ដោយ ហេង រស្មី
2019-11-06
RFA

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន បន្ទាប់ចុះពីលើយន្តហោះនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥។ RFA/Morm Moniroth
អាកាសចរណ៍ស៊ីវិលកម្ពុជាបានព្រមានក្រុមហ៊ុនយន្តហោះចំនួន៤៧ មិនឱ្យដឹកលោក សម រង្ស៊ី និងមន្ត្រីគណបក្សប្រឆាំង ចូលប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។ បើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខជាប់ទោសពីបទឧក្រិដ្ឋ។
កាសែតក្នុងស្រុកបានផ្សព្វផ្សាយថា ការហាមប្រាមនេះបានធ្វើឡើងទាំងយន្តហោះឯកជនទាំងក្នុងស្រុក និងក្រៅស្រុកមិនឱ្យដឹកលោក សម រង្ស៊ី និងមន្ត្រីរបស់លោក ដែលមានឈ្មោះក្នុងដីកាចាប់ខ្លួនជាដាច់ខាត។
អាស៊ីសេរីមិនទាន់អាចទាក់ទង លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីបកស្រាយការហាមឃាត់នេះ បាននៅឡើយទេ កាលពីថ្ងៃទី៥ វិច្ឆិកា។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន នៃអាកាសចរណ៍ស៊ីវិល លោក ជា អូន ប្រាប់អាស៊ីសេរីថា អាកាសចរណ៍ស៊ីវិល បានហាមប្រាមក្រុមហ៊ុនយន្តហោះរួចហើយ។ បើមានក្រុមហ៊ុនណា ឬអ្នកបើកយន្តហោះណា ដែលហ៊ានដឹកលោក សម រង្ស៊ី និងបក្ខពួកដែលមានសាលដីកា ក្រុមហ៊ុននោះ នឹងប្រឈមវិធានការច្បាប់ គឺត្រូវចោទពីបទរួមគំនិតក្បត់។ លោកព្រមានថា បើមានក្រុមហ៊ុនយន្តហោះណាល្មើស គឺមនុស្សនៅក្នុងក្រុមហ៊ុនយន្តហោះទាំងអស់ នឹងត្រូវចោទប្រកាន់។ លោកថា ការដាក់បទបញ្ជានេះ គឺជាច្បាប់ពីថ្នាក់លើ ហើយរដ្ឋលេខាធិការដ្ឋាន មានកាតព្វកិច្ចត្រូវគោរព និងអនុវត្តតាម។
បម្រាមថ្មីនេះ ធ្វើផ្ទុយទៅនឹងការសម្រេចរបស់លោក ហ៊ុន សែន កាលពីឆ្នាំ២០១៧ ដែលបញ្ជាឱ្យលុបចោលបម្រាម ដែលហាមមិនឱ្យយន្តហោះដឹកលោក សម រង្ស៊ី មកកម្ពុជាវិញនោះ។ មេដឹកនាំគណបក្សប្រឆាំង ហៅការព្រមានក្រុមហ៊ុនយន្តហោះនេះថា ជាការបង្ហាញភាពភ័យខ្លាចវត្តមានលោក សម រង្ស៊ី វិលចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋថា ការឈឺចាប់និងភាពអយុត្តិធម៌សង្គម ធ្វើឱ្យពួកគាត់គាំទ្របក្សប្រឆាំង
- មន្ត្រីបក្សប្រឆាំងថា សកម្មជនតាមមូលដ្ឋាននៅតែស្មោះស្ម័គ្រនឹងលោក សម រង្ស៊ី ដដែល
- លោក សម រង្ស៊ី រក្សាជំហរវិលចូលស្រុកទោះបីជារបបភ្នំពេញបង្កើនការចាប់សកម្មជនបក្សប្រឆាំង
- អាជ្ញាធរម៉ាឡេស៊ីមិនចាប់បញ្ជូនសកម្មជនបក្សប្រឆាំងពីររូបទៅកម្ពុជាវិញនោះទេ
- លោក សម រង្ស៊ី ថា លោកនឹងទៅដល់ប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា
- អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឲ្យដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ខណៈមន្ត្រីរដ្ឋាភិបាលបដិសេធ
- អ្នកគាំទ្របក្សប្រឆាំង ដែលមកដល់នៅទីក្រុងបាងកក រៀបចំឡានឲ្យពលករជិះទៅព្រំដែនរួចរាល់ហើយ
- របបក្រុងភ្នំពេញឃាត់ខ្លួនសន្តិសុខយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិ ១០នាក់
- មន្ត្រីបក្សប្រឆាំងយកច្រកប៉ោយប៉ែតជាគោលដៅមួយនៃទីតាំងដទៃទៀតសម្រាប់ធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំ
- បក្សប្រឆាំង និងអ្នកឃ្លាំមើលថ្កោលទោសសភាឯកបក្ស ដែលអនុម័តសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩