នយោបាយ
07 វិច្ឆិកា 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ

លោកស្រី មូរ សុខហួរ បានបញ្ជាក់ប្រាប់ VOA ថា លោក ហោ ណាំបូរ៉ា បានមកប្រាប់លោកស្រីនៅមុនពេលសន្និសីទសារព័ត៌មានថា នឹងមានប៉ូលិសកម្ពុជាមកចាប់ដូច្នេះលោកស្រីមិនត្រូវថ្លែងអ្វីទេ។
វ៉ាស៊ីនតោន —
អ្នកការទូតកម្ពុជាបានខិតខំប្រឹងប្រែងដោយមិនបានជោគជ័យក្នុងការទាមទារឱ្យប្រទេសឥណ្ឌូនេស៊ី ចាប់ខ្លួនលោកស្រី មូរ សុខហួរ មេដឹកនាំមួយរូបនៃគណបក្សប្រឆាំងនិងបានបរាជ័យក្នុងការរារាំងមិនឱ្យលោកស្រីថ្លែងពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ីបានចូលទៅអន្តរាគមន៍ដោយផ្ទាល់ខ្លួនដោយមិនមានការអញ្ជើញដើម្បីបញ្ឈប់សន្និសីទសារព័ត៌មាននៅឯសណ្ឋាគារ JS. Luwansa នៅក្នុងទីក្រុងហ្សាកាតាកាលពីថ្ងៃពុធដែលរៀបចំឡើងសម្រាប់លោកស្រី មូរ សុខហួរ ដោយសារតែលោកចាត់ទុកថាធ្វើឡើងដោយខុសច្បាប់។
លោកស្រី មូរ សុខហួរ បានបញ្ជាក់ប្រាប់ VOA ថា លោក ហោ ណាំបូរ៉ា បានមកប្រាប់លោកស្រីនៅមុនពេលសន្និសីទសារព័ត៌មានថា នឹងមានប៉ូលិសកម្ពុជាមកចាប់ដូច្នេះលោកស្រីមិនត្រូវថ្លែងអ្វីទេ។
លោកស្រី មូរ សុខហួរ បានបន្ថែមថា៖
«អ្វីដែលជាបំណងរបស់ឯកអគ្គរាជទូតពិតប្រាកដគឺគាត់មិនចង់ឱ្យខ្ញុំធ្វើសន្និសីទកាសែតលាតត្រដាងការពិត។ នេះនិយាយឱ្យខ្លី។ នេះគឺជាការបន្ថោកតម្លៃខ្លួនឯងជាតំណាងនៃប្រទេសកម្ពុជា ជាអគ្គរាជទូតមកសំឡុតគេនៅប្រទេសគេជាប្រទេសអ្នកប្រជាធិបតេយ្យ មិនត្រឹមតែសំឡុតខ្ញុំទេ គឺសំឡុតប្រធានអង្គការគេទាំងមូលនៅលើទឹកដីគេហើយដល់គេសួរថារំលោភច្បាប់អីគាត់ឆ្លើយលែងចេញតែម្តង»។
សន្និសីទសារព័ត៌មាននេះធ្វើឡើងនៅមុនដំណើរមាតុភូមិនិវត្តន៍របស់លោកស្រី មូរ សុខហួរ ទៅប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកាខាងមុខ។
វីដេអូដែលផ្សាយតាមសារព័ត៌មាន The Sunday Morning Herald បង្ហាញឱ្យឃើញថា
លោក ហោ ណាំបូរ៉ា បានឈរពាំងមុខតុសន្និសីទដែលមានលោកស្រី មូរ សុខហួរ និងលោក ដាម៉ាវ៉ាន់ ទ្រីវីបូវូ សកម្មជនសិទ្ធិមនុស្សឥណ្ឌូនេស៊ី កំពុងអង្គុយ។ អ្នកការទូតខ្មែររូបនេះក៏បានដើរទៅមកក្នុងបន្ទប់នោះដោយគ្មានអ្នករំខាន។ លោកថែមទាំងបានស្រែកគំហកឱ្យអ្នកសារព័ត៌មានThe Sunday Morning Herald ម្នាក់ឱ្យ«បិទមាត់»នៅពេលដែលអ្នកសារព័ត៌មាននោះព្យាយាមសួរលោក។
នៅក្នុងទំព័រហ្វេសប៊ុក លោកឯកអគ្គរាជទូតរូបនេះបានបង្ហោះសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតខ្មែរប្រចាំទីក្រុងហ្សាកាតា និងរូបថតរបស់លោកឈរកាន់ក្បាលមេក្រូ នៅមុខអង្គសន្និសីទសារព័ត៌មានដែលមានរូបលោកស្រី មូរ សុខហួរ ដោយមានសារអមថា៖ «ហ៊ានចេញមុខការពារកិត្តិយសជាតិគ្រប់ពេលវេលា»។
រីឯនៅក្នុងសេចក្តីប្រកាសព័ត៌មានវិញ ស្ថានទូតកម្ពុជាហាក់សម្តែងការខកចិត្តដែលប្រទេសឥណ្ឌូនេស៊ីមិនបានចាត់វិធានការចាប់ខ្លួនលោកស្រី មូរ សុខហួរតាមការស្នើសុំរបស់កម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបន្ថែមថា៖
«វាជារឿងអកុសលដែលប្រទេសឥណ្ឌូនេស៊ី ដែលជាសមាជិកអាស៊ាន អនុញ្ញាតឱ្យលោកស្រី មូរ សុខហួរ ចូលប្រទេសឥណ្ឌូនេស៊ីបើទោះបីជាមានដីការចាប់ខ្លួនដោយសារតែសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជានៅក្នុងទីក្រុងហ្សាកាតា»។
សេចក្តីប្រកាសព័ត៌មាននោះបានបន្ថែមថា៖
«ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងទីក្រុងហ្សាកាតា សូមស្នើឱ្យអាជ្ញាធរឥណ្ឌូនេស៊ីចាប់ខ្លួនលោកស្រី មូរ សុខហួរ និងនីរទេសទៅប្រទេសកម្ពុជាភ្លាមៗតាមស្មារតីពិតប្រាកដរបស់អាស៊ាន»។
ប្រទេសឥណ្ឌូនេស៊ីគឺជាសមាជិកមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន។ ទន្ទឹមនឹងនេះឥណ្ឌូនេស៊ីក៏ជាអតីតសហប្រធាននៃកិច្ចប្រជុំសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជាផងដែរ ដែលកិច្ចព្រមព្រៀងនេះធានាឱ្យមានការគោរពសិទ្ធិមនុស្សនិងរបបនយោបាយប្រជាធិបតេយ្យពហុបក្ស។ ឥណ្ឌូនេស៊ីធ្លាប់បានដើរតួនាទីសម្របសម្រួលនៅពេលដែលកម្ពុជាមានជម្លោះព្រំដែនជាមួយនឹងប្រទេសថៃកាលពីឆ្នាំ២០០៨និងបានដើរតួនាទីសម្របសម្រួលម្តងទៀតនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០១២ ហើយមិនអាចចេញសេចក្តីថ្លែងការណ៍រួមបានដោយសារតែកម្ពុជាគាំទ្រប្រទេសចិន។
ការអុកឡុករំខានបង្ករឡើងដោយលោក ហោ ណាំបូរ៉ា កើតឡើងមួយថ្ងៃក្រោយពីលោកតវ៉ាមិនបានជោគជ័យជំទាស់នឹងមូលនិធិគូរ៉ាវ៉ាល់ ដែលបានរៀបចំកម្មវិធីពិភាក្សាទទួលលោកស្រីមូរ សុខហួរក្នុងទីក្រុងហ្សាកាតា។ នៅក្នុងលិខិត«បន្ទាន់មួយ» កាលពីថ្ងៃអង្គារផ្ញើទៅលោកដាម៉ាវ៉ាន់ ទ្រីវីបូវូ ប្រធានគណៈគ្រប់គ្រងមូលនិធិគូរ៉ាវ៉ាល់ លោកហោ ណាំបូរ៉ា បានបញ្ជាក់ថាការអញ្ជើញលោកស្រីមូរ សុខហួរទៅចូលរួមកម្មវិធីពិភាក្សាគឺ«មិនសមស្របទេ»ហើយជា«កំហុសដ៏ធំមួយ»។ លោកហោ ណាំបូរ៉ាថែមទាំងចោទមូលនិធិនេះថាផ្សព្វផ្សាយព័ត៌មានក្លែងក្លាយផងដែរដែលអង្គការនេះចោទថាកម្ពុជាគឺជា«របបផ្តាច់ការដឹកនាំដោយបក្សតែមួយ»។
លោក ថេតឌី បាគីឡាត អតីតអ្នកតំណាងរាស្រ្តហ្វីលីពីននិងជាសមាជិកក្រុមប្រឹក្សានៃអ្នកតំណាងរាស្រ្តអាស៊ានដើម្បីសិទ្ធិមនុស្ស បានហៅទង្វើរបស់អ្នកការទូតកម្ពុជារូបនេះថាកំពុងតែនាំចេញទៅក្រៅប្រទេសនូវតាក់តិចគាបសង្កត់និងគ្មានការសណ្តោសប្រណី។
លោកបានបន្ថែមទៀតថា៖
«មេដឹកនាំអាស៊ានគួរតែឈរឱ្យបានរឹងមាំនិងធានាថាពួកគេមិនរំលោភសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋជំនួសមុខឱ្យប្រទេសណាមួយទេ»។
លោក បាគីឡាត បន្ថែមថាអន្តរាគមន៍របស់ស្ថានទូតកម្ពុជាគឺជាការគូសបញ្ជាក់ពីទំហំដ៏ធំដែលអាជ្ញាធរកម្ពុជាមានចេតនាក្នុងការរារាំងការពិភាក្សាណាមួយស្តីពីសិទ្ធិមនុស្សនៅកម្ពុជា។
ស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះបន្ទាប់ពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំ បង្ក្រាបលើបណ្តាញព័ត៌មានឯករាជ្យនិងអង្កការសង្គមស៊ីវិល។
លោកស្រីមូរ សុខហួរនិងថ្នាក់ដឹកនាំ៨នាក់ទៀតនៃគណបក្សសង្គ្រោះជាតិត្រូវអាជ្ញាធរកម្ពុជាតាមរកចាប់ខ្លួនពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។
នៅក្នុងព្រឹត្តិការណ៍ដោយឡែកមួយទៀតគឺរដ្ឋាភិបាលថៃបានប្រកាសមិនអនុញ្ញាតឲ្យ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ឆ្លងកាត់ប្រទេសថៃដើម្បីចូលមកកម្ពុជាទេ។ លោក សម រង្ស៊ី បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិកាំងថា លោកមានការខកចិត្តចំពោះគោលជំហររបស់រដ្ឋាភិបាលថៃហើយថាលោកនឹង «មិនចុះចាញ់នោះទេ» គឺលោក «នឹងព្យាយាមរហូតដល់នាទីចុងក្រោយ»។
លោកសម រង្ស៊ីបន្ថែមថា៖
«ខ្ញុំគិតថា គ្មាននរណាម្នាក់គួរគាំទ្រលោក ហ៊ុន សែន នោះទេ។ លោកគឺជាមេដឹកនាំផ្ដាច់ការ»។
លោក ថេតឌី បាគីឡាត បានហៅការសម្រេចចិត្តរបស់មេដឹកនាំថៃគឺលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ថាជាការ «គួរឱ្យខឹងសម្បារ» និងបានចាត់ទុកថានោះគឺជាចេតនានយោបាយក្នុងការបំបាត់សំឡេងប្រឆាំងនៅកម្ពុជា។
លោក សម រង្ស៊ី គ្រោងនឹងចេញដំណើរពីទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកានេះ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃសុក្រ ដើម្បីត្រៀមចូលទៅកាន់ប្រទេសកម្ពុជាតាមច្រកប៉ោយប៉ែត នៅថ្ងៃសៅរ៍៕
mais c’est la honte su siecle cet ambassadeur ហោ ណាំបូរ៉ា se comporte comme un voyou
INCOMPETENCE OF HOR NAM BORA
HERE’S HIS BIO Living as an exile in Paris, Nambora was studying physics and mathematics but earned no any degree.extrait Wipikedia
One wonders the level of his competence
So funny man’ haha so cheap to go to interfere ms sok huor ‘ haha ‘.what kind of ambassador ???
Don’t be surprised they are all illiterate and behave like a animal
ហាស ! ហាស
ចង់បោក វាទាល់តែយូរបានជឿអ្ហែង !
អត់ទិញសំបុត្រផង ចង់ជិះយន្តហោះ ?
អាចុយម៉្រាយ អាក្បត់ជាតិ សមរង្ស៊ី បែបគឹតថាវា ចេះភាសាបារាំង តែម្នាក់វាដឹង ?
ដឹងថាប៉ូលីសបារាំងនិយាយថាម៉េច ដាក់អាពូជឆ្កែ សមរង្ស៊ីទេ ?
អត់ទិញសំបុត្រ លោកឯងចង់ជិះយន្តហោះ !
លោកឯងចង់បង្ករចលាចលមែនទេ ?
លោកឯងត្រូវចាកចេញពីទីនេះភ្លាម !
ហាស! ហាស
ស្ទីលល្ខោនអត់រោង បោកយកលុយចាយ គឺបែបនេះ !