ដោយ ខែ សុណង
2019-11-02
RFA

រថយន្តតាក់ ដែលបើកបរដោយជនជាតិចិននៅខេត្តព្រះសីហនុ

រូប៖ ហ្វេសប៊ុក Sopheap Sonavy
មន្រ្តីសង្គមស៊ីវិលខេត្តព្រះសីហនុ និងពលរដ្ឋអ្នកប្រករបររត់តាក់ស៊ីជំរុញទទូចដល់អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ ឱ្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យបណ្ណបើកបរជនជាតិចិន ដែលកំពុងប្រកបរបររត់តាក់ស៊ីនៅក្នុងខេត្តនេះ។ ចំណែក អ្នកនាំពាក្យសាលាខេត្តព្រះសីហនុអះអាងថា សមត្ថកិច្ចកំពុងបំពេញការងារនេះយ៉ាងចិត្តទុកដាក់។
កង្វល់របស់មន្រ្តីសង្គមស៊ីវិលខេត្តព្រះសីហនុ និងពលរដ្ឋអ្នកប្រកបរបររត់តាក់ស៊ីបែបនេះ គឹនៅពេលដែលក្រសួងការងារទើបអនុញ្ញាតកាលពីពេលថ្មីៗ នេះ ឱ្យជនជាតិចិនមានសិទ្ធិជាថ្មី ក្នុងការប្រកបរបររត់តាក់ស៊ី និងមុខរបរតូចតាចមួយចំនួនទៀត។
អ្នករត់តាក់ស៊ីនៅខេត្តព្រះសីហនុម្នាក់ លោក កៅ រតនា ឲ្យអាស៊ីសេរីដឹងថា នៅរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញមានជនជាតិចិនបើកបររថយន្តស្ទើរពេញផ្លូវនៅក្នុងខេត្តព្រះសីហនុ និងវាលយន្តហោះនៅក្នុងខេត្តនេះ។ លោកសង្កេតឃើញថា អ្នកបើកបរជនជាតិចិនហាក់មិនសូវចេះបើកបរនោះទេ៖ «»
អ្នករត់តាក់ស៊ីរូបនេះព្រួយបារម្ភថា ជនជាតិចិនទាំងនោះនឹងបង្កបញ្ហាក្នុងការធ្វើចរាចរណ៍ ឬគ្រោះថ្នាក់ដល់អ្នកបើកបរផ្សេងទៀត។ អ្នករត់តាក់ស៊ីដដែលបារម្ភថា នៅពេលដែលជនជាតិចិនអាចបើកបរឡានតាក់ស៊ីបានបែបនេះ នៅពេលខាងមុខភ្ញៀវទេសចរអាចនឹងឈប់ជិះឡានតាក់ស៊ីរបស់ពលរដ្ឋខ្មែរ ព្រោះលោកសង្កេតឃើញថា ជនជាតិចិនតែងនាំគ្នាគាំទ្រជនជាតិខ្លួន ណាមួយទៀត ក្រុមហ៊ុនឡានតាក់ស៊ីជនជាតិចិន គឺមានបណ្តាញជាមួយក្រុមហ៊ុនទេសចរណ៍របស់ជនជាតិចិនថែមទៀត៖ «»
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី ឲ្យដឹងដែរថា មួយរយៈចុងក្រោយនេះ អ្នកស្រីសង្កេតឃើញក្រុមហ៊ុនឡានតាក់ស៊ីជនជាតិចិនកំពុងបង្ហាញវត្តមានជាថ្មីនៅខេត្តព្រះសីហនុ។ មន្រ្តីសង្គមស៊ីវិលរូបនេះ ជំរុញទៅសមត្ថកិច្ចខេត្តព្រះសីហនុឱ្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យប័ណ្ណបើករបររបស់ជនជាតិចិន ដែលកំពុងប្រកបរបររត់តាក់ស៊ីនៅក្នុងខេត្តនេះ៖ «»
កាលពីថ្ងៃទី២៦ ខែតុលា សារព័ត៌មានក្នុងស្រុកចុះផ្សាយថា ក្រុមហ៊ុនរថយន្តតាក់ស៊ីចិន បានចាប់ដៃគូភាគហ៊ុនជាមួយថៅកែខ្មែរនៅក្នុងខេត្តព្រះសីហនុ ដើម្បីបើកដំណើរការក្រុមហ៊ុនតាក់ស៊ី។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បញ្ជាក់ឲ្យអាស៊ីសេរីដឹងថា ពិតជាមានជនជាតិចិនប្រកបរបររត់តាក់ស៊ីនៅខេត្តព្រះសីហនុប្រាកដមែន ក្រោយពីក្រសួងការងារបានដកបម្រាមរបស់ខ្លួនឡើងវិញ។ អ្នកនាំពាក្យរូបនេះអះអាងទៀតថា អាជ្ញាធរខេត្ត និងសមត្ថកិច្ចតែងគិតគូរជានិច្ច ពីបញ្ហាសុវត្ថិភាពចរាចរណ៍ ហើយសមត្ថកិច្ចតែងតែពង្រឹងការត្រួតពិនិត្យនៅតាមគោលដៅរបស់ខ្លួន៖ «»
កាលពីខែតុលាកន្លងទៅ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈអនុញ្ញាតឱ្យជនបរទេស អាចប្រកបមុខរបររកស៊ីនៅកម្ពុជាឡើងវិញជាធម្មតា បន្ទាប់ពីចេញបម្រាមហាមឃាត់មិនទាន់បានពីរខែផង។ មុខរបរដែលក្រសួងដកចេញពីបម្រាមនោះ រួមមាន អ្នកបើកបរយានជំនិះគ្រប់ប្រភេទជាលក្ខណៈអាជីវកម្ម ការលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ ម៉ាស្សា និងចាប់សរសៃតាមសាធារណៈ កាត់សក់ អ៊ុតសក់ ថែរក្សាសម្ផស្ស សេវាកម្មដេរ និងសម្អាតស្បែកជើង ប៉ះកង់ ជួសជុលយានយន្ត កាត់ដេរ ផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ ផលិតឧបករណ៍ភ្លេងខ្មែរ ផលិតបាត្រលោក ព្រះពុទ្ធរូប ជាងទង និងជាងច្នៃត្បូងពេជ្រជាដើម។ ប៉ុន្តែ សង្គមស៊ីវិល និងសហជីពសម្ដែងការសោកស្ដាយចំពោះការសម្រេចចិត្តរបស់ក្រសួងការងារ ព្រោះពួកគេយល់ថា នេះជាការបើកឱកាសឱ្យជនជាតិបរទេសដណ្ដើមការងារពលរដ្ឋខ្មែរ និងធ្វើឱ្យពលរដ្ឋខ្មែរចំណាកស្រុកទៅក្រៅប្រទេសកាន់តែច្រើន៕
អត្ថបទដែលទាក់ទង
- កម្ពុជាបញ្ជូនជនជាតិចិន ១៧នាក់ទៅប្រទេសដើមវិញ
- កម្មកររោងចក្រ ហ៊ឹង ជីង ជាង ១០០នាក់ ដាក់វេនគ្នាដេកយាមមុខរោងចក្រ ទាមទារបើកប្រាក់ឈ្នួល និងប្រាក់រំលឹក
- ក្រសួងការងារ មិនទាន់អាចផ្សះផ្សាវិវាទការងាររវាងសហជីព និងក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍
- កម្ពុជាទទួលភ្ញៀវទេសចរណ៍ចិន ១,៧លាននាក់ ក្នុងរយ:ពេល ៨ខែដើមឆ្នាំ២០១៩ នេះ
- ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងសេវាកម្មដឹកអ្នកដំណើរកុំឱ្យឡើងថ្លៃពេលបុណ្យជាតិ
- កម្មករនិយាយថា តម្លៃឡានឈ្នួលនៅតែឡើងថ្លៃ ទោះជាសាលាក្រុងបញ្ចេញរថយន្តសាធារណៈដឹកជញ្ជូនមិនគិតថ្លៃរហូតដល់ថ្ងៃទី៣០ កញ្ញា
- តុលាការខេត្តសៀមរាបបង្គាប់ឱ្យឃុំខ្លួនចិន ៧នាក់ បើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធឹណិត
- តម្លៃផ្ទះជួលឡើងថ្លៃខ្លាំងក្នុងខេត្តព្រះសីហនុខណៈជនជាតិចិនកើនឡើង ធ្វើឲ្យស្ថានភាពសិទ្ធិលំនៅឋានរបស់ពលរដ្ឋក្រីក្រធ្លាក់ចុះ
- មតិពលរដ្ឋ ជុំវិញគម្រោងលុបបឹងតាមោក ២០ហិកតារទៀត ធ្វើជាផ្សារបន្លែផ្លែឈើ និងចំណតរថយន្តឈ្នួល
- ភ្លើងឆេះផ្សារអូរអំបិល ខេត្តបន្ទាយមានជ័យ ខូចខាតទ្រព្យសម្បត្តិប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក