កម្មករ​​ជាង​២០០​នាក់​​នៅ​​រោង​ចក្រ​​ ហ៊ូ​លូ​​ ក្នុង​​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​រក​​អន្ត​រា​គមន៍​​ពី​​ក្រសួង បន្ទាប់​​ថៅ​កែ​​បញ្ឈប់​​ពី​​ការ​ងារ​​

ការងារ | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ៣០ មេសា ២០២០ | ម៉ោង ៤:៣៨ ល្ងាច
VOD

កម្មករ​រោងចក្រ ហ៊ូលូ (HULU Garment Co. Ltd.) នៅ​ភូមិ​ព្រៃ​ទា ១ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នាំ​គ្នា​តវ៉ា​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី២៣ ខែមេសា ឆ្នាំ២០២០ ទាមទារ​ក្រុមហ៊ុន​ឱ្យ​ផ្ដល់​ប្រាក់​បំណាច់​ឆ្នាំ។ (កម្មករ)

កម្មករ​រោងចក្រ ហ៊ូលូ (HULU Garment Co. Ltd.) នៅ​ភូមិ​ព្រៃ​ទា ១ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នាំ​គ្នា​តវ៉ា​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី២៣ ខែមេសា ឆ្នាំ២០២០ ទាមទារ​ក្រុមហ៊ុន​ឱ្យ​ផ្ដល់​ប្រាក់​បំណាច់​ឆ្នាំ។ (កម្មករ)


កម្មករ​មួយចំនួន​បម្រើការ​ងារ​រោងចក្រ ​ហ៊ូ​លូ (HULU Garment Factory​) ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋាភិបាលឱ្យជួយ​ដោះស្រាយ​វិវាទ ក្រោយ​ថៅកែ​រោងចក្រ​នេះ​បញ្ឈប់​ពួក​គេ​ពី​ការងារ។

កាលពី​ថ្ងៃទី២៣ ខែមេសា កម្មករ​ជាង ២០០នាក់ ​បម្រើការ​ងារ​នៅរោងចក្រ ហ៊ូ​លូ បាន​ផ្ទុះ​ការ​តវ៉ា ក្រោយ​ថៅកែ​បញ្ឈប់​ពី​ការងារ​ដោយ​មិនបាន​ដោះស្រាយ​សំណង​តាមច្បាប់​ជូន​ពួក​គេ។ ហើយ​នៅ​ថ្ងៃទី២៨ ខែ​មេសា កម្មករ​ទាំងនោះ​បានដាក់​លិខិត​មួយ​ទៅ​ក្រសួងការងារ ដើម្បី​ស្វែងរក​ដំណោះស្រាយ។

កម្មករ​ផ្នែក​ឃ្លាំង លោក នូន ផា​និច្ច ប្រាប់​វីអូ​ឌី​ថា ដំបូង​ឡើយ​ ថៅកែ​រោងចក្រ​បា​នព្យួ​រការងារ​កម្មករ​មួយ​ខែ​ចាប់តាំងពី​ខែ​មីនា ហើយ​ត្រូវ​ត្រឡប់​ចូល​ធ្វើការងារ​វិញ​នៅ​ថ្ងៃទី១ ខែឧសភា ប៉ុន្តែ​ជិតដល់​ថ្ងៃកំណត់​បញ្ចប់​ការ​ព្យួរ​កិច្ចសន្យា​ការងារ គឺ​ខាង​រដ្ឋបាល​រោងចក្របាន​ទូរសព្ទ​ហៅ​កម្មករ​ម្ដងម្នាក់​ទៅ​ជួប និង​បាន​ក្លែងបន្លំ​លិខិត ហើយ​បង្ខំ​ផ្តិត​មេដៃ​លាឈប់​ពី​ការងារ​ដោយ​មិនបាន​ដោះស្រាយ​សំណង​ជូន​កម្មករ​ត្រឹមត្រូវ​តាមច្បាប់​នោះ​ទេ។

លោក​បន្ថែម​ថា៖ «ខាង​រោងចក្រ​ហៅ​មក​ផ្តិត​មេដៃ​ ហើយ​ក្នុង​ក្រដាសហ្នឹងគេ​ដាក់​ថា ពួក​ខ្ញុំ​បាន​លាឈប់​ពី​ការងារ ប៉ុន្តែ​ ពួក​ខ្ញុំ​អត់​បានដឹង​រឿង​អី​ផង។ ស្មាន​តែ​ហៅ​មក​មាន​ដំណោះស្រាយ​អ្វី​ផ្សេង មិនដឹង​ថា គេ​ក្លែងបន្លំ​ឯកសារ​ផង។ អ្នក​ផ្តិត​មុន​មិនបាន​ គេ​មិនថា ខ្ញុំ​គឺ​ផ្តិត​មេដៃ​អត់​បាន​ពិនិត្យ​ខ្លឹមសារ​ក្នុង​ក្រដាស​ដែល​គេសរ​សេរ​ហ្នឹង​ទេ។ ដឹង​ត្រឹម​ថា ផ្តិត​ទៅ​ គេ​បើ​កលុយ​ៗ»។

ប្រធាន​សហព័ន្ធ​សហជីព​ឯករាជ្យ លោក រី សិទ្ធីណែត ដែល​ជួយ​សម្របសម្រួល និង​យក​លិខិត​ទៅ​ដាក់​នៅ​ក្រសួង​ផ្ទាល់ មានប្រសាសន៍​ថា ថៅកែ​រោងចក្រ​បាន​បន្លំ និង​មាន​ចេតនា​មិនល្អ​នៃ​ការ​លាឈប់​របស់​កម្មករ។

ប្រធាន​សហព័ន្ធ​រូប​នេះ ឱ្យដឹង​ថា ក្នុង​សំណើ​ដាក់​ទៅ​ក្រសួងការងារ​នោះ គឺ​ក្រុម​កម្មករ​សុំ​បដិសេធ​លិខិត​លាឈប់​របស់​ពួក​គាត់ ស្នើ​ឱ្យរោងចក្រ​បញ្ជាក់​ឱ្យបាន​ច្បាស់​ថា រោងចក្រ​បន្តដំណើរ​ការ ឬឈប់​ដំណើរការ និង​ចំ​ណុច​ផ្សេង​ៗទៀត។

លោក​បន្ថែម​ថា៖ «បើ​រោងចក្រ​បន្តការងារ​តទៅទៀត អីចឹង​សុំ​ឱ្យ​រោង​ចក្រ​បញ្ជាក់​ឱ្យបាន​ច្បាស់​ថា ​ត្រូវ​ព្យួ​រការងារ​កម្មករ​ទៀត​ ឬយ៉ាង​ម៉េច ឬក៏​ឱ្យ​ពួក​គាត់​ចូល​ធ្វើការងារ​វិញ​នៅ​ថ្ងៃទី១ ខែ៥នេះ។ ផ្ទុយ​ទៅវិញ ​បើ​រោងចក្រ​អត់​បន្តការងារ​ទៀត​ទេ មានន័យថា​ រោងចក្រ​ហ្នឹង​បិទ។ អីចឹង ​អ្វី​ដែល​រោងចក្រ​បាន​ធ្វើកន្លង​មក​ហ្នឹង​ អត់​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ទេ។ ទោះ​កម្មករ​ធ្វើ​បាន១០ឆ្នាំ ១៥ឆ្នាំ ឬតិច​ជាង​ហ្នឹង​ ត្រូវ​ជូនដំណឹង​មុន​បាន ១៥ថ្ងៃ​ដែរ។ ហើយផ្ទុយទៅវិញ រោងចក្រមានចេតនាបន្លំកម្មករនៃការលាឈប់ហ្នឹង។ អីចឹង​ បើ​រោងចក្រ​បិទ​ ត្រូវ​ទូទាត់​អត្ថ​ប្រយោជន៍​ជូន​ពួក​គាត់ ៣ចំណុច​ទៀត»។

ប្រធាន​សហព័ន្ធ​សហជីព​ឯករាជ្យ លោក រី សិទ្ធីណែត បន្ថែម​ថា កម្មករ​ទាមទារ​អត្ថ​ប្រយោជន៍​៣ចំណុច​បន្ថែម​ទៀត ប្រាក់​អតីតភាព​ការងារ ប្រាក់​ជូនដំណឹង ប្រាក់សំណង​ជំងឺចិត្ត។

វី​អូ​ឌី​មិន​អាចសុំ​ការ​ឆ្លើយតប​ពី​ភាគី​រោងចក្រ​បានទេ​ ពាក់ព័ន្ធ​វិវាទ​ការងារ​មួយ​នេះ។

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី២៩ ខែមេសា ក្រសួងការងារ បាន​កោះហៅ​តំណាង​កម្មករ​រោង​កច្រ​នេះ ឱ្យទៅ​ទី​ស្តី​ការក្រ​សួង​នៅ​ថ្ងៃទី៤ ខែឧសភា​ខាងមុខនេះ ដើម្បី​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ការ​ទាមទារ​លក្ខខណ្ឌ​ចំនួន ២ចំណុច​ជាមួយ​ក្រុមហ៊ុន។

អ្នកនាំពាក្យ​ក្រសួងការងារ លោក ហេង សួរ ធ្លាប់​បញ្ជាក់​ថា កម្មករ​អាច​ប្ដឹង​ទៅ​ក្រសួងការងារ ករណី​ថៅកែ​ណា​ទូទាត់​សំណង​ជូន​កម្មករ​មិន​គ្រប់​ចំនួន។

ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក អាត់ ធន់ ធ្លាប់​បញ្ជាក់​ថា តាមផ្លូវ​ច្បាប់​ នៅពេល​ដែល​រោងចក្រ​ប្រកាស​បិទទ្វារ ឬបញ្ឈប់​ការងារ​កម្មករ​ដោយ​មិនបាន​ជូនដំណឹង​មុន​នោះ គឺ​ថៅកែ​ត្រូវ​ទូទាត់​សំណង​ជូន​កម្មករ​ចំនួន ៥ចំណុច មាន​ប្រាក់ខែ​ចុងក្រោយ ប្រាក់​ជូនដំណឹង ប្រាក់សំណង​ជំងឺចិត្ត ប្រាក់​អតីតភាព​ការងារ និងប្រាក់​ដំណាច់ឆ្នាំ​ដែល​នៅសល់។

បើ​តាម​ពាក្យ​បណ្តឹង​ដាក់​ទៅ​ក្រសួងការងារ​កាលពី​ថ្ងៃទី២៨ ខែមេសា គឺ​មានកម្ម​ករ​ចំនួន ២២៤នាក់ បាន​ទាមទារ​ឱ្យក្រុមហ៊ុន​ទូទាត់ប្រាក់​ឈ្នួល និង​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​ពួក​គេ​តាមផ្លូវច្បាប់ ប្រសិនបើ​រោងចក្រ​បិទទ្វារ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles