កម្ពុជា
01 វិច្ឆិកា 2019
ទុំ ម្លិះ
វីអូអេខ្មែរ

មួយថ្ងៃបន្ទាប់ពីអាជ្ញាធរប្រទះឃើញសាកសពរបស់នាង Amelia Bambridge ភ្ញៀវទេសចរជនជាតិអង់គ្លេស អណ្តែតនៅក្នុងឈូងសមុទ្រថៃក្នុងប្រទេសកម្ពុជាមក លទ្ធផលនៃការធ្វើកោសល្យវិច័យរបស់ក្រុមសមត្ថកិច្ចនិងអ្នកជំនាញបានបញ្ជាក់ថា ស្ត្រីជាភ្ញៀវទេសចររូបនេះ បានស្លាប់ដោយសារការលង់ទឹក។
ភ្នំពេញ —
ការធ្វើកោសល្យវិច័យទៅលើសាកសពរបស់នារីជនជាតិអង់គ្លេស Amelia Bambridge ដែលត្រូវបានសមត្ថកិច្ចរកឃើញនៅលើឈូងសមុទ្រថៃក្នុងប្រទេសកម្ពុជា មួយសប្តាហ៍ក្រោយពីនាងបាត់ខ្លួន បានបញ្ចប់កាលពីរសៀលថ្ងៃសុក្រនេះ ហើយអាជ្ញាធរមានសមត្ថកិច្ចនិងអ្នកជំនាញបានរកឃើញថា នាងបានបាត់បង់ជីវិតដោយសារការលង់ទឹក។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិកាលពីរសៀលថ្ងៃសុក្រនេះបានប្រាប់វីអូអេថា ការធ្វើកោសល្យវិច័យស្វែងរកមូលហេតុនៃការបាត់បង់ជីវិតរបស់នាង Amelia Bambridge នេះ គឺមានការចូលរួមពីភាគីពាក់ព័ន្ធ ដូចជាក្រុមគ្រួសារ អ្នកតំណាងស្ថានទូត និងព្រះរាជអាជ្ញា និងអ្នកជំនាញវេជ្ជសាស្ត្រ។
«លទ្ធផលកោសល្យវិច័យបានរកឃើញថា គាត់ស្លាប់ដោយសារលង់ទឹក បាទ»។
VOA មិនអាចធ្វើការទាក់ទងប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ លោក មួង សុធា ដើម្បីសុំព័ត៌មានក្បោះក្បាយបាននោះទេ រហូតមកដល់ល្ងាចថ្ងៃសុក្រនេះ ហើយលោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បដិសេធផ្តល់ការអធិប្បាយ។
យោងតាមសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី២៤ តុលា ឆ្នាំ២០១៩ នាង Amelia Bambridge អាយុ២១ឆ្នាំ បានបាត់ខ្លួនពីកោះរ៉ុងប្រហែលម៉ោងបីភ្លឺ ពេលចេញពីពិធីជប់លៀងលើឆ្នេរប៉ូលិស។ ក្រុមអាជ្ញាធរខេត្តព្រះសីហនុនិងក្រុមគ្រួសាររបស់នាងបានព្យាយាមស្វែងរកភ្ញៀវទេសចរជនជាតិអង់គ្លេសរូបនេះអស់រយៈពេលជិតមួយសប្តាហ៍ រហូតបានរកឃើញសាកសពមួយដែលអណ្តែតនៅលើឈូងសមុទ្រថៃ ជាង៥០គីឡូម៉ែត្រពីឆ្នេរប៉ូលិសលើកោះរ៉ុង ក្នុងខេត្តព្រះសីហនុ។
យោងតាមសារនៅលើគណនីហ្វេសប៊ុករបស់លោក Harry Bambridge ដែលត្រូវជាបងប្រុស បានបញ្ជាក់ថា សាកសពដែលត្រូវបានគេឃើញនោះ គឺពិតប្អូនស្រីរបស់ខ្លួនមែន ហើយលោកក៏បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង។
ទោះយ៉ាងណា លោក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិបានបន្តថា នីតិវិធីបន្ទាប់ គឺនឹងស្ថិតលើចំណាត់ការរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជានិងក្រុមគ្រួសាររបស់នាង។
ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាបដិសេធផ្តល់ការអធិប្បាយ ហើយបានឲ្យវីអូអេទាក់ទងនាយកដ្ឋានការបរទេសអង់គ្លេស ឬ Foreign and Common Wealth Office ដែលមានទីតាំងនៅចក្រភពអង់គ្លេសជំនួសវិញ។
នាយកដ្ឋានការបរទេសអង់គ្លេស ឬ Foreign and Common Wealth Office បានបង្ហាញការសោកស្តាយចំពោះឧប្បត្តិហេតុមួយនេះ ហើយថាខ្លួននឹងបន្តផ្តល់ការគាំទ្រគ្រប់បែបយ៉ាងចំពោះគ្រួសារនាង Amelia Bambridge។
តាមរយៈសារអេឡិចត្រូនិកមួយមកកាន់វីអូអេខ្មែរ នាយកដ្ឋានការបរទេសអង់គ្លេស បានសរសេរថា៖
«បុគ្គលិករបស់យើងទាំងនៅកម្ពុជានិងចក្រភពអង់គ្លេស កំពុងផ្តល់ជាការណែនាំ ការគាំទ្រផ្នែកអារម្មណ៍ និងបន្តធ្វើការជិតស្និតជាមួយនឹងអាជ្ញាធរកម្ពុជា»។
ទោះយ៉ាងណា លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បាននិយាយប្រាប់វីអូអេតាមទូរស័ព្ទកាលពីរសៀលថ្ងៃសុក្រនេះថា ក្រុមអាជ្ញាធរខេត្តព្រះសីហនុ នឹងរឹតបន្តឹងសន្តិសុខបន្ថែមទៀត ខណៈដែលលោកអំពាវនាវឲ្យភ្ញៀវទេសចរមានការប្រុងប្រយ័ត្ន។
«ព្រោះធម្មតាការពង្រឹងសន្តិសុខរបស់សមត្ថកិច្ចគឺយើងបានពង្រឹងហើយ ប៉ុន្តែបើសិនជាសាម៉ីខ្លួន បុគ្គលទេសចរ ប្រជាពលរដ្ឋយើងអត់មានការថែរក្សាសុវត្ថិភាពប្រុងប្រយ័ត្នដោយខ្លួនឯងបន្ថែមទេ ក៏វាមិនបានល្អដែរ»។
ករណីភ្ញៀវទេសចរបរទេសបាត់ខ្លួនរហូតដល់បាត់បង់ជីវិតនេះ ជាករណីកម្រណាស់ យោងតាមអ្នកនាំពាក្យដដែលរូបនេះ។ ទោះយ៉ាងណា កាលពីខែតុលានេះ នារីទេសចរជនជាតិបារាំងម្នាក់ត្រូវបានបុរសជនជាតិខ្មែរបីនាក់ចាប់រំលោភ នៅក្នុងខេត្តកែប ដែលជាខេត្តក្នុងតំបន់ឆ្នេរសមុទ្រដូចគ្នានឹងខេត្តព្រះសីហនុ៕
please do not believe them they did not have that kind of experience . if this case involving whit their high ragging officers you will never find out the truth about it. hop you can find the real murder that spreading over every where in this poor nation.