ដោយ អូន ភាព
2019-11-01
RFA

កម្ពុជាបញ្ជូនជនជាតិចិន ៦នាក់ ក្នុងចំណោម ១៧នាក់ ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បណ្ដេញចេញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។

រូប៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបញ្ជូនជនជាតិចិនចំនួន ១៧នាក់ ទៅប្រទេសដើមវិញក្នុងរយ:ពីរថ្ងៃបន្តបន្ទាប់ ដោយសារអាជ្ញាធរកម្ពុជារកឃើញថា ជនសង្ស័យទាំងនេះបានក្លែងបន្លំឆបោកតាមប្រព័ន្ធទូរគមនាគមន៍។ សង្គមស៊ីវិលចង់ឲ្យជនល្មើសទាំងនេះអនុវត្តន៍ទោសនៅប្រទេសកម្ពុជាជាមុនសិន មុននឹងបញ្ជូនទៅប្រទេសចិនវិញ។
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជូនជនជាតិចិន ៦នាក់ ទៅប្រទេសចិនវិញនៅថ្ងៃទី១ ខែវិច្ឆិកានេះតាមជើងយន្តហោះនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានបញ្ជូនជនជាតិចិនចំនួន ១១នាក់ផងដែរ កាលពីថ្ងៃទី៣១ ខែតុលា ដោយសារជនល្មើសទាំងអស់នេះបានប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍នៅប្រទេសកម្ពុជា។
សេចក្តីប្រកាសនៃការបណ្តេញចេញរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែតុលានេះ បានហាមមិនឲ្យជនជាតិចិនទាំង ១៧នាក់នេះចូលកម្ពុជារយៈពេល ៣ឆ្នាំ ដោយសារជនជាតិចិនទាំងនេះមានជាប់ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំឆបោកតាមប្រព័ន្ធទូរគមនាគមន៍ VOIP។
គេហទំព័រដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ តុលា បានឲ្យដឹងផងដែរថា កិច្ចសហប្រតិបត្តិការនេះ ក៏មានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ក្រសួងសន្តិសុខសាធារណៈ នៃប្រទេសចិន ដើម្បីយកជនល្មើសទាំងនេះទៅអនុវត្តទោសតាមច្បាប់នៅប្រទេសចិន។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក កែវ វាន់ថន បានប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២២ ខែតុលាថា កម្ពុជាបានបញ្ជូនជនជាតិចិនចំនួន ៨៨៩នាក់ក្នុងរយ:ពេល ៩ខែដើមឆ្នាំ២០១៩ នេះ ហើយចំនួននេះបានកើនដល់ ៩០៦នាក់ហើយមកទល់ថ្ងៃនេះ។
លោកបញ្ជាក់ថាជនជាតិចិនដែលបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញនោះ មួយចំនួនមានជាប់ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ចនៅប្រទេសចិន ហើយបានមកលាក់ខ្លួននៅប្រទេសកម្ពុជា និងមួយចំនួនទៀតជាប់ពាក់ព័ន្ធទៅនឹងបទល្មើសល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឹណិតខុសច្បាប់ និងមួយចំនួនទៀតពាក់ព័ន្ធនឹងបទក្លែងបន្លំឆបោកតាមរយ:ទូរគមនាគមន៍ (VOIP)។
ទោះជាយ៉ាងណារបាយការណ៍ពីស្ថានទូតចិន ដែលបានចេញផ្សាយកាលពីថ្ងៃទី១៧ ខែតុលាបានឲ្យដឹងថា ជនជាតិចិនចំនួនជាង ១.០០០នាក់ ត្រូវបានបញ្ជូនទៅប្រទេសចិនវិញក្នុងរយ:ពេល៩ខែដើមឆ្នាំនេះ។
សង្គមស៊ីវិលធ្លាប់បានលើកឡើងថា ជនជាតិចិនដែលបានប្រព្រឹត្តបទល្មើស គួរតែអនុវត្តទោសនៅក្នុងប្រទេសកម្ពុជាជាមុនសិន មុននឹងធ្វើការបញ្ជូនទៅប្រទេសរបស់ខ្លួនវិញ ព្រោះថា ជនល្មើសទាំងនេះ នឹងមិនរាងចាលទេ បើសិនជាអាជ្ញាធរចិន មិនបានអនុវត្តច្បាប់អោយបានតឹងរឹង ចំពោះពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មកររោងចក្រ ហ៊ឹង ជីង ជាង ១០០នាក់ ដាក់វេនគ្នាដេកយាមមុខរោងចក្រ ទាមទារបើកប្រាក់ឈ្នួល និងប្រាក់រំលឹក
- ក្រសួងការងារ មិនទាន់អាចផ្សះផ្សាវិវាទការងាររវាងសហជីព និងក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍
- កម្ពុជាទទួលភ្ញៀវទេសចរណ៍ចិន ១,៧លាននាក់ ក្នុងរយ:ពេល ៨ខែដើមឆ្នាំ២០១៩ នេះ
- ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងសេវាកម្មដឹកអ្នកដំណើរកុំឱ្យឡើងថ្លៃពេលបុណ្យជាតិ
- កម្មករនិយាយថា តម្លៃឡានឈ្នួលនៅតែឡើងថ្លៃ ទោះជាសាលាក្រុងបញ្ចេញរថយន្តសាធារណៈដឹកជញ្ជូនមិនគិតថ្លៃរហូតដល់ថ្ងៃទី៣០ កញ្ញា
- តុលាការខេត្តសៀមរាបបង្គាប់ឱ្យឃុំខ្លួនចិន ៧នាក់ បើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធឹណិត
- តម្លៃផ្ទះជួលឡើងថ្លៃខ្លាំងក្នុងខេត្តព្រះសីហនុខណៈជនជាតិចិនកើនឡើង ធ្វើឲ្យស្ថានភាពសិទ្ធិលំនៅឋានរបស់ពលរដ្ឋក្រីក្រធ្លាក់ចុះ
- មតិពលរដ្ឋ ជុំវិញគម្រោងលុបបឹងតាមោក ២០ហិកតារទៀត ធ្វើជាផ្សារបន្លែផ្លែឈើ និងចំណតរថយន្តឈ្នួល
- ភ្លើងឆេះផ្សារអូរអំបិល ខេត្តបន្ទាយមានជ័យ ខូចខាតទ្រព្យសម្បត្តិប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក
- ក្រសួងព័ត៌មាន ឲ្យបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅថ្ងៃវិសាខបូជា និងមាឃបូជា