ដោយ អាស៊ីសេរី
2020-05-11
RFA

បុគ្គលិកសណ្ឋាគារ ដឺ ហ្គ្រេត ឌ្យូក (The Great Duke) លើកបដាតវ៉ាមុខសណ្ឋាគារ នៅព្រឹកថ្ងៃទី៣ កញ្ញា ទាមទារឲ្យថៅកែបើកប្រាក់ឈ្នួល។

រូប៖ លោក ឃុន ថារ៉ូ សង់ត្រាល់ (CENTRAL) ផ្ដល់ឲ្យ
អតីតបុគ្គលិកបម្រើការនៅសណ្ឋាគារហ្គ្រេតឌូក (Great Duke Phnom Penh) ប្រមាណ៦០នាក់ នាំធ្វើការបាតុកម្មឈរលើកបដា បិទផ្លូវមហាវិថីម៉ៅសេទុង រយៈពេល១ម៉ោង នៅព្រឹកថ្ងៃទី ១១ ឧសភា ដើម្បីទាមទារឱ្យម្ចាស់សណ្ឋាគារនេះ ទូទាត់ផ្ដល់ប្រាក់សំណងការងារដល់ពួកគេឱ្យបានឆាប់ ។ ក្នុងពេលតវ៉ានេះ មិនមានការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច ដោយក្រុមអ្នកតវ៉ា រំសាយវិញ ក្រោយពីមានតំណាងម្ចាស់សណ្ឋាគារចេញមកជួបតំណាងពួកគេ។
ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល មានប្រសាសន៍ថា អគ្គនាយកទូទៅនៃសណ្ឋាគារហ្គ្រេតឌូក លោក ចាក់ ផាឡាត់សុងក្រាម និយាយថា ខាងសណ្ឋាគារគ្មានប្រាក់ ដើម្បីទូទាត់សំណងការងារឱ្យបុគ្គលិកដែលកំពុងតវ៉ាជាង១រយនាក់នេះទេ។
លោកបន្តថា ក្នុងពេលតវ៉ានេះ មានមន្ត្រីក្រសួងការងារដែលទទួលដោះស្រាយកូដកម្ម បាតុកម្ម ចុះសម្របសម្រួលវិវាទការងារនេះ ដោយស្នើឱ្យភាគីទាំងពីរទៅដោះស្រាយនៅក្រសួងការងារ នៅរសៀលថ្ងៃទី១២ ខែឧសភា។
លោកបញ្ជាក់ថា ម្ចាស់សណ្ឋាគារ គឺឧកញ៉ា ខូវ សម្បត្តិ នៅតែបន្តអូសបន្លាយវិវាទនេះ អស់រយៈជាច្រើនមកហើយ ដោយមិនព្រមបញ្ចប់ជម្លោះនេះ ឱ្យបុគ្គលិកសរុប១៥២នាក់ ឱ្យបានឆាប់នោះទេ។
ប្រធានសហជីពរូបនេះ ស្នើសុំលោកនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ដោះស្រាយវិវាទការងារដ៏រ៉ាំរ៉ៃនេះ ដើម្បីឱ្យពួកគេមានថវិកាដោះស្រាយជីវភាពប្រចាំថ្ងៃ សងបំណុលធនាគារ និងស្វែងរកការងារថ្មីចិញ្ចឹមជីវិតតទៅមុខទៀត៖ «ខ្ញុំគិតថា បើចង់ដោះស្រាយចេញលុះត្រាតែមានការជួយអន្តរាគមន៍ពីរដ្ឋាភិបាល មានសម្ដេចនាយក គឺអាចទៅរួចហើយ ព្រោះមើលទៅមិនចេញទេ យើងបានទុកពេលឱ្យក្រសួងដោះស្រាយចូលជាង១ខែ ២ខែហើយ មិនចេញផង ។ កន្លែងនេះបើមានប្រមុខរដ្ឋាភិបាលចេញមុខប្រកាសអន្តរាគមន៍ដើម្បីឱ្យដោះស្រាយទេ គឺមិនអាចទេ ។ វានៅអូសបន្លាយពេលវេលា ដល់អ៊ីចឹង កម្មករហ្នឹង គាត់ទឹកភ្នែកទឹកសំបោរ ដោយសារមិនទទួលបានសំណងអ្វីទេ ។ វាធ្វើឱ្យនៅមិនសុខនៅមិនស្ងៀមនោះ ដូចព្រឹកមិញអ៊ីចឹង គាត់អាចបិទផ្លូវបិទអី វាប៉ះពាល់សណ្ដាប់ធ្នាប់អ៊ីចឹងទៅ ។ ខ្ញុំមើលទៅពួកគាត់ ក៏មិនចង់ធ្វើបែបហ្នឹងដែរ ។ ពួកគាត់តវ៉ា១ឆ្នាំទៀតនៅមុខអូតែល ហ្នឹង ក៏គ្មានខាងណាមួយអាចជួយដោះស្រាយបានដែរ» ។
លោក ទូច កុសល ឱ្យដឹងថា ចំនួនទឹកប្រាក់សរុបដែលខាងថៅកែត្រូវបើកឱ្យបុគ្គលិកនោះ គឺប្រមាណ ៧០ម៉ឺនដុល្លារ ប៉ុន្តែទំហំទឹកប្រាក់នេះ អាចនៅត្រឹមចន្លោះពី ៣០ម៉ឺនដុល្លារ ទៅ ៤០ម៉ឺនដុល្លារវិញ ដោយសារក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដកប្រាក់សំណងជំងឺចិត្ត។
អនុប្រធាននៃអគ្គលេខាធិការដ្ឋានដោះស្រាយកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញា នៃក្រសួងការងារ លោក អ៊ូ រតនា ប្រាប់អាស៊ីសេរី ថា ខាងក្រសួងនឹងព្យាយាមដំណោះស្រាយវិវាទតាមនីតិវិធី៖ «ការដោះស្រាយខាងក្រសួងធ្វើតាមនីតិវិធី ពីមួយជំហានទៅមួយជំហាន អត់មានអាចដូចគាត់ថា ទៅច្រើនដង អត់ចប់ទេ ។ នោះជាសិទ្ធិរបស់គាត់និយាយ ប៉ុន្តែក្រសួងដោះស្រាយទៅតាមនីតិវិធី ។ រង់ចាំការដោះស្រាយស្អែកម៉ោង២»។
អាស៊ីសេរីមិនអាចសុំបញ្ជាក់លើរឿងនេះ ពីលោក នូវ ពិសិដ្ឋ ដែលជាមេធាវីតំណាងឱ្យថៅកែសណ្ឋាគារបានទេ ដោយសារលោកមិនទទួលទូរស័ព្ទ។
បើទោះបីជាត្រូវទទួលបានប្រាក់សំណងចំនួនតិចយ៉ាងនេះក្ដី ក្រុមអ្នកតវ៉ាសំណូមពរដល់ក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដាក់ចេញសេចក្ដីសម្រេច បង្គាប់ឱ្យថៅកែសណ្ឋាគារបើកឱ្យប្រាក់ពួកគេផ្ដាច់តែ១លើក ដោយមិនត្រូវផ្ដល់រំលោះ ១ខែម្ដងរហូតដល់៦ខែនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មកររោងចក្រមួយកន្លែងនៅកំពង់ស្ពឺទាមទារប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍បន្ទាប់ពីថៅកែព្យួរការងារ
- កម្មកររោងចក្រថៅកែម៉ាឡេស៊ីបន្តការតវ៉ាឱ្យថៅកែបើកប្រាក់ឈ្នួលឱ្យទៀងទាត់តាមច្បាប់ការងារ
- បុគ្គលិកសណ្ឋាគារ Great Duke ទទួលបានដំណោះស្រាយការងារពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល
- បុគ្គលិកក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រីជាង ១០០នាក់ តវ៉ាទាមទារប្រាក់សំណងការងារ
- ក្រុមហ៊ុន ណាហ្គា វើលដ៍ ព្រមដោះស្រាយ ក្រោយបុគ្គលិកធ្វើកូដកម្មទ្រង់ទ្រាយធំ២ថ្ងៃ
- កម្មករថា មន្ត្រីក្រសួងការងារសន្យាយកឯកសាររដ្ឋបាលនៃសិប្បកម្មតម្បាញ ហុង ស៊ីង ទៅប្រជុំដោះស្រាយ
- កម្មករសិប្បកម្មតម្បាញហុងស៊ីង ថា ក្រសួងការងារសុំពន្យារពេលដោះស្រាយវិវាទថៅកែរត់ចោល
- បុគ្គលិកណាហ្គា វើលដ៍ បោះឆ្នោតស្ទង់មតិធ្វើបាតុកម្មទាមទារឱ្យតំណាងចូលធ្វើការវិញ
- មន្ត្រីសង្គមស៊ីវិលបារម្ភថា នឹងមានការតវ៉ាពីក្រុមបុគ្គលិកណាហ្គា បើមេសហជីពពួកគេមិនបានចូលធ្វើការវិញ
- កម្មករកាត់ដេរនៅរោងចក្រមួយក្រុងភ្នំពេញ ធ្វើកូដកម្មទាមទារប្រាក់រំលឹកអតីតភាពការងារ