ដោយ សេក បណ្ឌិត
2020-04-30
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេងជួរមុខ) ចូលរួមប្រជុំអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

រូបពីហ្វេសប៊ុកលោក ហ៊ុន សែន
សេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នដែលរបបលោក ហ៊ុន សែន ធ្វើឡើងដោយប្រញាប់ប្រញាល់ អំឡុងវិបត្តិជំងឺកូវីដ-១៩ នេះ បានក្លាយជាច្បាប់ពេញលេញហើយ កាលថ្ងៃទី២៩ មេសា ម្សិលមិញ ប៉ុន្តែដើម្បីឱ្យអនុវត្តច្បាប់នេះបាន គឺចាំបាច់ទាល់តែព្រះមហាក្សត្រប្រកាសដាក់ប្រទេសក្នុងភាពអាសន្នជាមុនសិន។
ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ន មិនទាន់អាចយកមកអនុវត្តបាននៅឡើយទេ ពីព្រោះព្រះមហាក្សត្រដែលកំពុងគង់នៅប្រទេសចិន មិនទាន់បានប្រទានដំណឹងអំពីការដាក់ប្រទេសក្នុងភាពអាសន្ននៅឡើយ គិតត្រឹមថ្ងៃទី៣០ មេសា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់អាស៊ីសេរីថា លោកមិនដឹងថា តើច្បាប់នេះនឹងត្រូវយកមកប្រើក្នុងពេលវិបត្តិជំងឺកូវីដ-១៩ ដែរ ឬក៏យ៉ាងណានោះទេ ពីព្រោះវាអាស្រ័យលើការសម្រេចរួមគ្នារបស់ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី៖ «យើងមិនអាចដឹងបានទេ ក៏ប៉ុន្តែបើឥស្សរជនទាំង៣ រូបហ្នឹង សម្រេចថា កាលៈទេសៈហ្នឹងគ្រោះថ្នាក់ ចាំបាច់ត្រូវប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន គឺក៏ធ្វើឡើងដើម្បីការពារផលប្រយោជន៍ និងអាយុជីវិតរបស់ប្រទេសជាតិដែរ»។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសហើយថា មានភាគរយតិចបំផុតដែលច្បាប់នេះនឹងត្រូវយកមកប្រើក្នុងវិបត្តិជំងឺកូវីដ-១៩។ តែលោកថា បើសភាពការណ៍ស្រុកទេសគ្រប់គ្រងលែងបាននៅពេលណាមួយនោះ លោកនឹងប្រើច្បាប់នេះ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) សំដែងក្តីបារម្ភថា ច្បាប់ថ្មីនេះនឹងក្លាយជាគ្រោះមហន្តរាយសម្រាប់វិស័យសិទ្ធិមនុស្សនៅកម្ពុជា ព្រោះសិទ្ធិពលរដ្ឋ និងសិទ្ធនយោបាយរបស់ប្រជាពលរដ្ឋខ្មែរនឹងត្រូវបានដកហូត។ លោកថ្លែងទៀតថា ច្បាប់នេះនឹងបើកដៃឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន គាបសង្កត់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ មានដូចជា ការបញ្ចេញមតិ ការជួបប្រជុំ និងការប្រមូលផ្តុំជាដើម។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បកស្រាយថា ការកម្រិតសិទ្ធិសេរីភាពនេះ មានគោលដៅធានានូវសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋប៉ុណ្ណោះ៖ «ខ្ញុំមិនមានអ្វីឆ្លើយតបទេ ពីព្រោះអ្នកណាក៏គេដឹងដែរពីជំហរនយោបាយរបស់ Human Rights Watch នេះ ក៏ប៉ុន្តែសុំ Human Rights Watch ឆ្លើយបញ្ជាក់មកវិញថា តើប្រទេសប្រជាធិបតេយ្យជឿនលឿនណាដែលមិនមានច្បាប់គ្រប់គ្រងប្រទេសគេក្នុងគ្រាអាសន្ន? ហើយច្បាប់ទាំងនោះ តើច្បាប់មួយណាដែលមិនមានការកំហិតនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើម្បីជាប្រយោជន៍រួម ប្រយោជន៍សាធារណៈក្នុងស្ថានភាពនៃគ្រាអាសន្នបែបនេះ?»។
អង្គការ Human Rights Watch ទទួលស្គាល់ នៅក្នុងបរិបទនៃការគំរាមកំហែងសុខភាពសាធារណៈធ្ងន់ធ្ងរ និងគ្រោះអាសន្នសាធារណៈប៉ះពាល់ដល់អាយុជីវិតជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិអនុញ្ញាតឱ្យមានការរឹតត្បិតខ្លះមែន ក៏ប៉ុន្តែករណីនោះទាល់តែចាំបាច់បំផុត និងស្របតាមមូលដ្ឋានច្បាប់។ ជាពិសេស ការដាក់ចេញវិធានការនោះ ត្រូវតែមានភស្តុតាងជាលក្ខណៈវិទ្យាសាស្ត្រ ហើយមិនអាចធ្វើតាមទំនើងចិត្ត ឬរើសអើងនោះទេ។ ការរឹតត្បិតនោះទៀតសោត ត្រូវតែកំណត់ពេលវេលាជាក់លាក់ គោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស មានការត្រួតពិនិត្យត្រឹមត្រូវ ព្រមទាំងសមាមាត្រនឹងរឿងហេតុជាក់ស្ដែងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- CCHRជំរុញសាលាឧទ្ធរណ៍ដោះស្រាយបន្ទាន់ ករណីជនជាប់ចោទគ្មានមេធាវី និងអវត្តមានពេលសវនាការ
- អ្នកជំនាញអ.ស.បព្រមានថា ច្បាប់គ្រប់គ្រងប្រទេសមានអាសន្នបង្កគ្រោះថ្នាក់ដល់សិទ្ធិមនុស្ស
- សង្គមស៊ីវិលស្នើសុំឱ្យបង្ហាញបញ្ជីឈ្មោះលើកលែងទោសដល់ទណ្ឌិតមុនពេលចូលឆ្នាំខ្មែរ
- មនុស្សគន្លឹះរៀបចំច្បាប់រំលាយបក្សប្រឆាំងក្លាយជារដ្ឋមន្ត្រីយុត្តិធម៌
- សង្គមស៊ីវិលថា ក្រសួងមហាផ្ទៃបង្ហាញឆន្ទៈចង់កែប្រែច្បាប់អង្គការជាងមុនបន្តិច ក្រោយមានប្រតិកម្ម
- ពលករខ្មែរនៅម៉ាឡេស៊ីស្នើសុំរដ្ឋាភិបាលជួយពន្លឿននិងចេញថ្លៃសំបុត្រយន្តហោះត្រឡប់ទៅខ្មែរវិញ
- បក្សប្រឆាំងបន្តទាមទារដោះលែងអ្នកទោសនយោបាយសម្រាប់ពិធីបុណ្យវិសាខបូជាខាងមុខ
- ក្រុមប្រឹក្សាធម្មនុញ្ញថា ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន មានធម្មនុញ្ញភាព
- អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប រស់ក្នុងគុកឥតជញ្ជាំង ដោយសារបទចោទគ្មានមូលដ្ឋាន
- ពលករខ្មែរមួយក្រុមប្រថុយឆ្លងដែនទៅរកការងារធ្វើនៅថៃអំឡុងជំងឺកូវីដ១៩រាតត្បាត