ព័ត៌មានជាតិ | សេដ្ឋកិច្ច
លោក ណាត សុភាព | ១២ ឧសភា ២០២០ | ម៉ោង ៧:១៣ ល្ងាច
VOD

អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ឬ Great DUKE។ (The Great Duke Phnom Penh)
មន្ត្រីជាន់ខ្ពស់ក្រសួងការងារព្រមានចាត់វិធានការច្បាប់លើម្ចាស់សណ្ឋាគារ The Great Duke មានទីតាំងក្នុងរាជធានីភ្នំពេញ បើមិនព្រមទូទាត់ប្រាក់អតីតភាពការងារជូនអតីតកម្មករនិងបុគ្គលិក តាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល កាលពីខែកុម្ភៈ ឆ្នាំ២០២០។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅរសៀលថ្ងៃអង្គារនេះ អនុប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយបាតុកម្មកូដកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ លោក អ៊ូ រតនា បានប្រាប់វីអូឌីថា ភាគីសណ្ឋាគារ The Great Duke និយាយថា មិនមានលទ្ធភាពសងប្រាក់អតីតភាពការងារចំនួន៣ចំណុចទៅឲ្យកម្មករ និងបុគ្គលិកជាង១៥០នាក់ តាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នោះទេ។
ករណីនេះ លោក រតនា បញ្ជាក់ថា ក្រសួងទុកពេលឲ្យភាគី សណ្ឋាគារ The Great Duke ពិចារណារកប្រាក់សងភាគីកម្មករ នៅត្រឹមថ្ងៃសុក្រទី១៥ ខែឧសភានេះ ជាលើកចុងក្រោយ តាមរយៈការប្រជុំសម្រេចនៅថ្ងៃដដែលវេលាម៉ោង៩ព្រឹក។
ទោះជាយ៉ាងណា ប្រភពដដែលអះអាងថា ចាប់ពីថ្ងៃស្អែកនេះទៅក្រសួង ក៏ចាត់ក្រុមការងារអធិការកិច្ចចុះស្រាវជ្រាវសណ្ឋាគារ The Great Duke ដើម្បីឈានដល់ការចាប់បង្ខំឲ្យអនុវត្តតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល កាលពីខែកុម្ភៈ ឆ្នាំ២០២០ផងដែរ។
លោកមានប្រសាសន៍ថា៖ «យើងកំពុងចាត់វិធានការទៅតាមផ្លូវច្បាប់ហើយ យើងអត់រង់ចាំដល់ថ្ងៃសុក្រទេ តែយើងក៏មានការបើកផ្លូវឲ្យមានការចចារ ដើម្បីបើកប្រាក់ជូនកម្មករតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល»។
បុគ្គលិកផ្នែកចុងភៅនៅសណ្ឋាគារ The Great Duke អ្នកនាង ឆោម សម្ផស្ស បង្ហាញការសោកស្តាយដែលភាគីសណ្ឋាគារ The Great Duke និយាយថាគ្មានលទ្ធភាពទូទាត់ប្រាក់អតីតភាពការងារជូនកម្មករ។ ប៉ុន្តែអ្នកនាងសង្ឃឹមថា ក្រសួងការងារនិងធ្វើការងារឈលើគោលការណ៍អព្យាក្រឹត្យ ដើម្បីរកយុត្តិធម៌ជូនកម្មករ។
អ្នកនាងមានប្រសាសន៍ថា៖ «និយាយពីអារម្មណ៍ជឿជាក់ថា ៥០% លើ៥០% [ដែលក្រសួងការងារជួយឲ្យម្ចាស់សណ្ឋាគារទូទាត់សំណងដល់កម្មករ] ប៉ុន្តែនៅតែជឿជាក់លើក្រសួងដែលបានដាក់កំហិតឲ្យក្រុមហ៊ុន[ទូទាត់សំណងដល់កម្មករ]ខ្លាំងដែរ»។
ភ្លាមៗវីអូឌី មិនអាចសុំការបំភ្លឺពីតំណាងសណ្ឋាគារ The Great Duke បានទេនៅល្ងាចថ្ងៃនេះ។
សណ្ឋាគារ The Great Duke ឬអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (InterContinental) បានប្រកាសបិទប្រតិបត្តិការអាជីវកម្មរបស់ខ្លួន កាលពីថ្ងៃទី៣១ ខែធ្នូ កាលពីឆ្នាំមុន បន្ទាប់ពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួនអស់រយៈពេល ២៣ឆ្នាំ។
ក្រោយពីបិទទ្វារ មិនទាន់ទូទាត់ប្រាក់អតីតភាពការងារ ធ្វើឱ្យអតីតបុគ្គលិកនៅសណ្ឋាគារនេះ នាំគ្នាធ្វើញត្តិដាក់ទៅស្ថាប័នរដ្ឋ ដូចជា ក្រសួងការងារ ខុទ្ទកាល័យរដ្ឋាភិបាល និងដាក់ទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីជួយអន្តរាគមន៍ផងដែរ។
រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាកណ្តាល បានចេញសេចក្តីសម្រេចជូនដំណឹងទៅភាគីកម្មករនិយោជិត និងភាគីនិយោជក ដើម្បីឱ្យនិយោជកផ្តល់សំណងដល់កម្មករនូវប្រាក់ដំណាច់ទូទាត់ជួសការជូនដំណឹងមុន និងប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ២០១៩ ដោយយកប្រាក់ឈ្នួលគោល និងប្រាក់បន្ទាប់បន្សំមកគណនាផងដែរ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
very good’ action ‘please not just barking’