទៀត ត្រូវតែស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញឱ្យបានជាដាច់ខាត។
លោក សឹង សែនករុណា យល់ថា នៅពេលអឺរ៉ុបផ្ដាច់ប្រព័ន្ធពន្ធ EBA នឹងធ្វើឱ្យខាតប្រយោជន៍ធំដល់សេដ្ឋកិច្ចជាតិ ជាពិសេសប៉ះពាល់ដល់ពលរដ្ឋធ្វើការក្នុងវិស័យកាត់ដេរ នឹងបាត់បង់ប្រាក់ចំណូលរបស់ពួកគាត់។
មួយរយៈចុងក្រោយនេះ សកម្មជនគណបក្សប្រឆាំងនៅតាមខេត្តមួយចំនួន រួមមានខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តបន្ទាយមានជ័យ តែងតែជួបប្រជុំគ្នាថ្លែងសារបង្ហោះតាមហ្វេសប៊ុក ជំរុញរបបលោកហ៊ុន សែន ឱ្យស្ដារប្រជាធិបតេយ្យឡើងវិញឱ្យបានឆាប់ ដើម្បីរក្សាពន្ធ EBA របស់សហភាពអឺរ៉ុបឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។ សកម្មជនទាំងនោះអះអាងថា ពួកគាត់នឹងជួបប្រជុំគ្នាថ្លែងសារបែបនេះជាបន្តបន្ទាប់ទៀត ក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សំណាញ់ !
…….
ភាពអន្ទោកអន្ទោលស្តីពីការចង់វិលត្រឡប់មកកម្ពុជាវិញ
ពីសំណាក់អ្នកនយោបាយក្បត់ជាតិ សមរង្ស៊ី និងបក្សពួក
បានប្រព្រឹត្តទៅក្នុងជំនឿមួយ សម្រាប់បរិបទដែលមិន
សមហេតុផល។
ជំនឿលង់ប្រកបដោយអំនួត ក្នុងភាពហៃអើពីសំណាក់
សកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ
ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិ
ដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខា
ដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌
តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បីផ្តួលរំលំ
រដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំ
ទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែ
ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិ។ ព្រោះថា
បសមរង្ស៊ីហ៊ានវិលត្រឡប់មក និងមានមនុស្សម្នារជាច្រេីន
ទៅទទួល សម្រាប់សុវត្ថិភាពក្នុងការត្រឡប់មក។
នេះជាការវាយតម្លៃខុស ។ បើយើងចាំមិនភ្លេច កឹមសុខា
ដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយ
សាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុង
ទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមាន
សកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាម
ការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខា
ពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់
កម្លាំងគាំទ្រនៃបក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មាន
កម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹងច្បាស់ថា
កឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បី
គាំទ្រជននេះ មិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួន
ចំពោះមុខច្បាប់ ថាពួកគេ គឺជាជនក្បត់ជាតិដែរនោះទេ ។
វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ី
និងបក្សពួក ក្នុងការវិលត្រឡប់ចូលកម្ពុជាវិញនោះទេ ។
តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការ
ត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោសតាមកំហុសដែលពួកគេបាន
ប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់
សមរង្ស៊ីនិងបក្សពួក ដែលយល់ខុសពីស្ថានភាពបច្ចុប្បន្ន
និងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើក
លែងទោសពីអង្គព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ។
ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិ
ទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិ
សុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕
ចម្រៀងបទ : ស្អែកសន្យា !
I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ។