ដោយ សេក បណ្ឌិត
2020-05-01
RFA

កាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលលួចបើកដំណើរឡើងវិញ ផ្ទុយពីបម្រាមរបស់រដ្ឋាភិបាល។ រូបពលរដ្ឋថតថ្ងៃទី១ ឧសភា ឆ្នាំ២០២០។

Photo: RFA
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យអះអាងថា បនល្បែងកាស៊ីណូជាច្រើនកន្លែងបើកដំណើរឡើងវិញហើយ ដោយពុំមានអាជ្ញាធរណាទប់ស្កាត់នោះទេ។ ពលរដ្ឋព្រួយបារម្ភខ្លាចបនល្បែងទាំងនោះជាកន្លែងចម្លងជំងឺកូវីដ១៩។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតម្នាក់ ថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះនៅថ្ងៃទី១ ឧសភា ថាអ្នកលេងល្បែងមានទាំងជនជាតិខ្មែរ ចិន និងថៃជាច្រើននាក់ចូលលេងល្បែងភ្នាល់ក្នុងកាស៊ីណូនាគទិព្វ នៅជាប់ព្រំដែនក្នុងក្រុងប៉ោយប៉ែតដោយសេរី។ លោកបញ្ជាក់ថា កាស៊ីណូមួយនេះបើកដំណើរការមកប្រមាណ ២០ថ្ងៃហើយ និងមានមនុស្សចូលលេងយ៉ាងច្រើនកុះករដោយពុំមានអាជ្ញាធរណាទប់ស្កាត់ឡើយ៖ «មនុស្សជាន់កគ្នាសឹងរកកន្លែងឈរមិនចង់បានចាក់ប្រជ្រៀតគ្នាដៃណាឃើញតែបាត់លុយដែរ។ នៅក្នុងហ្នឹងវាមានគ្រប់ផ្នែកមានពួកជក់ថ្នាំញៀនក៏មានដែរ ខ្ញុំមើលទៅវាអនាធិបតេយ្យណាស់ដូចអនុសាសន៍របស់សម្ដែងអីចឹងការពារកុំឱ្យមនុស្សជួបជុំគ្នាដល់វាធ្វើអីចឹងទៅវាដូចមិនគប្បីទេ»។
ពលរដ្ឋនៅក្រុងប៉ោយប៉ែតម្នាក់ទៀតឱ្យដឹងថា មានកាស៊ីណូជាច្រើនកន្លែងទៀតក៏លួចបើកដំណើរការឡើងវិញដែរដោយកន្លែងខ្លះបិទទ្វារខាងក្រៅ ដើម្បីបន្លំភ្នែកសមត្ថកិច្ចក៏ប៉ុន្តែខាងក្នុងមានមនុស្សជាច្រើនលេងល្បែងស៊ីសង។ ពលរដ្ឋរូបនេះព្រួយបារម្ភខ្លាចជំងឺកូវីដ១៩ផ្ទុះឡើងវិញនៅកម្ពុជាតាមរយៈអ្នកលែងល្បែងក្នុងកាស៊ីណូទាំងនោះ ពីព្រោះកន្លងទៅមានស្ត្រីខ្មែរជាបុគ្គលិកកាស៊ីណូម្នាក់និងជនជាតិឥណ្ឌូណេស៊ី២នាក់ ដែលធ្វើការក្នុងកាស៊ីណូនៅក្រុងប៉ោយប៉ែតបានឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីនេះ៖ «ខ្ញុំយល់ឃើញថា អ្នកដែលមានលុយមានតួនាទីធំៗជាមន្ត្រីផង និងសមត្ថកិច្ចផងមិនគោរពច្បាប់ទៅទៀត អីចឹងតើឱ្យប្រជាពលរដ្ឋគោរពយ៉ាងណា បើអ្នកមានលុយមិនគោរពបម្រាមរបស់នាយករដ្ឋមន្ត្រីផង តើឱ្យប្រជាពលរដ្ឋសង្ឃឹមអី»។
ទាក់ទងនឹងបញ្ហានេះអគ្គនាយកដ្ឋានរងនគរបាលប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងបច្ចេកវិទ្យាមានទីស្នាក់ការនៅក្រុងប៉ោយប៉ែត លោក កែវ នី មិនបានអត្ថាធិប្បាយជុំវិញបញ្ហានេះទេ ដោយលោកប្រាប់យ៉ាងខ្លីថា លោកមិនស្គាល់វិទ្យុអាស៊ីសេរីជាអ្វីនោះទេ៖ «បាទ!ហើយអាស៊ីសេរីអីគេបងអត់យល់ដែរ»។
ចំណែកអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលនៅតែបន្តបិទកាស៊ីណូដដែល ហើយលោកថា អ្នកដែលលួចបើកកាស៊ីណូនឹងចាត់វិធានការតាមច្បាប់៖ «ចាំមើលខ្ញុំទំនេរខ្ញុំទៅប៉ោយប៉ែតមើលបើកមែនអត់»។
អាស៊ីសេរីក៏ព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន និងលោក លី សូវ៉ាន់ បន្ថែមទៀតដោយទូរស័ព្ទជាច្រើនដងពុំមានអ្នកទទួល។
ទោះជាយ៉ាងនេះក្ដីប្រធានសហព័ន្ធ សហជីព កម្មករនិយោជិត វិស័យទេសចរសេវាកម្ម កម្ពុជា លោក ម៉ម រិទ្ធី មានប្រសាសន៍ថា រឿងនេះដោយសារអាជ្ញាធរពាក់ព័ន្ធនៅខេត្តបន្ទាយមានជ័យធ្វើមិនដឹងមិនឮទើបម្ចាស់កាស៊ីណូលួចបើកឡើងវិញ។ លោកបញ្ជាក់ថា បនល្បែងកាស៊ីណូ ជាប្រភពចម្លងជំងឺកូវីដ១៩ ពីព្រោះជាទីតាំងដែលមានមនុស្សច្រើនលែងល្បែង ខណៈដែលស្ថានការណ៍រាតត្បាតជំងឺរលាកផ្លូវដង្ហើមថ្មីនេះក៏នៅតែកើតមានច្រើនក្នុងប្រទេសមួយចំនួននៅឡើយ៖ «ខ្ញុំគិតថា រដ្ឋាភិបាលត្រូវតែដាក់ពិន័យចំពោះគាត់ឱ្យតឹងរ៉ឹងបំផុតករណីហ្នឹងពីព្រោះការដែលបំពាន់ទៅលើសេចក្ដីប្រកាសរដ្ឋាភិបាលខុសធ្ងន់ធ្ងរណាស់ហើយបណ្ដោយឱ្យមានការបើកកាស៊ីណូទៀត ប្រសិនបើមានការឆ្លងវារាតត្បាតដល់មនុស្សឬមួយក៏មានការបាត់បង់ជីវិតមនុស្សវាកាន់តែធ្ងន់ធ្ងរទៅទៀត។ អីចឹងបានន័យថា គាត់ជាមនុស្សដែលមិនយកចិត្តដាក់នឹងប្រកាសរបស់រដ្ឋាភិបាលមិនគោរពដល់នាយករដ្ឋមន្ត្រីហើយធ្វើឱ្យមានបញ្ហាទៅដល់ប្រទេសជាតិ។អីចឹងខ្ញុំស្នើទៅរដ្ឋាភិបាលឱ្យដាក់ទោសទៅលើអ្នកប្រព្រឹត្តរឿងហ្នឹងឱ្យបានធ្ងន់បន្តិចដើម្បីឱ្យអ្នកផ្សេងមើលជាគំរូ ដើម្បីឱ្យថ្ងៃក្រោយធ្វើបែបនេះទៀត»។
នៅក្រុងប៉ោយប៉ែត មានកាស៊ីណូធំៗប្រមាណ២០កាស៊ីណូ និងមានបុគ្គលិកជាង ២ម៉ឺនធ្វើការ ក្នុងនោះបុគ្គលិកប្រមាណ ២០ភាគរយជាជនបរទេស។ កាស៊ីណូទាំងនោះបានបិទទ្វារមួយរយៈបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី៣០មីនា បញ្ជាឱ្យបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា។ ការបិទកាស៊ីណូនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕
អត្ថបទដែលទាក់ទង
- ពលរដ្ឋខ្មែរដែលជាប់នៅម៉ាឡេស៊ីនៅតែទទូចសុំរដ្ឋាភិបាលបើកឱ្យពួកគេចូលកម្ពុជាវិញ
- អ្នកវិភាគថា៖ សេដ្ឋកិច្ចកម្ពុជានឹងជួបវិបត្តិធ្ងន់ធ្ងរដោយសារការឆ្លងវីរុសកូរ៉ូណា
- អ្នកជំនាញថា ការគ្រប់គ្រងប្រទេសតាមបែបផ្ដាច់ការ គឺជាមេរោគពិតប្រាកដបណ្ដាលឱ្យមានជំងឺកូវីដ-១៩
- សិក្ខាកាមយោធាកម្ពុជា ៣នាក់ នៅប្រទេសរុស្ស៊ី គ្រូពេទ្យរកឃើញមានជំងឺកូវីត១៩
- កម្មករខ្លះថា ថៅកែបង្ខំពួកគាត់ឱ្យដាក់ពាក្យលាលែងពីការងារក្រោយត្រលប់មកពីចូលឆ្នាំ
- ក្រសួងអប់រំ និងក្រសួងព័ត៌មាន រួមគ្នាបង្កើតកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក
- ក្រសួងសុខាភិបាលមិនទាន់បង្ហាញលទ្ធផលពីការធ្វើតេស្តជំងឺកូវីដ១៩ មនុស្សជិត ៤០នាក់នៅក្នុងសង្កាត់បឹងកេងកង១
- ក្រសួងអប់រំបន្តបិទសាលារៀនដោយមិនកំណត់ពេល
- ពលករខ្មែរមួយចំនួនមិនទាន់ត្រឡប់ទៅប្រទេសថៃវិញព្រោះមិនមានការងារធ្វើ
- ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន