កម្ពុជា-សិទ្ធិមនុស្ស
18/04/2020 – 07:49
ដោយ៖ អ៊ឹម រចនា
RFI

អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត នៅថ្ងៃទី១៧មេសាម្សិលមិញ បានព្រមានថា ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នរបស់កម្ពុជា អាចបង្កគ្រោះថ្នាក់ដល់សិទ្ធិមនុស្ស។ ការព្រមានដូច្នេះ ធ្វើឡើងក្នុងថ្ងៃតែមួយដែលច្បាប់នេះត្រូវបានអនុម័តដោយព្រឹទ្ធសភាកម្ពុជា ដោយសំឡេងគាំទ្រ៥៤លើ៥៤។ ពីខាងកម្ពុជាឯណេះវិញ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវបានសម្ដែងការសោកស្ដាយចំពោះការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត និងចាត់ទុកការលើកឡើងនេះថាធ្វើឡើងដោយគ្មានមូលដ្ឋាន ហើយមានលក្ខណៈរើសមុខនិងលម្អៀង។
អាយ៉ៃឆ្លើយឆ្លងអំពី ច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន នៅតែបន្តរវាង អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងតំណាងកម្ពុជា បើទោះបីជាច្បាប់នេះបានទទួលការអនុម័តយល់ព្រមយ៉ាងរលូនពីព្រឹទ្ធសភាកម្ពុជាហើយក៏ដោយ។
នៅក្នុងលិខិតចុះថ្ងៃទី១៧មេសា លោកស្រី រ៉ូណា ស្មីត បានសង្កត់ធ្ងន់ថា ច្បាប់ថ្មីរបស់កម្ពុជានេះ រំលោភសិទ្ធិឯកជន រឹតត្បិតការបញ្ចេញមតិដោយសេរី និងដាក់ជាបទព្រហ្មទណ្ឌចំពោះការជួបប្រជុំដោយសន្តិវិធី។ គួរជម្រាបថា នៅក្នុងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន បុគ្គលឬនីតិបុគ្គល់ដែលរារាំងឬបង្កការរំខានដល់ប្រតិបត្តិការរបស់រដ្ឋាភិបាល អាចរងការផាកពិន័យជាប្រាក់ និងការដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ។
លោកស្រី រ៉ូណា ស្មីត យល់ថា ការដាក់ទោសទណ្ឌនិងផាកពិន័យ គួរតែស្របទៅនឹងស្ថានទម្ងន់ទោសដែលបានប្រព្រឹត្ត ដោយពិចារណាទៅលើស្ថានភាពសេដ្ឋកិច្ចរបស់បុគ្គលម្នាក់ៗ។ ហើយបញ្ហានេះ ពាក់ព័ន្ធជាពិសេសដល់អ្នកគ្មានការងារធ្វើ និងមិនអាចរកប្រាក់ចំណូលបានដោយសារតែវិធានការបន្ទាន់នេះ។
បើតាមអ្នករាយការណ៍ពិសេសស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជារូបនេះ ការឆ្លើយតបចំពោះស្ថានភាពអាសន្ន ត្រូវចាំបាច់ដាក់បញ្ហាសិទ្ធិមនុស្សជាចំណុចស្នូល។ និងថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ស្ថានភាពអាសន្ន មិនគួរត្រូវបានយកធ្វើជាលេសឬជាការដោះសារ ចំពោះការបង្ក្រាបក្រុមអ្នកមានមតិប្រឆាំង ឬចំពោះផលប៉ះពាល់មិនសមមាត្រនិងអវិជ្ជមានដល់ក្រុមណាមួយផ្សេងទៀតឡើយ។
ពីខាងកម្ពុជាឯណេះវិញ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវបានសម្ដែងការសោកស្ដាយចំពោះការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត និងចាត់ទុកការលើកឡើងនេះថាធ្វើឡើងដោយគ្មានមូលដ្ឋាន មិនយុត្តិធម៌ ហើយមានលក្ខណៈរើសមុខនិងលម្អៀង។
ជាថ្មីម្ដងទៀត តំណាងកម្ពុជាពន្យល់ថា ច្បាប់ត្រូវចែងអំពីការដាក់ទោសទណ្ឌចំពោះការមិនអនុវត្តតាម ដើម្បីធានាឲ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ការសម្រេចនិងកម្រិតនៃការដាក់ពិន័យ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយពិចារណាទៅលើស្ថានទំងន់ទោស មិនមែនផ្អែកលើស្ថានភាពសេដ្ឋកិច្ចទេ។ មួយវិញទៀត បើតាមស្ថានតំណាងកម្ពុជា ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងស្ថានភាពអាសន្នរបស់កម្ពុជា បើធៀបទៅនឹងច្បាប់នៃបណ្ដាប្រទេសផ្សេងទៀត គឺមានភាពធូរស្រាលជាងពាក់ព័ន្ធនឹងសិទ្ធិអំណាចនិងទោសទណ្ឌ។
តំណាងកម្ពុជាបានស្នើឲ្យអ្នករាយការណ៍ពិសេស ចៀសវាងធ្វើសេចក្ដីថ្លែងការណ៍ជាលក្ខណៈសាធារណៈណាមួយ ដែលមានលក្ខណៈវិនិច្ឆ័យ និងដែលអាចត្រូវបានចាត់ទុកថា ជាសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕