ដោយ ហេង រស្មី
2020-04-18
RFI

ទិដ្ឋភាពជួបជុំពិសាបាយ រាំច្រៀង រវាងមេដឹកនាំរដ្ឋាភិបាល និងកម្មកររោងចក្រ នៅកៀនស្វាយ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។រូបហ្វេសប៊ុកលោក ហ៊ុន សែន
កម្មករខ្លះអះអាងថា ថៅកែរោងចក្រលែងទទួលពួកគាត់ឱ្យចូលធ្វើការវិញ និងបង្ខំឱ្យដាក់ពាក្យលាលែង ក្រោយពេលពួកគាត់ត្រលប់មកពីចូលឆ្នាំ នៅស្រុកកំណើតវិញ។ កម្មករយល់ព្រមឱ្យថៅកែដាក់ពួកគាត់ នៅដាច់ដោយឡែក ១៤ថ្ងៃ ហើយត្រូវឱ្យចូលធ្វើការវិញ បន្ទាប់ពីនោះ។
ក្រុមកម្មករ ដែលរងការបណ្ដេញចេញច្រើននាក់ នៅរោងចក្រប៊ូវឃ័រ (Bowker) ស្រុកអង្គស្នួល ឱ្យដឹងប្រហាក់ប្រហែលគ្នាថា ពួកគាត់មិនសុខចិត្ត នឹងការបង្ខំឱ្យពួកគាត់លាលែងពីការងារទេ ព្រោះពិបាកក្នុងការរកការងារថ្មីធ្វើ និងមិនទទួលបានអត្ថប្រយោជន៍សមរម្យ។
កម្មការិនីម្នាក់ លោកស្រី ឃុំ វ៉ាន់ ឱ្យដឹងថា ផ្នែករដ្ឋបាល បានប្រាប់ឱ្យលោកស្រី ដាក់ពាក្យលាលែងពីការងារ ដោយអះអាងថា លោកស្រី បានរត់ចោលការងារច្រើនថ្ងៃ ក្នុងអំឡុងពេលធ្វើការនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ លោកស្រីបន្តថា ផ្នែករដ្ឋបាលបានប្រាប់ថា បើព្រមដាក់ពាក្យលាលែងខាងរោងចក្រនឹងផ្ដល់លុយឈ្នួលចំនួន១០ថ្ងៃ ដើមខែមេសា ដែលលោកស្រី បានបំពេញការងារឱ្យតែបើមិនព្រមដាក់ពាក្យលាលែងពីការងារទេនឹងមិនបើកប្រាក់ឈ្នួល១០ថ្ងៃ ឱ្យបានទេ និងមិនអនុញ្ញាតឱ្យធ្វើការតទៀតទេ៖ «គេឱ្យយើងដាក់ក្រដាសឈប់ហ្នឹង យើងបានដូចថា អាលុយធ្វើការ១០ថ្ងៃអ៊ីចឹងណា ហើយប្រាក់អ្វីផ្សេងៗតិចតួចទៀត។ សរុបទៅមិនដឹងថា បានប៉ុន្មានដែរហ្នឹង ហើយខ្ញុំគេអត់មាននិយាយរឿង១៤ថ្ងៃពីអ្វីទេ។ គេគ្រាន់តែឱ្យខ្ញុំដាក់ក្រដាសឈប់ អ៊ីចឹងណា ហើយខ្ញុំអត់ព្រមទៅដាក់ទេ។ ប៉ុន្តែគេតេហៅមួយភ្លែតបី បួនដងអ៊ីចឹងទៅ ឱ្យខ្ញុំទៅដាក់ក្រដាសឈប់។ ខ្ញុំថា ខ្ញុំអត់ព្រមដាក់ទេ។ ដល់ពេលអ៊ីចឹងទៅ គេ(រដ្ឋបាល)ថា បើអត់ព្រមដាក់ម្សិលមិញហ្នឹង គឺគេកាត់ឈ្មោះខ្ញុំចោលហើយ គឺអត់បានលុយទេ»។
កម្មការិនីរូបនេះ អះអាងថា លោកស្រីពុំព្រមដាក់ពាក្យលាលែងពីការងារ ដូចកម្មករខ្លះទេ ហើយលោកស្រីនឹងទាមទារ ឱ្យមានដំណោះស្រាយករណីនេះ។ លោកស្រី ឃុំ វ៉ាន់ បន្តថា ការណ៍ដែលមិនព្រមដាក់ពាក្យលាលែងគឺដោយសារលោកស្រីត្រូវបង់បំណុលរាល់ខែ គ្មានប្រាក់រ៉ាប់រងជីវភាពប្រចាំថ្ងៃ និងមិនអាចរកការងារធ្វើនៅរោងចក្រផ្សេងបាន ក្នុងស្ថានភាពដែលគ្រប់រោងចក្រ បង្ហាញសញ្ញាបិទទ្វារជាបន្តបន្ទាប់។
លោកស្រី ឃុំ វ៉ាន់ ប្រាប់ថា លោកស្រី បានសុំច្បាប់ប្រធានក្រុមទៅលេងស្រុកកំណើតហើយកាលពីថ្ងៃទី១០ មេសា គឺមុនពេលមានបម្រាបតឹងរ៉ឹង ហាមកម្មករដាក់ច្បាប់ឈប់ និងបម្រាមបិទផ្លូវឆ្លងខេត្ត។ ក៏ប៉ុន្តែ នៅពេលលោកស្រី ទៅដល់ស្រុកកំណើត ផ្នែករដ្ឋបាលរបស់រោងចក្រ បានទូរស័ព្ទហៅលោកស្រី ត្រលប់មកធ្វើការនៅថ្ងៃចូលឆ្នាំវិញ។ កម្មកររូបនេះ អះអាងថា លោកស្រី មិនអាចរកឡានឈ្នួល និងត្រលប់មករោងចក្រវិញបានទេ ក្នុងកំឡុងថ្ងៃចូលឆ្នាំដោយសារតែមានការបិទផ្លូវមិនឱ្យធ្វើដំណើរឆ្លងកាត់ខេត្ត។
ចំណែកកម្មការិនីរោងចក្រប៊ូវឃ័រម្នាក់ទៀត គឺ លោកស្រី ផាត ភួង ក៏រងការបង្ខំឱ្យឈប់ពីការងារដែរក្រោមហេតុផលថា លោកស្រី រត់ចោលការងារច្រើនថ្ងៃ នៅអំឡុងថ្ងៃធ្វើការបុណ្យចូលឆ្នាំតែលោកស្រី មិនព្រមដាក់ពាក្យលាលែងទេ៖ «ខ្ញុំអត់ទាន់បានប្រាប់ឈ្មោះអ្វីផងបង ព្រោះខ្ញុំអត់ចង់ឈប់ផង។ ខ្ញុំនៅធ្វើការ។ ប៉ុន្តែពេលនេះ គេ(រដ្ឋបាល)ឱ្យខ្ញុំដាក់ក្រដាសឈប់តែខ្ញុំអត់។ ដល់ពេលឥឡូវហ្នឹងលឺថា ខ្ញុំមានច្បាប់២ថ្ងៃ អត់ច្បាប់៤ថ្ងៃ។ គេឱ្យខ្ញុំចុះមកក្រោមវិញ តែអត់ប្រាប់ថា ឱ្យចូលធ្វើការវិញ ថ្ងៃណា អ្វីផង»។
ប្រធានសហជីពកម្មករនៃរោងចក្រដាប់ប៊ែលយូ អ៊ែនឌី (W&D) នៅខណ្ឌមានជ័យ លោក ផាន់ សាមុត ប្រាប់ថា រោងចក្រនេះ មានកម្មការិនីតែម្នាក់គត់ ដែលឈប់សម្រាកថ្ងៃចូលឆ្នាំ ដោយមិនជូនដំណឹង ហើយត្រូវរងវិធានការដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃ។ លោកបញ្ជាក់ថា កម្មការិនីម្នាក់នោះ ជាស្ត្រីមានផ្ទៃពោះ៖ «ពេលដែលគាត់ចូលមកវិញ គេឱ្យគាត់(ស្ត្រីមានគភ៌)ឃុំខ្លួនឯង ១៤ថ្ងៃបង អត់ទាន់ឱ្យចូលធ្វើការទេ។ មិនដឹងថា ឃុំខ្លួននៅផ្ទះ ឬក៏ឃុំខ្លួននៅសាលារៀន។ អ៊ីចឹង ខ្ញុំអត់ទាន់ទទួលបានដំណឹង ខ្ញុំមិនទាន់ទទួលបានព័ត៌មានពិតប្រាកដទេ។ គ្រាន់តែដឹងថា ខាងក្រុមហ៊ុនឱ្យគាត់ឃុំខ្លួនឯង រយៈពេល១៤ថ្ងៃសិន មុនចូលបម្រើការងារវិញ»។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងកាលពីថ្ងៃទី៩ ខែមេសា ថាកម្មករដែលឈប់សម្រាកថ្ងៃចូលឆ្នាំ មិនមកធ្វើការហើយទៅស្រុកកំណើតនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ពេលត្រឡប់មកធ្វើការវិញ ហើយនឹងមិនទទួលបានប្រាក់ឈ្នួលពេលដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃទេ។ នៅថ្ងៃទី១៧ មេសា ក្រសួងព្រមានថា ក្នុងករណីកម្មករមិនគោរពសេចក្ដីណែនាំរបស់ក្រសួងអំពីវិធានការបង្ការជំងឺកូវីដ១៩ (Covid-19) ហើយមិនព្រមនៅដាច់ដោយឡែក១៤ថ្ងៃ រហូតទទួលបានលិខិតបញ្ជាក់សុខភាពពីក្រុមគ្រូពេទ្យទេ ថៅកែរោងចក្រនឹងមិនអនុញ្ញាតឱ្យចូលធ្វើការវិញទេ។
ប៉ុន្តែអ្នកនាំពាក្យរបស់ក្រសួងការងារលោក ហេង សួរ បានបង្ហោះសារលើហ្វេសប៊ុក (facebook) របស់លោកថា កម្មករឈប់សម្រាកពីការងារនៅថ្ងៃចូលឆ្នាំអាចចាត់ទុកថាបានប្រព្រឹត្តកំហុសធ្ងន់ហើយក្រុមហ៊ុនអាចបញ្ឈប់ការងារដោយមិនបាច់ទូទាត់សំណង។
អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ ថាការបង្ខំឱ្យកម្មករលាលែងពីការងារ ឬបញ្ឈប់កម្មករក្នុងស្ថានភាពនេះជាការអនុវត្តខុសច្បាប់។ លោក ថា ការលើកឡើងពីការបញ្ឈប់កម្មករដោយសារតែប្រើច្បាប់ប្រចាំឆ្នាំ ឈប់សម្រាកហើយយកហេតុផលនេះ មកបញ្ឈប់កម្មករវិញគឺមិនយោងតាមទិដ្ឋភាពច្បាប់ឡើយ។ លោក ឃុន ថារ៉ូ ជំរុញឱ្យក្រសួងការងារ ចុះធ្វើអធិការកិច្ចតាមរោងចក្រ ដើម្បីកុំឱ្យមានករណីប្ដូរកិច្ចសន្យាកម្មករ ឬបញ្ឈប់កម្មករ៖ «ក្រសួងការងារហ្នឹងត្រូវអនុវត្តឱ្យបានពេញលេញហើយសហគ្រាសគ្រឹះស្ថានហ្នឹង ក្រុមហ៊ុនហ្នឹង រោងចក្រត្រូវអនុវត្តឱ្យបានពេញលេញអ្វីជាការណែនាំរបស់ក្រសួងហើយនិងវិធានការផ្លូវច្បាប់ ហើយនៅក្នុងចំណុចមួយហ្នឹង ខាងរោងចក្រហ្នឹង មិនបានគោរពនូវច្បាប់ស្ដីពីការងាររួមទាំងវិធានការការអំពាវនាវរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចេញកន្លងមក។ នៅក្នុងកាលៈទេសៈហ្នឹង គឺក្រុមហ៊ុនហ្នឹង មិនអាចយកលេសនៅ ក្នុងការបញ្ឈប់កិច្ចសន្យាការងារ ដោយសារតែគាត់ប្រើប្រាស់នូវការឈប់សម្រាករបស់គាត់ទេ អ៊ីចឹងណា។ រាល់ការឈប់សម្រាកឬក៏ការស្នើសុំណាមួយ ដោយមានការឯកភាព ឬក៏ការអនុញ្ញាត និយោជកហ្នឹង ត្រូវតែសម្រេចធ្វើយ៉ាងណា ឱ្យកម្មករហ្នឹងគាត់អាចឈប់សម្រាកទៅតាមសិទ្ធិដែលគាត់ប្រើប្រាស់រួមទាំងការឈប់សម្រាកប្រចាំឆ្នាំជាដើម»។
អាជ្ញាធររាជធានីភ្នំពេញបានត្រៀមសាលារៀនចំនួន៣៧ ដែលមានជិតប្រាំពីររយ (៦៩៩)បន្ទប់ នៅគ្រប់ខណ្ឌទាំងអស់ ទុកសម្រាប់អនុវត្តវិធានការដាក់កម្មករ កម្មការិនីជាង ១ម៉ឺន ៥ពាន់នាក់ (១៥.៧២៦) មកពីរោងចក្រចំនួន ៦៧២ដែលបានទៅស្រុកក្នុងពេលចូលឆ្នាំ ដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ។ លោក ឃុន ថារ៉ូ ថា មិនទាន់មានសេចក្ដីរាយការណ៍ ថា កម្មករត្រូវបានបញ្ជូនយកទៅដាក់នៅតាមសាលារៀនទាំងនោះឬនៅនៅឡើយទេ។
ក្រុមកម្មកររងការបញ្ឈប់ អះអាងថា ពួកគេ គ្មានប្រាក់ចំណូលបង់ថ្លៃបន្ទប់ជួលស្នាក់នៅបន្តទេ ប្រសិនបើរោងចក្រពន្យារពេលឱ្យពួកគេចូលធ្វើការ ឬបង្ខំឱ្យពួកគេឱ្យលាលែងពីការងារ ក្នុងពេលមិនអាចរកការងារថ្មីធ្វើបាននេះ។ កម្មករថា ជម្រើសចុងក្រោយ បើគ្មានដំណោះស្រាយទេ ពួកគេអាចនឹងតវ៉ា ឬវិលត្រលប់ទៅ ស្រុកកំណើតវិញ ព្រោះអស់លទ្ធភាពស្នាក់នៅបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- រដ្ឋាភិបាលដាក់បម្រាមចេញពីភ្នំពេញ និងឆ្លងស្រុក-ខេត្ត ចាប់ពីពាក់កណ្ដាលយប់នេះតទៅ
- កម្មករគ្រប់វិស័យស្នើសុំរដ្ឋាភិបាលរក្សាការផ្ដល់ប្រាក់ឈ្នួល៦០ភាគរយ ក្នុងកំឡុងពេលព្យួរការងារ
- ក្រុមកម្មករនាំគ្នាចលាចលក្រោយពីក្រសួងការងារប្រកាសលើកពេលឈប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ
- មតិពលរដ្ឋរឿងផលប៉ះពាល់សេដ្ឋកិច្ចបន្ទាប់ពីកូនអត់ការធ្វើនៅប្រទេសថៃដោយសារជំងឺកូវីដ-១៩
- ណាហ្គាវើលដ៍មិនទាន់ប្រកាសបិទផ្លូវការ និងបង្ហាញពីការជូនអត្ថប្រយោជន៍ដល់បុគ្គលិកនៅឡើយ
- ពលករមកពីថៃខ្លះដាក់ខ្លួនឯងដាច់ដោយឡែកនៅឆ្ងាយពីអ្នកផ្ទះ១៤ថ្ងៃ ដើម្បីតាមដានសុខភាព
- ក្រសួងអប់រំ និងក្រសួងព័ត៌មាន រួមគ្នាបង្កើតកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក
- ក្រសួងសុខាភិបាលមិនទាន់បង្ហាញលទ្ធផលពីការធ្វើតេស្តជំងឺកូវីដ១៩ មនុស្សជិត ៤០នាក់នៅក្នុងសង្កាត់បឹងកេងកង១
- ក្រសួងអប់រំបន្តបិទសាលារៀនដោយមិនកំណត់ពេល
- ពលករខ្មែរមួយចំនួនមិនទាន់ត្រឡប់ទៅប្រទេសថៃវិញព្រោះមិនមានការងារធ្វើ
WELL in this case we can say to those employer . the reason is >> during the pandemic this COVID19 is so dangerous . the company have been warning be for new year’s day but they are going any way. that what can happen when they come back the factory are worry about the pandemic this virus can be devastate to all worker . this is the reality I mean I’m not just criticizing without true evident. please be forgive in some case that every one should think that it may lace of knowledge because they came from countryside. GOD bless Cambodia and it’s people