ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន១៤ រូបកាលពីម្សិលមិញ បានប្រមូលផ្តុំគ្នានៅមុខអាគារសាលាខេត្ត ដាក់ញ្ញត្តិទៅកាន់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ទាមទារឱ្យអាជ្ញាធរចុះរុះរើអាគារកាស៊ីណូចិនខុសច្បាប់នៅកោះរ៉ុងសន្លឹម ឈ្មោះ ជីន ទីង ដើម្បីជៀស វាងការទុកជាគម្រូអាក្រក់ដល់ម្ចាស់សំណង់ដទៃ។
កាលពីខែឧសភា អាជ្ញាធរខេត្តព្រះសីហនុ រួមទាំងក្រុមការងារចម្រុះមានទាំងព្រះរាជអាជ្ញាផង បានចុះទៅបិទកាស៊ីណូនេះ ក្រោយរកឃើញថាសង់ឡើងដោយគ្មានច្បាប់អនុញ្ញាត រំលោភលើដីឆ្នេរ បើកឱ្យលេងល្បែងដោយសំអាងលើច្បាប់ហួសសុពលភាព និងបង្ហូរទឹកកខ្វក់ចូលសមុទ្រ ជាដើម។
សកម្មជនចលនាមាតាធម្មជាតិ លោក ហ៊ុន វណ្ណៈ លើកឡើងថា ការដាក់ញ្ញត្តិនេះ គឺដើម្បីជំរុញការអនុវត្តវិធានការផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាពជៀសវាងការបន្តសាងសង់សំណង់ខុសច្បាប់ និងប្រើប្រាស់សំណង់ទាំងនោះឡើងវិញពីជនអ្នកមានអំណាច។
លោក ហ៊ុន វណ្ណៈ ប្រាប់ វីអូឌី ថា៖«សំខាន់មួយទៀតគឺយើងចង់ឱ្យមានគេហៅថានិតិរដ្ឋពិតប្រាកដ។ មានន័យថាមានច្បាប់ ច្បាប់គឺច្បាប់។ ច្បាប់ត្រូវតែអនុវត្ត មិនមែនប្រកាន់តែលើចំពោះក្រុមណាទេ។ ជាក់ស្តែងយើងឃើញអ្នកម្ចាស់កាស៊ីណូហ្នឹង ជនជាតិចិនក៏ដោយ ឬក៏ម្ចាស់ដើមជនជាតិខ្មែរក៏ដោយសុទ្ធតែអ្នកមានអំណាច។ បាទហើយយើងអត់ទាន់ឃើញចំណាត់ការពិតប្រាកដ។ ចឹងយើងចង់ឱ្យមានចាប់ផ្តើមអនុវត្តច្បាប់ទៅ។ ផ្តល់គំរូដែលគេហៅថាផ្តល់គំរូឱ្យករណីផ្សេងៗទៀត កុំឱ្យមានការបំផ្លាញ មានការល្មើសច្បាប់ចឹងទៀត»។
បើតាមការអះអាងពី លោក ហ៊ុន វណ្ណៈ អាគារកាស៊ីណូ ធីន ទីង ត្រូវបានម្ចាស់ជាជនជាតិខ្មែរដែលលោកពុំអាចស្វែងរកអត្តសញ្ញាណបាននៅឡើយ ជួលទៅឱ្យឈ្មោះ Zhou Jianhua ជាជនជាតិចិន និងជាប្រធានក្រុមហ៊ុន 168Jingding International Entertainment Co., Ltd.។
លោក វណ្ណៈ បន្ថែមថា អាជ្ញាធរបានយកញ្ញត្តិរបស់លោកទៅពិនិត្យ និងសន្យាឆ្លើយតបតាមក្រោយនៅថ្ងៃរសៀលម៉ោង២ ថ្ងៃដដែលហើយ។ សកម្មជនបរិស្ថានរូបនេះ លើកទៀតថា កន្លងមកលោកបានរកឃើញសំណង់ខុសច្បាប់៥ទៀត សង់រំលោភបរិវេណដីឆ្នេរឯករាជ្យ ដោយថែមទាំងមានផលិតជាវីដេអូភស្តុតាងទៀតផង។
អ្នកនាំពាក្យរដ្ឋបាលសាលាខេត្ត ព្រះសីហនុ លោក ឃាង ភារម្យ បដិសេធមិនបំភ្លឺចំពោះការលើកឡើងរបស់ក្រុមយុវជន និងជំរុញឱ្យពួកគេស្វែងរកភស្តុតាងឱ្យបានច្បាស់លាស់ ដាក់មកសាលាខេត្ត។ លោក ថាកន្លងមកខាងអាជ្ញាធរបានសហការជាមួយក្រសួងដែនដី ចុះត្រួតពិនិត្យ និងចាត់វិធានការលើសំណង់ដែលខុសច្បាប់ និងខុសបទដ្ឋានបច្ចេកទេសទូទាំងខេត្តរួចហើយ។
លោក ឃាង ភារម្យ មានប្រសាសន៍ថា៖ «កន្លងមកក្រុមការងារក្រសួងដែនដីមាន២៣ក្រុមកំពុងតែ និងបានធ្វើការងារទាំងអស់ទូទាំងខេត្តហើយ […] ចឹងយើងមិនចាំបាច់បកស្រាយទៅថយក្រោយទេ។ ប៉ុន្តែ បើសកម្មជនមាតាធម្មជាតិលោករកឃើញពីបញ្ហាអស់ហ្នឹង លោកអាចដាក់មកបន្ថែមមក ជាមួយហ្នឹងញ្ញត្តិដែលលោកថាទាមទារហ្នឹង។ លោកអាចដាក់បន្ថែម ហើយរកភស្តុតាងឱ្យច្បាស់លាស់ដើម្បីលោកដាក់មក រដ្ឋបាលខេត្តទទួលស្វាគមន៍គាំទ្រការចូលរួម»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី ឱ្យដឹងថា មួយរយៈចុងក្រោយនេះ លោកស្រីសង្កេតឃើញថា ខាងអាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធ មមាញឹកខ្លាំងក្នុងការជួបប្រជុំ ចាត់វិធានការដោះស្រាយទៅលើសំណង់ខុសច្បាប់នានាក្នុងក្រុងព្រះសីហនុ ប៉ុន្តែលោកស្រីមិនទាន់ឃើញលទ្ធផលគួរឱ្យកត់សម្គាល់នៅឡើយទេ។
លោកស្រី ជៀប សុធារី មានប្រសាសន៍ថា៖ «ពេលខ្លះយើងឃើញតែជារបាយការណ៍ ឃើញតែជាការប្រជុំសម្រេច ប៉ុន្តែអាការអនុវត្តហ្នឹងវាអត់ទាន់ឃើញថាធ្វើអីមួយដែលឱ្យបានសម្រេច។ ដូចខ្ញុំបានជម្រាបជូនចឹងថា សំណង់១៤កន្លែងដែលត្រូវរុះរើហ្នឹង យើងមិនដឹងថាបានរុះរើសម្រេចបានជោគជ័យហើយឬនៅទេ […] ប្រសិនបើជាពួកគាត់បានរុះរើហើយ ប្រហែលជាពួកគាត់ដាក់ជាលទ្ធផលការងារ ពីលទ្ធផលនៃការអនុវត្តផែនការក្នុងការចេញបញ្ជាឱ្យរុះរើហ្នឹង មុខជាគាត់ដាក់ឱ្យសាធារណ ឬប្រជាពលរដ្ឋបានដឹង»។
លោកស្រី សុធារី បន្ថែមថា លោកស្រីទទួលស្គាល់ថា ការចាត់វិធានការលើសំណង់ខុសច្បាប់ និងខុសបច្ចេកទេសធំៗ មានការលំបាក តែយ៉ាងណាខាងអាជ្ញាធរក៏គួរតែអនុវត្តទៅតាមផ្លូវច្បាប់ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ និងដើម្បីធានានូវសុខសុវត្ថិភាពជូនដល់ពលរដ្ឋរស់នៅក្បែរសំណង់ទាំងនោះ។
គិតត្រឹមថ្ងៃទី០២ខែកញ្ញា គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ បានរកឃើញសំណង់ចំនួន១៥ទីតាំងមិនមានគុណភាពដែលអាចបង្ករហានិភ័យដល់អ្នករស់នៅខាងក្នុងនិង ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅជុំវិញនោះ។ អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជាឱ្យម្ចាស់ទីតាំងទាំង១៥ រុះរើចេញជាបន្ទាន់ដោយខ្លួនឯងដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ៕