ទស្សនៈព្រឹត្តិការណ៍ខ្មែរ
11/05/2020 – 08:34
ដោយ៖ អ៊ឹម រចនា
RFI

ចាប់តាំងពីពេលដែលអាជ្ញាធររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍មក គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាត្រូវគេកត់សម្គាល់ថា មានអត្រាធ្លាក់ចុះគួរឲ្យសាទរ។ គ្រោះថ្នាក់ថយចុះក៏ពិតមែន តែសណ្ដាប់ធ្នាប់នៅក្នុងការប្រើប្រាស់ផ្លូវជាទូទៅវិញ នៅតែមិនមានការផ្លាស់ប្ដូរអ្វីធំដុំឡើយ។ នៅតាមទីតាំងដែលគ្មានប៉ូលីសឈរជើង គេនៅតែឃើញមានការជិះបញ្ច្រាស់ផ្លូវ និងការរំលោភភ្លើងចរាចរណ៍ដដែល។ តើបញ្ហាជំពាក់មុខនេះ អាចដោះស្រាយបានយ៉ាងដូចម្ដេច?
នៅកម្ពុជា សណ្ដាប់ធ្នាប់ចរាចរណ៍ជាបញ្ហាជំពាក់មុខដែលកើតមានតាំងពីយូរមកហើយ។ អ្វីដែលកើតឡើងរាល់ថ្ងៃ ហើយអ្នកដែលរស់នៅស្រុកខ្មែរក៏យល់ដឹងច្បាស់ដែរនោះគឺ អ្នកបើកបរមួយចំនួន ទាំងរថយន្ត ទោចក្រយានយន្ត និងរ៉ឺម៉កម៉ូតូ ពួកគេបើកបរតាមតែចិត្តចង់របស់ពួកគេ។ ចំពោះពលរដ្ឋធម្មតា ពួកគេនឹងគោរពភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ខ្លះ ប្រសិនបើមានប៉ូលីសចរាចរណ៍នៅក្បែរនោះ។ ប្រសិនបើគ្មាននគរបាលចរាចរណ៍ទេ នោះពួកគេនឹងឈប់នៅលើគំនូសសកាត់ទទឹងសម្រាប់មនុស្សដើរ ឬក៏មិនឈប់នៅពេលមានភ្លើងសញ្ញាពណ៌ក្រហមជាដើម។ អ្នកបើកបរខ្លះជិះបញ្ច្រាស់ទិសផ្លូវ ចំណែកខ្លះទៀតវ៉ាជែងដោយមិនគោរពស្ដាំឆ្វេងជាដើម។
ចំពោះអ្នកមានទ្រព្យសម្បត្តិ ឬអ្នកមានរថយន្តទំនើបមួយចំនួនវិញ ផ្លូវថ្នល់ប្រៀបបានទៅនឹងកម្មសិទ្ធិផ្ដាច់មុខរបស់ពួកគេ។ ជាងនេះទៅទៀត នគរបាលចរាចរណ៍មួយចំនួនក៏មិនហ៊ានទៅក្បែររថយន្តទាំងនោះ បើទោះជារថយន្តនោះឈប់ចតនៅផ្លូវដែលត្រូវហាមឃាត់ ឬក៏មិនគោរពភ្លើងសញ្ញាចរាចរណ៍ក៏ដោយ។ ក្រៅពីនេះ អាហារដ្ឋានជាច្រើនក៏កំពុងប្រើប្រាស់ផ្លូវថ្នល់ធ្វើជាចំណតសម្រាប់អតិថិជនរបស់ពួកគេដែរ ដោយពុំមានក្រែងរអារថា ការប្រើប្រាស់ផ្លូវថ្នល់សាធារណៈសម្រាប់ចតយានយន្តដូច្នេះអាចបង្កជាការកកស្ទះដល់អ្នកធ្វើដំណើរទូទៅឯទៀតឡើយ។
និយាយអំពីនគរបាលចរាចរណ៍វិញ។ ប្រសិនបើជាពលរដ្ឋសាមញ្ញដែលបើកបរខុសច្បាប់ចរាចរណ៍ នោះពួកគេនឹងត្រូវផាកពិន័យដោយគ្មានការលើកលែងអ្វីទាំងអស់។ នគរបាលចរាចរណ៍អាចមើលស្គាល់ស្លាកលេខម៉ូតូក្លែងក្លាយ នៅពេលដែលម៉ូតូកំពុងចរាចរណ៍នៅលើទ្រូងផ្លូវថែមទៀត។ ប៉ុន្តែ ប្រសិនបើរថយន្តទំនើបចរាចរដោយគ្មានស្លាកលេខនោះ ប៉ូលិសចរាចរណ៍មើលមិនឃើញទេ។ នេះគេមិននិយាយអំពីការបន្តយកលុយពីរថយន្តដឹកទំនិញនៅតាមផ្លូវ ដែលត្រូវបានហាមឃាត់ដោយក្រសួងមហាផ្ទៃនោះផង។
តាមពិត ទាំងពលរដ្ឋអ្នកបើកបរ និងទាំងនគរបាលចរាចរណ៍ សុទ្ធតែមានចំនុចខ្វះខាតទាំងអស់គ្នា។ ប៉ុន្តែ ដើម្បីអាចធ្វើឲ្យប្រសើរឡើងនូវសណ្តាប់ធ្នាប់នៃការប្រើប្រាស់ទ្រូងផ្លូវនៅកម្ពុជា គេគួរចាប់ផ្តើមពីការពង្រឹងវិជ្ជាជីវៈរបស់អ្នកអនុវត្តច្បាប់ ពោលគឺនគរបាលចរាចរណ៍នេះឯង។
ការពង្រឹងវិជ្ជាជីវៈរបស់នគរបាលចរាចរណ៍ ត្រូវតែជាចំនុចសំខាន់និងចម្បងដែលត្រូវអនុវត្តមុនគេ ដើម្បីស្តារកិត្តិយសនិងកិត្តិនាមប៉ូលិសចរាចរណ៍ឡើងវិញ។ នគរបាលចរាចរណ៍គួរតែជាមន្ត្រីដែលមានសុជីវធម៌ អត់ធ្មត់ អនុវត្តច្បាប់ដោយគ្មានករណីលើកលែង ហើយជាពិសេសមានអំណាចពិតប្រាកដក្នុងការអនុវត្តច្បាប់លើអ្នកមានរថយន្តទំនើប ដែលជាអ្នកមានអំណាច និងអ្នកមានទ្រព្យសម្បត្តិ។
ការអនុវត្តច្បាប់ដោយស្មើភាពគ្នា ពិសេសជាមួយអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាចមួយចំនួននោះ គឺជាគំរូសម្រាប់ការអនុវត្តច្បាប់ចំពោះមុខប្រជាពលរដ្ឋសាមញ្ញ និងក៏ជាការលើកតំកើងតម្លៃរបស់នគរបាលចរាចរណ៍ដែរ។ មន្ត្រីនគរបាលដែលចេញពីសាលាហ្វឹកហ្វឺនច្បាស់លាស់និងពិតប្រាកដ ត្រូវតែជាក់ច្បាស់ក្នុងចិត្តថា ពួកគេមិនត្រូវបង្កើតស្តង់ដារពីរក្នុងការអនុវត្តច្បាប់ចរាចរណ៍ដូចសព្វថ្ងៃនេះទេ។ ពោលគឺ ពួកគេមិនត្រូវចាប់ផាកពិន័យ និងធ្វើទុក្ខបុកម្នេញតែទៅលើអ្នកបើកបរដែលជាប្រជាពលរដ្ឋសាមញ្ញនោះឡើយ។ សូមកុំភ្លេចថា ស្តង់ដារពីរនេះហើយ ដែលធ្វើឲ្យពលរដ្ឋទូទៅមិនគោរពច្បាប់ និងមិនផ្តល់តម្លៃដល់ប៉ូលិសចរាចរណ៍។
ទន្ទឹមគ្នានេះដែរ ដើម្បីសណ្តាប់ធ្នាប់និងទិដ្ឋភាពនៃសីលធម៌របស់សង្គមកម្ពុជាទាំងមូល អ្នកបើកបរគ្រប់គ្នាត្រូវតែផ្លាស់ប្ដូរទម្លាប់ប្រើប្រាស់ផ្លូវតាមអំពើចិត្ត ហើយងាកមកគោរពច្បាប់និងស្លាកសញ្ញាចរាចរណ៍ឲ្យបានមធ្យ័ត។ គោរពច្បាប់ ព្រោះច្បាប់ជាច្បាប់ មិនមែនគោរពច្បាប់ព្រោះខ្លាចការផាកពិន័យឬខ្លាចប៉ូលីសចរាចរណ៍នោះទេ។ ប្រទេសកម្ពុជាមិនអាចរីកចំរើនរុងរឿងឡើយបើគ្មានការចូលរួមពីពលរដ្ឋម្នាក់ៗ ដែលការចូលរួមនេះ រាប់ចាប់តាំងពីទង្វើតូចតាចឡើងទៅ ដូចជាការបើកបរតាមដងផ្លូវឲ្យមានសណ្ដាប់ធ្នាប់ត្រឹមត្រូវជាដើម៕
WE knew the traffic rule in Cambodia have to be change but not at this time of world war again white virus. if you want to make traffic like western nation rule of law Cambodia have to change a lot of rule and do a lot of change . for example road signal, traffic light, road condition, than go to correct the rule of law after that every thing will be responsible if no one obey the traffic law.
The worse thing in this country is the high ranking drive opposite side because they thing they are the big men ‘ haha not respected law&order ‘ that why we call the beast regime’