អាជ្ញាធរ​អាកាសចរ​ណ៍​ស៊ីវិល​ ហាម​ក្រុមហ៊ុន​យន្តហោះ​ដឹក​លោក សម រង្ស៊ី និង​បក្ខពួក​​ចូល​កម្ពុជា ហើយ​​ព្រមាន​ចោទ​​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ បើ​ហ៊ាន​​ល្មើស​​

ដោយ វ៉ែន សុមេធ
2019-11-01
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង ស្តាប់សំឡេងថតសំឡេង
យន្តហោះ Air France A340 របស់​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពេល​ចាប់​ផ្ដើម​ហោះហើយ​ផ្ទាល់​មក​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១១។

យន្តហោះ Air France A340 របស់​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពេល​ចាប់​ផ្ដើម​ហោះហើយ​ផ្ទាល់​មក​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១១។ RFA


ដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា ហាម​ក្រុមហ៊ុន​យន្តហោះ ដឹក​លោក សម រង្ស៊ី និង​បក្ខ​ពួក ចូល​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា និង​ព្រមាន​ចោទ​ក្រុមហ៊ុន​យន្តហោះ​ថា ចូលរួម​គំនិត​ក្បត់​ជាតិ បើ​ហ៊ាន​​ល្មើស​នឹង​បម្រាម​នេះ។ មេដឹកនាំ​បក្ស​ប្រឆាំង​ហៅ​វិធានការ​នេះ​ថា ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា របប​ក្រុង​ភ្នំពេញ​ខ្លាច​វត្តមាន លោក សម រង្ស៊ី។ អ្នក​វិភាគ​ថា វិធានការ​នេះ ​ជា​ការ​​បំភ័យ​​ ដើម្បី​រារាំង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​គណបក្ស​​សង្គ្រោះ​ជាតិ។

មន្ត្រី​របប​ក្រុង​ភ្នំពេញ អះអាង​ការ​ហាម​យន្តហោះ​ដឹក​លោក សម​ រង្ស៊ី និង​បក្ខ​ពួក មាន​​​សាល​ដីកា​សម្រេច​ទោស​ពី​តុលាការ ដោយសារ​​ជា​កាតព្វកិច្ច​ត្រូវ​​ការពារ​អ្នក​ដំណើរ និង​ស្ថិរភាព សន្តិសុខ​នៅ​ប្រទេស​កម្ពុជា។

បម្រាម​ថ្មី​នេះ ធ្វើ​ផ្ទុយ​ទៅ​នឹង​ការ​សម្រេច​របស់​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ ២០១៧ ដែល​​បញ្ជា​ឱ្យ​លុប​ចោល​បម្រាម​ហាម​មិន​ឲ្យ​យន្តហោះ​ដឹក​លោក សម រង្ស៊ី មក​កម្ពុជា​វិញ។ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ហៅ​​ការ​ព្រមាន​ក្រុមហ៊ុន​យន្តហោះ​នេះ​ថា ជា​ការ​បង្ហាញ​ភាព​ភ័យខ្លាច​វត្តមាន​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចំអក​ថា កន្លង​មក ​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ បាន​ស្រែក​ស្វាគមន៍​លោក សម រង្ស៊ី ចូល​គ្រប់​ផ្លូវ និង​ត្រៀម​ចាប់​ខ្លួន​ជា​និច្ច។ តែ​​ការ​ពិត​មែនទែន​ទៅ​អ្នកស្រី មូរ សុខហួរ យល់​ថា របប​ក្រុង​ភ្នំពេញ ​ខ្លាច​វត្តមាន​លោក សម រង្ស៊ី មិន​ហ៊ាន​ឲ្យ​វិល​ចូល​​ប្រទេស​កម្ពុជា​ឡើយ។ អ្នកស្រី មូរ សុខហួរ ប្រាប់​​ថា លទ្ធភាព​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា គឺ​​មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង និង​ចូល​ទៅ​គ្រប់​ផ្លូវ​ទាំង​អស់ ទាំង​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បង្ហើប​ថា បើ​ទោះ​​លទ្ធភាព ចូល​តាម​ផ្លូវ​គោក​ច្រើន​ តែ​អ្នកស្រី នឹង​នៅ​តែ​​ទិញ​ទាំង​សំបុត្រ​យន្តហោះ​។ អ្នកស្រី​ជំរុញ​ឲ្យ​របប​លោក​ ហ៊ុន សែន ហ៊ាន​ធ្វើ​តាម​ការ​លើក​ឡើង​កន្លង​មក​ គឺ​បើក​គ្រប់​ផ្លូវ​ ឲ្យ​​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង បាន​ចូល​ដល់​​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ហើយ​ធ្វើការ​ចាប់​ខ្លួន៖ «សួរ​ទៅ​លោក ហ៊ុន សែន ហេតុអ្វី​មិន​ចាប់​លោក​ប្រធាន​ទៅក្រែង​ថា មាន​ដីកា ដីកា​លោក​ប្រធាន​ឲ្យ​ចូលយើង​ទាំង​អស់​គ្នា​ចូល​ហ្នឹង គឺ​ដើម្បី​អ្វី?បើ​ថា មាន​ដីកា​ចាប់​ទៅ ខ្លាច​អ្វី​ក៏​ខ្លាច​ម្ល៉េះលោក ហ៊ុន សែន ខ្លាច​ឥទ្ធិពល​នៃ​លោក​ប្រធាន​ស្ដីទី​សម រង្ស៊ី ខ្លាច​នូវ​សំឡេង​ពលរដ្ឋ ដែល​លោក​ប្រធាន សម រង្ស៊ី មាន​ប្រសាសន៍​ហើយ គឺ​យក​អំណាច​ប្រជាពលរដ្ឋ​ ឈាន​ទៅ​រក​ការ​ផ្លាស់​ប្ដូរ​ដោយ​វិជ្ជមាន ដោយ​អហិង្សា​ នៅ​ក្នុង​ប្រទេស​យើង»

មេ​ដឹក​នាំ​បក្ស​ប្រឆាំង ៩នាក់ ដែល​​តុលាការ​របប​ក្រុង​ភ្នំពេញ បង្គាប់​ឲ្យ​ចាប់​ខ្លួន និង​​បាន​ស្នើសុំ​ឲ្យ​ប្រទេស​អាស៊ាន​ជួយ​ចាប់ គឺ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខ​ហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហ៊ូ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល លោក ឡុង រី និង​អ្នក​ស្រី ជូឡុង សូមូរ៉ា។ ​អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ លោក ជា អូន បញ្ជាក់​ថា ​​ឲ្យ​តែ​ជា​អ្នក​ទោស គឺ​យន្តហោះ​ មិន​អាច​ដឹក​ចូល​កម្ពុជា​បាន​ឡើយ។

គិត​ត្រឹម​រាត្រី​ថ្ងៃ​ទី១ វិច្ឆិកា គណបក្ស​ប្រឆាំង​អះអាង​ថា សល់ ៨ថ្ងៃ​ទៀត ដល់​ថ្ងៃ​កំណត់​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ។ ក្រៅពី​​ការ​ទប់​ស្កាត់​លោក សម រង្ស៊ី ចូល​​តាម​ផ្លូវ​អាកាស របប​ក្រុង​ភ្នំពេញ ក៏​បាន​​ពង្រាយ​កង​ទ័ព និង​សព្វាវុធ​គ្រប់​ធុន​ តាម​ព្រំដែន​គោក​ដែរ។

សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក ហេង ច័ន្ទ​រស្មី យល់​ថា បើ​ទោះ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បង្ហាញ​ពី​ការ​ក្ដោបក្ដាប់​កង​ទ័ព​ពេញ​ដៃ​មែន​ តែ​​រដ្ឋាភិបាល​​នៅ​តែ​ខ្លាច​វត្តមាន​លោក សម រង្ស៊ី​ និង​គណបក្ស​ប្រឆាំង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។ លោក​ថា ការ​ហាម​យន្ត​ហោះ និង​ការ​ដាក់​​ពង្រាយ​កងទ័ព​តាម​ព្រំដែន​​ ជា​យុទ្ធសាស្ត្រ​​គំរាម ផ្នែក​​ចិត្តសាស្ត្រ​លើ​គណបក្ស​ប្រឆាំង។ ទោះ​យ៉ាង​ណា​ក្ដី លោក​​ថ្លែង​ថា​យុទ្ធសាស្ត្រ​ទាំង​នេះ ពិបាក​ក្នុង​ការ​ទប់​ទល់​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ក្រុម​មេ​ដឹក​នាំ​ និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ណាស់។ លោក​បន្ត​ថា​ ប្រសិន​បើ​ពលករ និង​ពលរដ្ឋ​ ទៅ​អម​ដំណើរ​មេ​បក្ស​ប្រឆាំង​ចូល​កម្ពុជា ថ្ងៃ​ទី៩ វិច្ឆិកា​មែន កង​កម្លាំង​ប្រដាប់​អាវុធ ពិបាក​នឹង​លើក​ដៃ​បង្ក្រាប​ណាស់ ព្រោះ​នេះ មិន​មែន​ជា​ការ​ធ្វើ​សង្គ្រាម តែ​ជា​ការ​ប្រឈម​មុខ​ជាមួយ​ជាតិ​សាសន៍​ឯង។ អ្នក​វិភាគ​រូប​នេះ​យល់​ថា មាន​តែ​ជម្រើស​ចរចា​នយោបាយ​មួយ​គត់ ជា​ជម្រើស​ល្អ​សម្រាប់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អាជ្ញាធរ​អាកាសចរ​ណ៍​ស៊ីវិល​ ហាម​ក្រុមហ៊ុន​យន្តហោះ​ដឹក​លោក សម រង្ស៊ី និង​បក្ខពួក​​ចូល​កម្ពុជា ហើយ​​ព្រមាន​ចោទ​​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ បើ​ហ៊ាន​​ល្មើស​​"

  1. Anonymous says:

    I guest every one can remembers what our favorite evil leader used to say last month.>> come I’m urgent waiting for you to come by air, land , water .whatever you can my KANCARU court is waiting for you. ..HAS….HAS…HA……….. why right now no one can come at any way to KAMPOUCHEA. the singe is so bad the evil man is going to have his day soon . wait Cambodian you will have every thing back from those evil but please keep his those 3milion $ watch put it museum for young Cambodian to see. GOD bless Cambodia