ដោយ ខែ សុណង
2020-04-18
RFA

សកម្មភាពថតការបង្រៀនរបស់គ្រូ សម្រាប់កម្មវិធីសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។

រូប៖ ហ្វេសប៊ុកក្រសួងអប់រំ
ក្រសួងអប់រំ និងក្រសួងព័ត៌មាន រួមគ្នាបង្កើតកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សា តាមប្រព័ន្ធអេឡិចត្រូនិកដែលកម្មវិធីនេះដំណើរការផ្សាយការបង្រៀនតាមអនឡាញនៅលើប្រព័ន្ធអ៊ីនធើណិត និងតាមរយៈប្រព័ន្ធទូរទស្សន៍ ក្នុងពេលកម្ពុជាកំពុងរងការរាតត្បាតជំងឺ covid-19។ ឪពុកម្ដាយសិស្សថា ពួកគេគ្មានសមត្ថភាពនឹងធ្លាប់បណ្ដាញអ៊ិនធើណិត ដើម្បីឲ្យកូនៗ ពួកគេអាចសិក្សាបានទេ ប៉ុន្តែពួកគេមានលទ្ធភាពឲ្យកូនរៀនបានទូរទស្សន៍។
កម្មវិធីសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក គ្រោងបើកផ្លូវការជាលើកដំបូងនា ព្រឹកថ្ងៃទី២០ ខែមេសា តាមអនឡាញនៅលើប្រព័ន្ធអ៊ីនធឺណិត និងតាមរយៈប្រព័ន្ធទូរទស្សន៍ផ្កាយរណបឈ្មោះ តេជោឌីធីវី (DTVK ) នៃក្រសួងព័ត៌មាន។
សេចក្ដីប្រកាសព័ត៌មានក្រសួងអប់រំឲ្យដឹងថា កម្មវិធីនេះ នឹងធ្វើឲ្យសិស្សនៅទីជនបទអាចទទួល បានការអប់រំប្រកបដោយគុណភាពដូចសិស្សនៅទីក្រុងដែរ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជាអាកាប៉េ (AKP) ដែលជាសារព័ត៌មានរបស់រដ្ឋចុះផ្សាយកាលពីថ្ងៃទី១៧ ខែមេសា ឲ្យដឹងថា ក្រសួងអប់រំជាអ្នកផលិតរាល់មុខវិជ្ជាកម្មវិធីបង្រៀន ហើយយកមកចាក់ផ្សាយនៅទូរទស្សន៍ ជាតិកម្ពុជា និងApp ក្រសួងព័ត៌មាន។
កម្មវិធីនេះនឹងផ្ដល់នូវចំណេះដឹងទូទៅ សម្រាប់កុមារតូច រហូតដល់ធំ តាមរយៈការចាក់ផ្សាយ តាមប្រព័ន្ធ អ៊ិនធើណេត Internet ឬApp ក្រសួងព័ត៌មាន និង តាមរយៈប្រព័ន្ធទូរទស្សន៍ផ្កាយរណបតេជោ ឌីធីវី គឺប៉ុស្តិ៍ TVK 2។
ក្រសួងអប់រំឲ្យដឹងថា កម្មវិធីសិក្សានេះនឹងចាប់ផ្ដើមពីម៉ោង ៦ព្រឹក ដល់ ១០យប់ និងមានការចាក់ផ្សាយឡើងវិញ គឺ ២៤ម៉ោង ជារៀងរាល់ថ្ងៃ សម្រាប់សិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ចង់ឃើញក្រសួងយកចិត្តបំផុត គឺសិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ ដោយសារតែពួកគេត្រូវការប្រឡង។ ចំពោះការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក លោក រ៉ុង ឈុន យល់ថា គឺត្រឹមអាចផ្ដល់ផលតិចតួចដល់សិស្សប៉ុណ្ណោះ ខណៈសិស្សភាគច្រើនគ្មានលទ្ធភាពអាចសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក៖ «»
លោក រ៉ុង ឈុន បន្តថា សូម្បីតែការបង្រៀនកន្លងមកនៅក្នុងថ្នាក់រៀន មានគ្រូបង្រៀនជាប្រចាំផង ក៏សិស្សមួយចំនួនមិនបានយកចិត្តទុកដាក់ដែរ។ លោកយល់ថា ដើម្បីដោះស្រាយបញ្ហាសិក្សាក្នុងស្ថានភាពនេះ គឺឪពុកម្ដាយ ឬអាណាព្យាបាលសិស្សប៉ុណ្ណោះ ដែលមានតួនាទីសំខាន់ក្នុងការចែករំលែកចំណេះដឹង និងរំលឹកកូនឲ្យប្រឹងប្រែងរៀនសូត្រ៖ «»
ពលរដ្ឋរស់នៅខេត្តព្រះសីហនុ លោក លោក ស៊ុន សុផាត ឲ្យដឹងថា លោកមានកូនបួននាក់ ដែលកំពុងនៅរៀន។ លោកថា លោកគ្មានលទ្ធភាពទិញទូរស័ព្ទទំនើប ដើម្បីឲ្យកូនរៀនតាមប្រព័ន្ធអ៊ីនធឹណិតឡើយ។ លោកគាំទ្រ ចំពោះកម្មវិធីសិក្សាតាមទូរទស្សន៍។ ប៉ុន្តែមកដល់ពេលនេះលោកមិនទាន់ដឹងថា កម្មវិធីសិក្សាផ្សព្វផ្សាយតាមទូរទស្សន៍នោះនៅប៉ុស្តិ៍ណានោះទេ៖ «»
ក្រសួងអប់រំ និងក្រសួងព័ត៌មាន ក្រសួងរំពឹងថា កម្មវិធីនេះ នឹងលើកកម្ពស់សមភាពការសិក្សា ដល់សិស្សទាំងនៅទីក្រុង និងបណ្ដាខេត្ត ឲ្យទទួលបានការអប់រំប្រកបដោយគុណភាព។ ក្រសួងទាំងពីរអះអាងថា ទោះបីសាលារៀនបើកដំណើរការឡើងវិញក៏ដោយ ក៏ប៉ុស្តិ៍ទូរទស្សន៍មួយនេះ នៅតែបន្តចាក់ផ្សាយ កម្មវិធីអប់រំនេះដដែល។ របាយការណ៍ក្រសួងព័ត៌មានឲ្យដឹងថា បច្ចុប្បន្ននៅកម្ពុជា មានអតិថិជនប្រើប្រាស់ប្រព័ន្ធទូរទស្សន៍ផ្កាយរណប (Satellite) តេជោ DTV ប្រមាណ ៨ សែនគ្រឿង ដែលប៉ាន់ប្រមាណថា មានអ្នកទស្សនាជិត ៣លាននាក់ ក្នុងចំណោមពលរដ្ឋប្រមាណ ១៦លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ទស្សនៈនិងឥរិយាបថពលរដ្ឋក្នុងការចូលរួមចូលឆ្នាំថ្មីសម័យកូរ៉ូណា ឬកូវីដ-19
- ឪពុកម្ដាយខ្លះចាប់ផ្ដើមជួយបង្រៀនកូនៗ នៅផ្ទះ ក្រោយសាលារៀនត្រូវបិទទ្វារគ្មានកាលកំណត់
- ក្រសួងសុខាភិបាលមិនទាន់បង្ហាញលទ្ធផលពីការធ្វើតេស្តជំងឺកូវីដ១៩ មនុស្សជិត ៤០នាក់នៅក្នុងសង្កាត់បឹងកេងកង១
- ពលករខ្មែរមួយចំនួនមិនទាន់ត្រឡប់ទៅប្រទេសថៃវិញព្រោះមិនមានការងារធ្វើ
- ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន
- អ្នកវិភាគថា រដ្ឋាភិបាលអនុវត្តស្តង់ដារពីរលើការរឹតបន្តឹងជនបរទេសចូលកម្ពុជាករណីកូវីដ-១៩
- IMF ព្រមានពីការរំជើបរំជួលសង្គម បើប្រទេសនានាពុំចាត់វិធានការគ្រប់គ្រាន់ទប់ស្កាត់ជំងឺកូវីដ១៩
- ការស្រាវជ្រាវចុងក្រោយបង្ហាញថា អត្រាឆ្លងនៃជំងឺកូវីដ១៩ មានកម្រិតទាបនៅតំបន់សីតុណ្ហភាពក្ដៅ
- ស្ថានភាពពលករនិងពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ ក្នុងអំឡុងវិបត្តិជំងឺរាតត្បាតកូវីដ ១៩
- រដ្ឋាភិបាលបើកបម្រាមឱ្យពលរដ្ឋអាចធ្វើដំណើរឡើងវិញដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍