ក្រុម​​សហជីព​​ស្នើ​​រដ្ឋា​ភិបាល​​បន្ត​​យក​ចិត្ត​​ទុក​ដាក់​ និង​​ដោះ​ស្រាយ​​វិបត្តិ​​កម្មករ​​អំ​ឡុង​​ពេល​​ព្យួ​រ​ការងារ​​

ការងារ | កូរ៉ូណាវីរុស | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ០១ ឧសភា ២០២០ | ម៉ោង ៤:៥០ ល្ងាច
VOD

សហភាពការងារកម្ពុជា និងតំណាងសហព័ន្ធ សមាគមទាំង ៨វិស័យ បានដាក់ញ្ញត្តិចំនួន ១៨ចំណុច ជូនរាជរដ្ឋាភិបាល តាមរយៈខុទ្ធការល័យសម្តេច ហ៊ុន សែន ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ ១ឧសភា ខួបលើកទី១៣៤ ឆ្នាំ២០២០។ (CLC Cambodia)

សហភាពការងារកម្ពុជា និងតំណាងសហព័ន្ធ សមាគមទាំង ៨វិស័យ បានដាក់ញ្ញត្តិចំនួន ១៨ចំណុច ជូនរាជរដ្ឋាភិបាល តាមរយៈខុទ្ធការល័យសម្តេច ហ៊ុន សែន ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ ១ឧសភា ខួបលើកទី១៣៤ ឆ្នាំ២០២០។ (CLC Cambodia)


ក្រុម​សហជីព​មក​ពី​វិស័យផ្សេង​ៗ បាន​ស្នើ​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ ឱ្យ​រដ្ឋាភិបាល​បន្ត​យកចិត្ត​ទុកដាក់ និង​ដោះស្រាយ​វិបត្តិ​របស់​កម្មករ​អំឡុង​ពេល​ពួក​គេ​ត្រូវ​ព្យួ​រការងារ ខណៈ​កម្មករ​បាត់បង់​ចំណូល ហើយ​ប្រឈម​ជំពាក់បំណុល​កើនឡើង​ទ្វេ​ និង​រង​ការរំលោភ​បំពាន​សិទ្ធិ​ផ្សេង​ៗដែល​មាន​ចែង​ក្នុង​ច្បាប់។

ក្រុម​សហជីព​មាន​សហភាព​ការងារ​កម្ពុជា សម័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ សហព័ន្ធ​សហជីព​កម្មករនិយោ​ជិត​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា សហព័ន្ធ​សហជីព​កម្មក​រនិយោ​ជិ​តវិស័យឧស្សាហកម្ម​កម្ពុជា សហព័ន្ធ​សហជីពកម្មករ​សំណង់ និង​ព្រៃឈើ ​រួម​ទាំង​សហព័ន្ធ​សហ​ជីព​ផ្សេង​ៗទៀត នៅ​ថ្ងៃនេះ បាន​ដាក់​លិខិត​រួមគ្នា​មួយ​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ដើម្បី​ស្នើ​ទៅ​លោក ហ៊ុន សែន បន្ត​យកចិត្ត​ទុកដាក់ និង​ដោះស្រាយ​បញ្ហា​របស់​កម្ម​ករដែលត្រូវបាន​ព្យួរ និង​បញ្ឈប់​ពី​ការងារ។

ក្នុង​លិខិត​មួយ​ដាក់​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃនេះ ក្រុម​សហជីព​ទាំងនោះ​បាន​លើកឡើង​ថា នៅដើម​ឆ្នាំ២០២០នេះ ​បញ្ហា​អត់​ការងារ​ធ្វើ បញ្ហា​បាត់បង់​ប្រាក់ចំណូល​ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វីដ១៩ កំពុង​ក្លាយជា​បញ្ហា​ដ៏​ធំ​មួយ​របស់​កម្មករ​គ្រប់​វិស័យ។

លិខិត​ដដែល​នេះ លើកឡើង​ទៀត​ថា ថ្មី​ៗនេះ ​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​បិទ​ទ្វា​ររោងចក្រ​ដោយ​បញ្ឈប់​ការងារ​កម្មករ និង​សហជីព​ ដោយ​មិនបាន​បើកប្រាក់​ឈ្នួល និង​ទូទាត់​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​កម្មករ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​នោះ​ទេ ដែល​ធ្វើឱ្យកម្មករ​ជាច្រើន​កំពុង​ប្រឈម​បញ្ហា​ជីវភាព។

ក្រុម​សហជីព បាន​ទាមទារ​ទៅ​រដ្ឋាភិបាលឱ្យ​រក្សា​ការ​ផ្តល់​ប្រាក់ឈ្នួល​ប្រចាំខែ​យ៉ាងតិច ៦០ភាគរយ ​ជូន​កម្មករ​ ដោយ​រដ្ឋាភិបាល​ចេញ ២០ភាគរយ និ​ងនិ​យោជក ៤០ភាគរយ​នៃ​ប្រាក់ឈ្នួល​របស់​កម្មករ​គ្រប់​វិស័យនៅ​អំឡុង​ពេល​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ១៩។

ក្រុម​សហជីព ក៏​ជំរុញ​រដ្ឋាភិបាល​អន្តរាគមន៍​មិនឱ្យ​ថៅកែ​ឆ្លៀតឱកាសនៃ​ការ​ព្យួរ​កិច្ចសន្យា​ការងារ​ប្រែ​ទៅជា​បិទ​រោងចក្រ ​ឬបញ្ឈប់​កម្មករ និង​តំណាង​សហជីព​ពី​ការងារ​នោះ​ទេ និង​ស្នើ​ទៅ​រដ្ឋាភិបាល​ចេញ​វិធានការ​ឱ្យខាង​ធនាគារ ឬគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ផ្អាកការ​ទារប្រាក់​បណ្តោះអាសន្ន​ ទាំង​ថ្លៃដើម និង​ការប្រាក់​ នៅ​អំឡុង​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩នេះ​ផង​ដែរ។

មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ ​គឺ​លោក គង់ ចំរើន បាន​ទទួល​ញត្តិ​ពី​ក្រុម​សហជីព​នៅ​ម៉ោង​ប្រមាណ ១២ថ្ងៃត្រង់​នេះ។ 

ថ្លែង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​តាមរយៈ​ហ្វេសប៊ុក​របស់​សហភាព​ការងារ​កម្ពុជា ​ស្តីពីទិវា​ពលកម្ម​អន្តរជាតិ១ឧសភា ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ​ លោក គង់ អាទិត្យ មានប្រសាសន៍​ថា តាម​របាយការណ៍​ដែល​ស៊ី​ខៅ​ឌូ​ទទួល​បាន គឺ​មាន​រោងចក្រ​ចំនួន៣ បាន​បិទទ្វារ​ ក្រោម​ហេតុផល​គ្មាន​អ្នកបញ្ជា​ទិញ និង​បិទ​ខុស​នី​តិវិធី​ច្បាប់។

លោក គង់ អាទិត្យ អះអាង​ថា ថៅកែ​រោងចក្រ​ទាំងនោះ​បាន​គំរាមកំហែង និង​បង្ខំឱ្យកម្មករ​រួម​ទាំង​សហជីព​ឱ្យលាឈប់​ពី​ការងារ​ ដោយ​មិនបាន​ដោះស្រាយ​សំណង​ត្រឹមត្រូវ​នោះ​ទេ។

លោក​បន្ថែម​ថា៖ «មាន​រោងចក្រ​ខ្លះ​ បញ្ឈប់​ទាំង​សកម្មជន​សហជីព​ទៀត។ នេះ​របាយការណ័ និង​ភស្តុ​តាង​បញ្ជាក់​ពី​ការរើសអើង។ អីចឹង​ចំណុច​នេះ​ក៏​សំ​ខាន់​ដែរ​ ដែល​ភាគី​រដ្ឋាភិបាល និង​សមា​គមនិ​យោជក​ ត្រូវ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ក្នុង​ការ​ការពារ​សិទ្ធិសេរីភាព​ ទោះ​ស្ថិត​ក្នុង​ពេលមាន​វិប​ត្ត​អីចឹង​ក៏ដោយ។ យើង​ការពារ​រោងចក្រ​ឱ្យមាន​សុ​វត្ថិភាព យើង​ក៏​ត្រូវការ​ពារ​សិទ្ធិកម្ម​ករ​ដែរ»។

អនុប្រធាន​សហភាព​ការងារ​កម្ពុជា អ្នកស្រី ហេង ចន្ថា មានប្រសាសន៍​ថា ក្នុង​រយៈ​ពេល​ព្យួ​រការងារ គឺ​កម្មករទទួលបាន​ប្រាក់​តែ ៧០ដុល្លារ មិន​គ្រាប់​គ្រាន់​សម្រាប់​ពួក​គេ​ផ្តត់​ផ្គង់​ក្នុង​ការ​ចំណាយ និង​ប្រឈម​ជំពាក់បំណុល​ទ្វេដង។

អ្នកស្រី ហេង ចន្ថា បន្ត​ថា ចំពោះ​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ គឺ​ពួក​គេ​មិន​អាច​ទៅ​រក​កន្លែង​ថ្មី​ធ្វើ​បា​នភ្លាមៗ​ទេ ​ខណៈ​ដែល​រោងចក្រ​មួយចំនួន​ក៏​កំ​ពុង​ព្យួ​រការងារ​កម្មករ​ដែរ​នោះ។

អ្នកស្រី​បន្ថែម​ថា៖ «អីចឹង​ហើយ​ បញ្ហា​ប្រឈម​របស់​ពួក​គាត់ គឺ​គាត់​មាន​បញ្ហា​ផ្នែក​ជីវភាព។ យើង​ដឹង​ហើយ​ថា បច្ចុប្បន្ន​ គាត់​ជួលផ្ទះ ​ថ្លៃ​ទឹក​ភ្លើង ថ្លៃ​ចំណាយ​ក្នុង​គ្រួសារ កូន​រៀន។ ហើយ​ជាពិសេស​មួយទៀត​នោះ ​យើង​ឃើញថា គាត់​ជំពាក់​លុយ​ធនាគារ​ច្រើន​ទៀតផង។ អីចឹង​ទឹកប្រាក់​ចំនួន ៧០ដុល្លា​រនេះ ​មិន​អាច​ផ្គ​ត់​ផ្គង់​ក្នុង​ជីវភាព​របស់​ពួក​គាត់​បានទេ»។

ចំណែក​ប្រធាន​សហព័ន្ធ​សហជីព​កម្មក​រនិ​យោ​ជិ​តវិស័​យទេសចរណ៍​សេវាកម្ម​កម្ពុជា​ លោក ម៉ម រិទ្ធី មានប្រសាសន៍​ថា មានកម្ម​ករ​ប្រមាណ ៦០ម៉ឺន​នាក់ ​បម្រើការ​ងារ​ក្នុង​វិស័យទេសចរណ៍។ លោក​ថា អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ គឺ​កម្មករ​ក្នុង​វិស័យមួយ​នេះ ក៏​កំពុង​ប្រឈម​អត់​ការងារ​ធ្វើ​ដែរ ដោយក្រុម​ហ៊ុន​សណ្ឋាគារ​មួយចំនួន​បា​នបិទ​ទ្វារ។

លោក ម៉ម រិទ្ធី អះ​អា​ថា ថៅកែ​ប្រហែល ៩០ភាគរយ គឺ​មិនបាន​អនុវត្ត​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​ ជាពិសេស​នោះ​ផ្នែក​កា​ស៊ី​ណូ​ ពេល​ព្យួ​រការងារ​កម្មករ​គឺ​មិនបាន​ផ្តល់​ប្រាក់ឈ្នួល​ជូន​កម្មករ​ឡើយ។ 

លោក​បន្ថែម​ថា៖ «សម្រាប់​ក្រសួងការងារ ខ្ញុំ​ស្នើ​ឱ្យចុះ​អធិការកិច្ច​ ឬសិក្សា​ទៅ​ក្រុមហ៊ុន​ទាំងអស់​ នៅពេល​ដែល​ជំងឺ​កូ​វីដ១៩នេះ ​ត្រូវ​បាន​បញ្ចប់ ឬមាន​ថ្នាំ​ព្យាបាល ឬត្រូវ​ហៅ​កម្មករ​ចូល​ធ្វើការងារ​វិញ គឺ​សុំ​ឱ្យរក្សា​អតីតភាព​ការងារ អត្ថ​ប្រយោជន៍ ហើយ​ហៅ​កម្មករ​មកវិញ​ ដោយ​ពុំ​មានការ​រើសអើង ឱ្យពួក​គាត់​នៅកន្លែង​ដើម​វិញ​ទាំងអស់។ ចំ​ពោះ​និយោ​ជកទាំងអស់​ទូទាំង​ប្រទេស ខ្ញុំ​គិតថា សណ្ឋាគារ ភោជ​នី​យដ្ឋាន កាស៊ីណូ ផ្ទះសំណាក់ គឺ​រកលុយ​បាន​ចំ​នេញ​ច្រើនណាស់​តាមរយៈ​កម្មករ​បម្រើការ​ងារ​ទៅ​ឱ្យ។ អីចឹង​ លុយ​ចំ​នេញ​ពីមុន​ហ្នឹង​ គួរតែ​បញ្ចេញ​មក​ជួយ​កម្មករ​វិញ​ក្នុងអំឡុងពេល​នេះ»

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​កាលពី​ថ្ងៃទី២៧ ខែមេសា អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ឱ្យ​ដឹង​ថា មាន​រោងចក្រ​ជាង ១៣០ បាន​ដាក់ពាក្យ​ព្យួរការងារ និង​ប៉ះពាល់​កម្មករ​ប្រហែល ១០ម៉ឺន​នាក់។

កាលពី​ថ្ងៃទី៧ ខែមេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា អំឡុង​ពេល​ព្យួរការងារ កម្មករ​នឹង​ទទួល​បាន​ប្រាក់ ៧០ដុល្លារ​ក្នុង​មួយ​ខែ ដោយ​ក្នុង​នោះ រដ្ឋាភិបាល​រួមចំណែក ៤០ដុល្លារ ហើយ​ថៅកែ​រោងចក្រ​ត្រូវ​ចេញ ៣០ដុល្លារ​វិញ។ លោក​បញ្ជាក់​ថា ប្រាក់ ៤០ដុល្លារ​នេះ កម្មករ​ទទួល​បាន​ដោយ​មិន​ចាំបាច់​ចុះឈ្មោះ និង​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នោះ​ទេ ប៉ុន្តែ​ក្រុម​សហជីព​ថា ប្រាក់ ៧០ដុល្លារ​នេះ មិន​អាច​ផ្តត់​ផ្គង់​ជីវភាព​គ្រួសារ​បាន​គ្រប់គ្រាន់​ឡើយ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles