ដោយ ហេង រស្មី
2019-11-05
RFA

ក្រុមសន្តិសុខយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិចំនួន ១០នាក់ ដែលរបបក្រុងភ្នំពេញចាប់ខ្លួន នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ រាជធានីភ្នំពេញ។

រូប៖ ហ្វេសប៊ុក
គណបក្សសង្គ្រោះជាតិថ្កោលទោសរបបក្រុងភ្នំពេញឃាត់ខ្លួនមនុស្ស ១១នាក់បន្ថែម
របបក្រុងភ្នំពេញឃាត់ខ្លួនសន្តិសុខយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិចំនួន ១០នាក់ និងសកម្មជនគណបក្សប្រឆាំងម្នាក់ទៀត នៅក្នុងខេត្តកំពង់ស្ពឺ ដោយសង្ស័យថា បានទទួលផែនការពីលោក សម រង្ស៊ី ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្ស និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់អាជ្ញាធររបស់លោក ហ៊ុន សែន។
អាជ្ញាធរក្រុងភ្នំពេញប្រដាប់ដោយអាវុធនៅថ្ងៃទី៥ វិច្ឆិកានេះ បានដាក់កម្លាំងទៅឡោមព័ទ្ធទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលមានទីតាំងនៅក្នុងសង្កាត់ចាក់លើក្រុងភ្នំពេញ។ ការដាក់កម្លាំងនេះ នៅពេលដែលនៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ ដល់ពេលលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិវិលចូលមាតុប្រទេសវិញ។
ស្នងការប៉ូលិសក្រុងភ្នំពេញលោក ស ថេត ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចបានឃាត់ខ្លួនសន្តិសុខយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិចំនួន ១០នាក់ និងបានរឹបអូសយកឯកសារមួយចំនួនទាក់ទងនឹងការទទួលផែនការពីលោក សម រង្ស៊ី។
លោកបញ្ជាក់ថា សមត្ថកិច្ច នឹងយកពួកគេទៅសាកសួរនៅប៉ូលិសប៉ុស្តិ៍ចាក់អង្រែលើមុននឹងសម្រេចបញ្ជូនទៅតុលាការដោយសង្ស័យថា ពាក់ព័ន្ធនឹងផែនការផ្តួលរំលំរដ្ឋាភិបាល៖ «រៀបចំផែនការ ដើម្បីរង់ចាំទទួលក្រុមឧទ្ទាម។ និយាយក្រុមឧទ្ទាមមួយមាត់យើងដឹងហើយថា វាខុសច្បាប់ ហើយគ្មានទាមទារគណបក្សប្រជាធិបតេយ្យអ្វីទេ។ អ្នកឯងរៀបផែនការកៀរគរមនុស្សទៅ គឺខុសច្បាប់ទាំងអស់។ នៅក្នុងនោះ វាមានបញ្ជីឈ្មោះ វាមានរចនាសម្ព័ន្ធប្រមែប្រមូលកម្លាំងទៅកន្លែងណា ក្នុងដៃរបស់សមត្ថកិច្ចអស់ហើយ»។
ក្នុងចំណោមសន្តិសុខ ១០នាក់ ដែលយាមនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងនោះមានលោក ពួក ចន្ដា ប្រធានអង្គរក្សលោក សម រង្ស៊ី ដែលត្រូវជនមិនស្គាល់មុខវាយឱ្យរងរបួសកាលពីថ្ងៃទី២២ ខែកញ្ញាកន្លងទៅម្នាក់ផង។
អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ បានថ្កោលទោស ចំពោះការចាប់ខ្លួននេះ។ លោកស្រីចាត់ទុកការចាប់នេះថា ជាការគំរាមកំហែងបំបាក់ស្មារតីយ៉ាងធ្ងន់ធ្ងរដល់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ៖ «ការទៅព័ទ្ធទីស្នាក់ការគណបក្សសង្គ្រោះជាតិ ចាប់ចង ឃុំខ្លួន និងការចោទប្រកាន់អត់មានអ្វីទាំងអស់នេះ គឺជាការរំលោភសិទ្ធិមនុស្ស ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរពីសំណាក់រដ្ឋាភិបាល»។
អាស៊ីសេរីមិនអាចទាក់ទងសុំសេចក្តីអត្ថាធិប្បាយពីលោក ពួក ចន្ដា ប្រធានអង្គរក្សលោក សម រង្ស៊ីបានទេដោយទូរស័ព្ទរបស់លោកត្រូវបានបិទ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាតមានប្រសាសន៍ថា នេះជារូបភាពបំភិតបំភ័យ និងជាការគំរាមកំហែង ដើម្បីបំបាក់ស្មារតីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមិនឲ្យមកចូលរួមគាំទ្រលោកសម រង្ស៊ី៖ «ខ្ញុំយល់ឃើញថា កាលៈទេសៈនេះសារធារណៈមតិជាតិ និងអន្តរជាតិ ហ្នឹងគេមើលមកថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសយើងហ្នឹង កាន់តែធ្លាក់ចុះទៅហើយ ព្រមទាំងលទ្ធិប្រជាធិបតេយ្យ ក៏ធ្លាក់ចុះដែរចុះទៅទៀត ដែលផ្ទុយពីការស្នើសុំរបស់សហគមន៍អឺរ៉ុប ឬក៏សហរដ្ឋអាមេរិក ទទូចឲ្យស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
ការចាប់ឃាត់ខ្លួនមន្ត្រីសន្តិសុខគណបក្សសង្គ្រោះជាតិ ១០នាក់ នៅទីស្នាក់ការក្រុងភ្នំពេញនេះ បានធ្វើឡើងស្របពេលនឹងសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត ឈ្មោះ ហែម ញូដេលី អាយុ ៥៣ឆ្នាំ ត្រូវរបបក្រុងភ្នំពេញចាប់ខ្លួននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
គិតត្រឹមថ្ងៃទី៥ វិច្ឆិកានេះ មានសកម្មជនគណបក្សសង្គ្រោះជាតិសរុបចំនួន ៧១នាក់ហើយ ត្រូវរបបក្រុងភ្នំពេញចាប់ខ្លួនដាក់ក្នុងមន្ទីរឃុំឃាំង និងចំនួន ១៩៩នាក់ផ្សេងទៀត ត្រូវតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ទាក់ទិននឹងការប្រមូលកម្លាំងមហាជនមកចូលរួមគាំទ្រប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងវិលត្រឡប់ចូលមកកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ។
ក្រុមអ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្សថា ការចាប់ខ្លួនទាំងអស់នោះធ្វើឡើង ដោយគ្មានមូលដ្ឋានច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីបក្សប្រឆាំងយកច្រកប៉ោយប៉ែតជាគោលដៅមួយនៃទីតាំងដទៃទៀតសម្រាប់ធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំ
- បក្សប្រឆាំង និងអ្នកឃ្លាំមើលថ្កោលទោសសភាឯកបក្ស ដែលអនុម័តសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩
- លោក សម រង្ស៊ី សន្យាលើកកម្ពស់ជីវភាពកងកម្លាំងប្រដាប់អាវុធ ក្រោយពីមានការផ្លាស់ប្ដូររបបលោក ហ៊ុន សែន
- ប៉ូលិសខេត្តបន្ទាយមានជ័យបិទប្រកាសតាមចាប់ថ្នាក់ដឹកនាំបក្សប្រឆាំងជាង ២០នាក់តាមផ្លូវជាប់ព្រំដែនថៃ
- ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនប្ដេជ្ញាត្រឡប់ទៅកម្ពុជាវិញជាមួយលោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា ទោះជារបបក្រុងភ្នំពេញដាក់កងកម្លាំងទប់ស្កាត់
- សាច់ញាតិ ទាមទារយុត្តិធម៌សម្រាប់ស្រី្តសកម្មជនគណបក្សប្រឆាំងនៅស្វាយរៀងម្នាក់ ដែលបានស្លាប់ដោយសារប៉ូលិសចាប់បង្ខំទៅសាកសួរ
- អង្គការឃ្លាំមើលកិច្ចការកសិកម្មរកឃើញថា ជម្លោះដីធ្លីធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពស្បៀងរបស់កសិករ
- ខ្មែរនៅអូស្ត្រាលីធ្វើពិធីសាសនាប្រសិទ្ធិពរជ័យដល់ការវិលចូលស្រុករបស់លោក សម រង្ស៊ី ថ្ងៃទី៩ ខែវិច្ឆិកា
- ចលនាសង្គ្រោះជាតិនៅជប៉ុន ធ្វើបាតុកម្មគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ថ្ងៃទី៩ វិច្ឆិកា
- បក្សប្រជាធិបតេយ្យមូលដ្ឋានទាមទារឱ្យរដ្ឋសភាពន្យារពេលផ្តល់សច្ចាប័នលើសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម