កម្ពុជា សង្គម
13/05/2020 – 14:05
ដោយ៖ សឿង ភារៈ
RFI

យុទ្ធនាការ «ប្រយុទ្ធប្រឆាំងគ្រឿងញៀន» រយៈពេល ៣ឆ្នាំរបស់រដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យ មានការកើនឡើងនូវការរំលោភសិទ្ធិមនុស្ស ការប្រើមធ្យោបាយឃុំឃាំងហួសកម្រិត និងបង្កឱ្យមានហានីភ័យដល់សេវាសុខភាពសាធារណៈ ស្របពេលនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍ស៊ើបអង្កេតមួយរបស់អង្គការ Amnesty International ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភានេះ។ របាយការណ៍ដដែលនេះថា កម្ពុជាបរាជ័យក្នុងគោលដៅទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។ ប៉ុន្តែរដ្ឋលេខាធិការក្រសួងយុត្តិធម៌ថា របាយការណ៍នេះ មិនត្រឹមត្រូវ និងមិនឆ្លើយតបទៅនឹងស្ថានភាពពិតប្រាកដនៃយុទ្ធនាការប្រឆាំងគ្រឿងញៀននោះទេ។
របាយការណ៍ថ្មីចំនួន៧៨ទំព័រ របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានរៀបរាប់ពីចំណាត់ការរបស់អាជ្ញាធរលើប្រជាជនក្រីក្រ, មនុស្សដែលត្រូវបានសង្គមបោះបង់ចោល, ការចាប់ខ្លួនតាមអំពើចិត្ត, ការធ្វើទារុណកម្ម, រួមនឹងទម្រង់ប្រព្រឹត្តមិនត្រឹមត្រូវផ្សេងទៀត, និងការបញ្ជូនមនុស្សណា ដែលគ្មានលុយសម្រាប់ដូរយកសេរីភាពរបស់ពួកគេ ទៅកន្លែងឃុំឃាំង ដែលមានភាពចង្អៀតណែន។ កន្លែងឃុំឃាំង ដែលមានភាពចង្អៀតណែននោះហើយ ជាទីដែលអ្នកជាប់ឃុំមិនអាចទទួលបានសេវាថែរទាំសុខភាព និងរងការរំលោភបំពានធ្ងន់ធ្ងរ។ នេះបើតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ។
សង្គ្រាមគ្រឿងញៀននៅកម្ពុជាគឺជាគ្រោះមហន្តរាយមួយ បង្កជាការរំលោភសិទ្ធិមនុស្ស និងបង្កើតឱកាសសម្រាប់មន្ត្រីពុករលួយ និងមន្ត្រី ដែលមានប្រាក់ខែទាបនៅក្នុងប្រព័ន្ធយុត្តិធម៌ ខណៈកម្ពុជាមិនបានជួយអ្វីសម្រាប់សុខភាព និងសុវត្ថិភាពសាធារណៈ។ នេះបើតាមការលើកឡើងរបស់លោក Nicholas Bequelin នាយកប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមករា ឆ្នាំ២០១៧បានចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀន បន្ទាប់ពីបានធ្វើទស្សនៈកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកប្រធានាធិបតី Rodrigo Duterte។ មេដឹកនាំទាំងពីរកាលពីពេលនោះ បានសន្យាថានឹងសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៣ ខែឧសភានេះ ថា ក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គឺនៅមានការសង្ស័យលើរបាយការណ៍នេះ ទាក់ទងទៅនឹងវិធីសាស្ត្រនៅក្នុងការស្រាវជ្រាវ ការប្រមូលទិន្នន័យ ថាតើអង្គការនេះ បានផ្អែកលើមូលដ្ឋានអ្វី និងបានព័ត៌មានពីខាងណា ហើយបានពិគ្រោះយោបល់ជាមួយភាគីព័ន្ធឬអត់ ជាពិសេសស្ថាប័នអនុវត្តច្បាប់របស់កម្ពុជា។ លោកបន្ថែមថា របាយការណ៍នេះមិនបានពិគ្រោះយោបល់ឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ ដូច្នេះ ការបង្ហាញលទ្ធផលនៃរបាយការណ៍នេះ មិនត្រឹមត្រូវ និងមិនឆ្លើយតបទៅនឹងស្ថានភាពពិតប្រាកដនៃយុទ្ធការប្រឆាំងគ្រឿងញៀន។
លោក ជិន ម៉ាលីន បញ្ជាក់ទៀតថាលោកចង់ឲ្យអ្នកធ្វើរបាយការណ៍ស៊ើបអង្កេតខាងលើនេះ បង្ហាញពីភស្តុតាង ថាតើករណីណាមួយ ដែលជាករណីបំពានច្បាប់ ដូចជាករណីពុករលួយ ការអនុវត្តខុសនីតិវិធីក្នុងយុទ្ធការ ការបំពានអំណាចជាដើម នោះទើបអាជ្ញាធរមានមូលដ្ឋានក្នុងការធ្វើការ និងរកអ្នក ដែលប្រព្រឹត្តិខុសមកទទួលខុសត្រូវតាមផ្លូវច្បាប់។
នៅខែមករា ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមយុទ្ធនាការ ៦ខែប្រឆាំងនឹងគ្រឿងញៀនដែលត្រូវបានបន្តធ្វើម្តងហើយម្តងទៀត និងមិនកំណត់ចាប់តាំងពីពេលនោះមក។ ក្នុងយុទ្ធនាការនេះ មានមនុស្សប្រមាណ៥៥, ៧៧០នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យប្រើប្រាស់ ឬលក់គ្រឿងញៀន នៅចន្លោះខែមករា ឆ្នាំ២០១៧ និងខែមីនា ឆ្នាំ២០២០៕
to bad so sad Cambodian always doing thing fare deference from any nation in the whole world