កូវីដ១៩៖ អាជ្ញាធរនឹងអនុវត្តចត្តាឡីស័កលើកម្មករដែលឈប់ពេលចូលឆ្នាំ ចាប់ពីថ្ងៃច័ន្ទតទៅ

កម្ពុជា សង្គម
19/04/2020 – 08:50
ដោយ៖ វ៉ា សំណព្វ
RFI

Garment Workers Cambodia
Garment Workers Cambodia © RFI

​អាជ្ញាធរខណ្ឌ​ឫស្សីកែវ​ ក្នុងរាជធានី​ភ្នំពេញ ​នៅព្រឹក​ថ្ងៃទី ​១៩​ មេសានេះ ​បាន​ចុះទៅ​បាញ់​ថ្នាំសម្លាប់​មេរោគ​ និង​រៀបចំ​ សាលារៀន​មួយ​ស្ថិត​នៅក្នុង​រាជធានីភ្នំពេញ​ ដើម្បី​ត្រៀមទទួល​ឲ្យកម្មករ​-​កម្មការិនី​ ដែល​វិល​ត្រឡប់​​មកពី​ស្រុកកំណើត​ ធ្វើចត្តាឡីស័ក​ក្នុងរយៈពេល​១៤ថ្ងៃ​។ ​ការអនុវត្ត​ប្រមូលផ្តុំ​កម្មករ​នឹងចាប់ផ្តើម​ពី​ថ្ងៃច័ន្ទ ​​ទី២០​ មេសា​នេះតទៅ​។​ គួរជំរាប​ជូនថា ​អាជ្ញាធររាជធានី​ភ្នំពេញ ​បាននិងកំពុង​ត្រៀមសាលារៀន​ចំនួន​៣៧ ​និង​៦៩៩​បន្ទប់ ​ដើម្បី​ដាក់​កម្មករ​-​កម្មការិនី​ឲ្យ​នៅដាច់ដោយឡែក​ក្នុងរយៈពេល​១៤​ថ្ងៃ ​ដើម្បីការពារ​ការចម្លង​​ជំងឺកូវីដ​-​១៩​។​

ប្រតិបត្តិការ​ខាងលើនេះ ​មានការ​ចូលរួម​ពី​អភិបាល​ខណ្ឌឫស្សីកែវ​ លោក ជា ពិសី​ ព្រមទាំង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​មន្ត្រី​របស់​ក្រសួង​សុខាភិបាល​ផងដែរ ​ដើម្បី​ធ្វើ​អនាម័យ​ និង​បាញ់​សម្លាប់​មេរោគ​នៅ​ក្នុងបរិវេណ​សាលាវិទ្យាល័យ​ឬស្សីកែវ​ រាជធានី​ភ្នំពេញ​។ ​ពួកគេ​ បាន​រៀបចំ​បន្ទប់​សាលារៀន​ចំនួន៨៩​បន្ទប់​ ដើម្បី​ត្រៀមទុក​ទទួល​កម្មករ​-​កម្មការិនី​ ឲ្យ​ធ្វើ​ចត្តាឡីស័យ​រយៈពេល​១៤​ថ្ងៃ ​បន្ទាប់ពី​ពួកគេ​ទើបវិល​ត្រឡប់​មកពី​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​កន្លង​ទៅនេះ។​ បើតាម​អាជ្ញាធរ​ ការ​អនុវត្តន៍​ប្រមូល​ផ្តុំកម្មករ​-​កម្មការិនី​ ឲ្យ​ធ្វើចត្តាឡីស័ក​ នឹង​ចាប់​ផ្តើម​អនុវត្តន៍​ ពី​ថ្ងៃច័ន្ទ ​ទី២០​ មេសា ​នេះតទៅ​។

តាមរបាយការណ៍ ​ខណ្ឌឬស្សីកែវ​ មាន​កម្មករ​-​កម្មការិនី​ ប្រមាណជា​១៣០០នាក់ ​ដែល​នឹង​ត្រូវដាក់​ឲ្យនៅ​ដាច់ដោយ​ឡែក​ក្នុងរយៈពេល​១៤​ថ្ងៃនេះ។

គួរជំរាបជូន​ថា ​សាលាវិទ្យាល័យ​ឬស្សីកែវ ​គឺជា​សាលារៀន​មួយ ​ក្នុងចំណោម​សាលារៀន​ចំនួន​ ៣៧ ​ដែល​អាជ្ញាធររាជធានី​ភ្នំពេញ ​បាន​និងកំពុង​ត្រៀមរៀបចំ​ដើម្បីដាក់​កម្មករ​-​កម្មការិនី ​ប្រមាណជា​១៥៧២៦​នាក់ ​នៃរោងចក្រ​ចំនួន​ ៦៧២​ ឲ្យនៅដាច់ដោយឡែក​ក្នុងរយៈពេល​១៤ថ្ងៃ ​ដើម្បីការពារ​ការចម្លង​ពីជំងឺកូវីដ​-​១៩​ បន្ទាប់ពី​ពួកគេ​ទើប​វិលត្រលប់​មកពី​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​កន្លង​ទៅនេះ​។ ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ​ដែលរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​មិន​ឲ្យកម្មករ​និយោជិត​ឈប់សម្រាក​ឡើយ ​ដើម្បីការពារ​ការចម្លង​មេរោគកូរ៉ូណា ​ឬ ​ជំងឺកូវីដ​១៩​ ទៅក្នុង​សហគមន៍​។

ដោយ​ឡែកយោង​តាមសេចក្តីណែនាំ​របស់​ក្រសួង​ការងារ​ ចុះថ្ងៃទី ​១៧​ មេសា​ បាន​ព្រមាន​ថា ​នឹង​បញ្ឈប់ការងារ​របស់​កម្មករ​-​កម្មការិនី​រូបណា ​ដែលមិន​បាន​អនុវត្តកាតព្វកិច្ច​ចត្តាឡីស័ក​រយៈពេល​១៤​ថ្ងៃ ​ក្រោយពី​ត្រលប់មកពី​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​វិញ​នេះ​។​ ការធ្វើ​ចត្តាឡីស័ក​រយៈពេល​១៤​ថ្ងៃ ​កម្មករ​និយោជិត​ដែល​ឈប់​សម្រាក​ដោយឯកឯង​ នឹង​មិន​ទទួល​បាន​ប្រាក់ឈ្នួល​នៅក្នុងកំឡុង​ពេល​ធ្វើចត្តាឡីស័ក​នេះ​ឡើយ​។​ ចំណែក​ឯកម្មករ​និយោជិត​ ដែល​ឈប់​សម្រាក​ដោយមាន​ការអនុញ្ញាត​ត្រឹមត្រូវ​ និង​ទទួល​បានប្រាក់ឈ្នួល​ចំនួន០៧​ថ្ងៃ ​នៅក្នុង​កំឡុង​ពេលនៃការ​ធ្វើចត្តាឡីស័ក​រយៈពេល​១៤​ថ្ងៃនេះ៕

What Next?

Recent Articles