អ្នកនាំពាក្យថាក្រុមការងារ១១៥មិនអាចបញ្ជូនរថយន្តឱ្យទៅដឹកស្រ្តីម្នាក់នៅបឹងកេងកង១​ព្រោះ​មិន​ចូល​និយមន័យកូវីដ១៩

កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សុខភាព
លោក ណាត សុភាព |១៩ មេសា ២០២០ | ម៉ោង ២:៥៨ ល្ងាច
VOD

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)


អ្នកនាំពាក្យក្រសួងសុខាភិបាលលើកឡើងថាក្រុមការងារកាន់លេខ១១៥ មិនអាច​សម្រួប​សម្រួល​​​បញ្ជូនរថយន្តពេទ្យទៅយកស្ត្រីកម្មករសំណង់ម្នាក់​នៅសង្កាត់បឹង​កេងកង១​កាលពី​យប់ម្សិលមិញ ដោយសារអ្នកជំងឺរូបនោះមិនបាន​ចូលក្នុងនិយមន័យជំងឺកូវីដ១៩។

កាលពីវេលាម៉ោងប្រហែល៧យប់ម្សិលមិញ សារព័ត៌មានមួយចំនួនបាន​ធ្វើការផ្សាយផ្ទាល់​តាម​ទំព័រហ្វេសប៊ុក​ថាស្វាមីស្ត្រីដែលជាកម្មករសំណង់ម្នាក់នៅសង្កាត់បឹងកេងកង១  បានទាក់ទងទៅ​លេខ១១៥របស់ក្រសួងសុខាភិបាល និងលេខរថយន្តពេទ្យសង្គ្រោះបន្ទាន់ ១១៩ ជាច្រើនដង ប៉ុន្តែមិនឃើញក្រុមគ្រូពេទ្យ និងរថយន្តពេទ្យទាំងនោះ មកដឹកភរិយារបស់ខ្លួន​ទៅព្យាបាលនោះ​ទេ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃនេះថា កាល​ពី​យប់​ម្សិលមិញ ស្វាមីរបស់ស្ត្រីកម្មករសំណង់ម្នាក់ពិតជាបានទាក់​ទងមកលេខ​ទូរសព្ទ១១៥​របស់​ក្រសួងមែន ដោយប្រាប់​ថាភរិយាគាត់មានអាការៈក្តីខ្លួនខ្លាំង ហើយស្នើសុំរថយន្តដឹក​ភរិយា​គាត់​ទៅមន្ទីរពេទ្យពិនិត្យសុខភាព។  លោកថាក្រុមការងារដែល​កាន់លេខ១១៥មិន​អាច​សម្រប​សម្រួល​​បញ្ជូនរថយន្តទៅដឹកស្រ្តី​រួបនោះបានទេ ព្រោះក្រោយពីសាកសួរស្វាមីរបស់គាត់​បង្ហាញ​ថា​ស្ត្រីរូបនោះ​មិនចាត់ចូលក្នុងនិយមន័យកូវីដ១៩។

លោកមានប្រសាសន៍ថា៖ «យើងបានសម្ភាសន៍គាត់ហើយ គាត់មិនបានចូលក្នុង​និយម​ន័យកូវីដ​១៩​ទេ។ អញ្ចឹងហើយបានឱ្យគាត់ទៅព្យាបាលធម្មតា តាមធម្មតាទៅ ​ម៉ូតូមានដឹកទៅ ​បើសិន​បញ្ចុះ​កម្តៅ​ទៅអាច​ដឹកទៅព្យាបាលពេទ្យណាក៏បា​នដែរ»

អ្នកនាំពាក្យរូបនោះពន្យល់ថា លេខក្រសួង១១៥ មានតួនាទី ទទួល ពិគ្រោះ និងប្រឹក្សាយោបល់ ចំពោះអ្នកដែលសង្ស័យថាមានជំងឺកូវីដ១៩តែប៉ុណ្ណោះ។ លោកបន្ថែមថា បើអ្នកជំងឺចាត់ចូលក្នុង​និយម​ន័យ​កូវីដ១៩ ទើបក្រុមការងារមានសិទ្ធិសម្របសម្រួលបញ្ជូនមន្ត្រីជំនាញយករថយន្តដឹក​អ្នកជំងឺនោះទៅមន្ទីរពេទ្យបាន។ ដោយឡែក រថយន្តសង្គ្រោះបន្ទាន់លេខ ១១៩ មានសិទ្ធិចុះទៅ​សង្គ្រោះបាន លុះត្រាតែអ្នកជំងឺ ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ បាក់ដៃ បាក់ជើង និងសន្លប់ជាដើម។

លោក វន ស៊ីថា អះអាងថាភរិយាគាត់ឈ្មោះ ញឹម ស្រស់ ដែលជាកម្មករសំណង់នៅម្តុំផ្លូវ៣៥២ សង្កាត់បឹងកេងកង១  រាជធានីភ្នំពេញ មានអាការៈក្តៅខ្លួនខ្លាំង ហើយនៅវេលាម៉ោង៧​យប់គាត់​បានទាក់ទងទៅលេខ១១៥របស់ក្រសួងសុខាភិបាល និងរថយន្តសង្គ្រោះបន្ទាន់លេខ១១៩ មិន​តិច​ជាង១០ដងនោះទេ ប៉ុន្តែបុគ្គលិកពេទ្យទាំងពីរនោះឱ្យរកម៉ូតូ ឬរ៉ឺម៉ក់កង់បីដឹកទៅទៅមន្ទីរ​ពេទ្យដោយ​ខ្លួនឯងទៅវិញ។

ភ្លាមៗនោះ លោកបញ្ជាក់ថា មន្ត្រីខណ្ឌបឹងកេងកង បានយករថយន្តដឹកអ្នកជំងឺទៅមន្ទីរ​ពេទ្យ​កាល់​​ម៉ែត្រដែរ ប៉ុន្តែពេទ្យនៅទីនោះមិនទទួល ដោយឱ្យដឹកទៅព្យាបាលនៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀតវិញ។ ប៉ុន្តែមានគ្រូពេទ្យឯកជនម្នាក់នៅម្តុំផ្សារសំណង់១២ បានឱ្យយក​ទៅព្យាបាល​នៅកន្លែងគាត់ដោយមិនគិតថ្លៃ ទើបគាត់ប្តូរឱ្យអ្នករត់កង់បីដឹកទៅទីនោះវិញ។

ក្រោយពីពិនិត្យ និងស្ទង់កម្តៅប្រហែលជាម៉ោងជាង១១យប់ម្សិលមិញ លោកថា គ្រូពេទ្យបាន​ដាក់សឺរ៉ូម និងឱ្យថ្នាំភរិយាលោកបានធូរស្រាល កម្តៅនៅត្រឹម៣៧អង្សារ និងរលាកបំពង់ក និង​ខ្វះ​​ឈាម ហើយនាព្រឹកថ្ងៃទី១៩ ខែមេសានេះ គាត់បានចេញពីពេទ្យឯកជន​នោះត្រឡប់មក​កន្លែងសំណង់វិញហើយ។

ទោះជាយ៉ាងណា ស្វាមីស្រ្តី​កម្មករសំណង់រូបនោះ បង្ហាញការខកចិត្តនៅពេលពេទ្យមួយចំនួន មិនយកចិត្តទុកដាក់ដល់អ្នកជំងឺ។ លោកអំពាវនាវទៅពេទ្យទាំងអស់​យកចិត្តទុកដាក់លើអ្នក​ជំងឺនៅ​ពេលសាច់ញាតិ ឬអ្នកជំងឺទាក់ទងឱ្យជួយសង្គ្រោះបន្ទាន់ ត្រូវមកភ្លាមៗ ដើម្បីកុំឱ្យប៉ះ​ពាល់​ដល់ជីវិតអ្នកជំងឺផងដែរ។

លោកអំពាវនាវថា៖ «សូមឱ្យខាងពេទ្យនៅពេលមានគេតេទៅ មានធុរៈយប់ព្រលប់អ្វីជួយគ្នាផង បើ​អត់មកជួយគ្នាអញ្ចឹងមានតែគ្រោះថ្នាក់មនុស្សអត់ទៅដល់ពេទ្យមានតែគ្រោះថ្នាក់​ដល់​ជីវិត​»​។​

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ខណៈ​ជំងឺ​​កូវីដ១៩កំពុងរាលដាលនាពេលបច្ចប្បន្ននេះ ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យផ្សេង​ទៀត គួរតែយកចិត្តទុកដាក់លើប្រជាពលរដ្ឋដែលមានជំងឺ ដើម្បីកុំឱ្យរងការរិះគន់ពីប្រព័ន្ធសុខា​ភិបាលនៅកម្ពុជា។

លោកមានប្រសាសន៍ថា៖ «សប្បុរសជនក៏បានចូលរួមចំណែកថវិកាច្រើនដែរជាមួយការបង្ការ​កូវីដ១៩ តាមខ្ញុំដឹងថវិកាប្រហែលជា១៣លានដុល្លារឯណោះ។ នៅពេលដែលមានការសង្ស័យ​ថា មានមេរោគនេះ ត្រូវតែមានការជ្រោមជ្រែងពីក្រុមគ្រូពេទ្យ នៅពេលការឆ្លើយតបនៅតែមាន​មន្ទិលពីប្រជាពលរដ្ឋ ជៀសមិនរួចទេទៅលើការយល់ពីប្រសិទ្ធិភាព [របស់ក្រសួងសុខាភិបាល]»

កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល​បាន​រក​ឃើញ​ស្ត្រីជន​ជាតិ​វៀតណាម និង​បុរស​ជនជាតិ​កាណាដា ស្នាក់នៅ​បន្ទប់​មួយ នៅ​ផ្លូវ​លេខ៣០២ សង្កាត់​បឹងកេងកង១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ​ ថា​ឆ្លង​ជំងឺ​កូ​វីដ១៩។ ក្រោយមកនៅថ្ងៃ១៧ ខែមេសា ក្រសួង​បាន​យក​សំណាក​មនុស្ស​ជាង ៤០នាក់ ​ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​ស្ត្រីជន​ជាតិ​វៀត​ណាម និង​បុរស​ជនជាតិ​កាណាដា​ ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ១៩ នៅក្នុង​ខណ្ឌ​បឹងកេងកង ដោយ​លទ្ធផលគឺ​អវិជ្ជមាន​ទាំងអស់គ្នា៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles