កម្ពុជា
រូបឯកសារ៖ ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី និងសម្តេចម៉ែនរោត្តមមុនីនាថ សីហនុ ជួបសំណេះសំណាលជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងភរិយាលោក នៅទីក្រុងប៉េកាំង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
01 តុលា 2019
ណឹម សុភ័ក្រ្តបញ្ញា
វីអូអេខ្មែរ
ព្រះរាជសាររបស់ព្រះមហាក្សត្រទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង គឺការបង្ហាញពីសុឆន្ទៈនៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយប្រទេសចិន ក្នុងគោលដៅអភិវឌ្ឍន៍រួមគ្នាមួយ។
ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី បានអបអរសាទរខួបទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយបញ្ជាក់ឡើងវិញពីគោលជំហរយ៉ាងជិតស្និទ្ធជាមួយប្រទេសកុម្មុយនិស្តដ៏ធំប្រចាំតំបន់អាស៊ីមួយនេះ។
ប្រទេសចិនដែលដឹកនាំដោយរបបកុម្មុយនិស្តបែបម៉ៅនិយមត្រូវបានបង្កើតឡើង នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩។
នៅចំខួបកំណើត៧០ឆ្នាំនៃការបង្កើតរដ្ឋកម្មុយនិស្តនៅថ្ងៃអង្គារនេះ ប្រទេសចិនបានរៀបចំពិធីរំលឹកខួបយ៉ាងធំនៅទីលានធានអាន់ម៉េន ដែលនៅទីនេះមានបាតុករជានិស្សិតរាប់រយនាក់ត្រូវបានសម្លាប់នៅឆ្នាំ១៩៨៩។
ក្នុងព្រះរាជសារដែលត្រូវបណ្តាញផ្សព្វផ្សាយទទួលបាននៅថ្ងៃនេះ ព្រះមហាក្សត្រខ្មែរបានទ្រង់ព្រះសំណេរទៅកាន់លោកស៊ី ជិនពីង ប្រធានាធិបតីចិន ដោយសម្តែងនូវ«ការអបអរសាទរយ៉ាងកក់ក្តៅបំផុតនិងដោយអស់ពីដួងចិត្ត» ចំពោះខួបនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននេះ។
ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជឱង្កាសង្កត់ធ្ងន់ថា «ក្នុងរយៈពេល៧០ឆ្នាំនេះ សាធារណរដ្ឋប្រជាមានិតចិនបានរីករាយនឹងសន្តិភាព ស្ថិរភាព ដែលអនុញ្ញាតឲ្យប្រទេសនេះរីកចម្រើនរុងរឿង»។
បន្ថែមពីនោះទៀតព្រះមហាក្សត្របានគូសបញ្ជាក់ពីការបន្តពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិនឲ្យ «កាន់តែស៊ីជម្រៅរវាងថ្នាក់ដឹកនាំនិងប្រជាជនរាប់តំណទៅទៀត»។ ជាមួយគ្នានេះព្រះមហាក្សត្រធានាអះអាងចំពោះប្រធានាធិបតីចិន លោកស៊ី ជិនពីង ថា «ព្រះរាជាណាចក្រកម្ពុជាជានិច្ចកាលនឹងនៅតែកៀកជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយចិនតែមួយ»។
លោកសំបូរ ម៉ាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ ឲ្យដឹងថា កម្ពុជាមានទំនាក់ទំនងជាមួយចិនតាំងពីសតវត្សរ៍ទី០៣ មករហូតមកដល់ពេលបច្ចុប្បន្ន។ ហើយព្រះរាជសាររបស់ព្រះមហាក្សត្រទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង គឺការបង្ហាញពីសុឆន្ទៈនៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយប្រទេសចិន ក្នុងគោលដៅអភិវឌ្ឍន៍រួមគ្នាមួយ។
«អីចឹងអ្វីដែលយើងដឹងថា ព្រះរាជា ព្រះមហាក្សត្រលោកបានចែងនៅក្នុងកំណត់ន័យនេះ ដើម្បីបញ្ជាក់ប្រាប់បែបនេះ គឺក្នុងគោលគំនិតដើម្បីបង្ហាញអំពីសុឆន្ទៈនៃទំនាក់ទំនងរបស់ជាតិយើងជាមួយនឹងមហាអំណាចមួយនេះ ក្នុងគំនិតមួយដើម្បីអភិវឌ្ឍនិងបង្ហាញអំពីលក្ខណៈសម្បត្តិខ្លួនក្នុងតួនាទីជាអ្នកបង្ហាញគំនិត ជាមិត្តសម្រាប់គោលដៅនៃការអភិវឌ្ឍស្មើភាពរវាងប្រទេសកម្ពុជា និងប្រទេសចិនហ្នឹងឯង»។
ជាមួយគ្នានេះក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយសារព័ត៌មានរដ្ឋចិន Xinhua កាលពីខែកញ្ញា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយប្រទេសចិន ព្រមទាំងបានបញ្ជាក់ឡើងវិញពីការគាំទ្រឥតងាករេនៃនយោបាយចិនតែមួយផងដែរ។
លោក ហ៊ុន សែន បានលើកតម្កើងទំនាក់ទំនងល្អជាមួយប្រទេសចិន ដោយចាត់ទុកប្រទេសចិនជាបងប្អូនដ៏ល្អ។ ប៉ុន្តែអ្នកវិភាគយល់ថា ការបង្ហាញឥរិយាបទនេះ អាចជារូបភាពមិនល្អសម្រាប់ទំនាក់ទំនងការទូតបើកចំហ និងស្មើភាពជាមួយបណ្តាប្រទេសលោកសេរី៕
Remember pol-pot killing field’ remember communist party in cambodia’ remember 3 million cambodian people were killed ‘
That is what Cambodia king is all about. The only thing he can do is trying to comfort China while Cambodia facing crisis because there is nothing this king can do to take care Cambodia. It’s all up to Hun Sen otherwise he won’t be king anymore just like every Cambodian. Hun Sen will decide this king future.