ដោយ ហេង រស្មី
2020-07-24
RFA

(ឆ្វេង) ស្លាកសញ្ញាអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និង អង្គការសិទ្ធិមនុស្សលីកាដូ

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និង អង្គការសិទ្ធិមនុស្សលីកាដូ
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិចំនួនពីរ ទាមទារឲ្យរដ្ឋាភិបាលគោរពសន្យាដោះលែងអ្នក ជាប់ឃុំ ១ម៉ឺននាក់ ដែលបានប្រព្រឹត្តបទល្មើសស្រាល ដើម្បីកាត់បន្ថយហានិភ័យឆ្លងជំងឺកូវីដ-១៩ ក្នុងពន្ធនាគារដែលកំពុងមានភាពចង្អៀតណែន និងធ្វើឲ្យប្រសើរឡើងនូវការគោរពសិទ្ធិមនុស្ស។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបថា រដ្ឋាភិបាល មិនដែលបានសន្យាដោះលែងអ្នកទោស នោះទេ។
អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចេញសេចក្ដីការណ៍រួមគ្នាមួយ បង្ហាញការសោកស្ដាយ ចំពោះភាពខ្វះខាតរបស់អាជ្ញាធរកម្ពុជា ក្នុងការដោះស្រាយវិបត្តិសិទ្ធិមនុស្សដែលកើតមានក្នុងពន្ធនាគារឱ្យមានប្រសិទ្ធភាព ។ អង្គការសិទ្ធិ មនុស្សទាំងពីរនេះ ទទូចដល់រដ្ឋាភិបាល ឱ្យចាត់វិធានការជាបន្ទាន់ដូចជា កែទម្រង់ប្រព័ន្ធយុត្តិធម៌ ដោយគ្មានការពន្យារពេល ពន្លឿនការដោះ លែងអ្នកជាប់ឃុំចំនួន ១០.០០០នាក់ ដូចដែលបានប្រកាស នាពេលកន្លងមក ហើយផ្ដល់ អាទិភាពក្នុងការដោះលែងអ្នកជាប់ឃុំ ដែលប្រឈមនឹងហានិភ័យដូចជា មនុស្សចាស់ អ្នកជំងឺដែលត្រូវការសេវាថែទាំសុខភាពជាចាំបាច់ ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលមានកូនតូចនៅជាមួយ និងអ្នកជាប់ឃុំជាអនីតិជនជាដើម ។ អង្គការទាំងពីរ ក៏ទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំងអស់ដែលត្រូវ បានឃុំខ្លួនដោយគ្មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ ក្នុងនោះមានអ្នកជាប់ឃុំនៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន និងអ្នកជាប់ឃុំ ក្រោមហេតុផលនយោបាយផងដែរ។នាយិកាអង្គការលីកាដូ (LICADHO) អ្នកស្រី ណាលី ពីឡូក មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៣ ខែកក្កដាថា “ប្រទេសជាច្រើននៅលើពិភពលោកបានឆ្លើយតបចំពោះការរីករាលដាលនៃវីរុស កូវីដ១៩ ដោយការដោះលែងមនុស្សជាច្រើនពីពន្ធនាគារ ជាពិសេស អ្នកដែលត្រូវបានចោទប្រកាន់ពីបទល្មើសបែបអហិង្សា ឬអ្នកជាប់ឃុំដែលត្រូវការសេវាថែទាំសុខភាពជាចាំបាច់។ អ្នកស្រីបន្តថា៖ «ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាចង្អៀតណែន និងកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមរយៈការដោះលែងអ្នកជាប់ឃុំឱ្យនៅក្រៅឃុំ និងមធ្យោបាយផ្សេងទៀត នេះគឺជាពេលវេលាសមស្របបំផុតក្នុងការចាត់វិធានការ»។
កាលពីថ្ងៃទី២៧ ឧសភា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសគាំទ្រយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលដាក់ចេញដោយក្រសួងយុត្តិធម៌។ លោក ស ខេង បានសន្យាថា អ្នកជាប់ឃុំរហូតដល់ ១០.០០០នាក់ នឹងត្រូវដោះលែងនៅទូទាំងប្រទេស ដោយព្រួយបារម្ភពីហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ។ ក្នុងពេលនោះ លោកថែមទាំងប្រាប់ឲ្យកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានត្រៀមខ្លួន ដើម្បីតាមដានអ្នកជាប់ឃុំ ដែលអាចត្រូវដោះលែងនៅពេលខាងមុខ។ លោកទទួលស្គាល់ថា ភាពចង្អៀតណែនក្នុងពន្ធនាគារជាបញ្ហាមួយ ដែលនាំឲ្យមានការចំណាយច្រើនរបស់រដ្ឋ និងការរិះគន់អំពីសិទ្ធិមនុស្សផងដែរ៖ «អ៊ីចឹងវាអាចធ្លាក់ទៅជាបន្ទុករបស់រដ្ឋបាលដែនដីរបស់យើង (ដែល) សមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ ដើម្បីគ្រប់គ្រងសន្តិសុខនៅកន្លែងហ្នឹង។ វាមិនច្រើនទេ វារាយប៉ាយទេ។ ឧបមាយើងសម្រាលបន្ធូរបន្ថយបាន ១ម៉ឺននាក់ វាមួយម៉ឺនហ្នឹង មិនមែនទៅមួយខេត្ត ពីរខេត្តទេ វារាយគ្រប់តែកន្លែង»។
ទោះជាមានការប្រកាសជាក់លាក់បែបនេះពីលោក ស ខេង ក៏ដោយ ក៏អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងថា រដ្ឋាភិបាលមិនដែលបានសន្យាដោះលែងអ្នកទោស ឬជនជាប់ឃុំនោះទេ។ លោកស្នើឲ្យអង្គការលីកាដូ និងអង្គការលើកលែងទោសអន្តរជាតិ ផ្ទៀងផ្ទាត់ព័ត៌មាននេះឡើងវិញ៖ «យុទ្ធនាការរបស់ក្រសួងយុត្តិធម៌នេះ មិនមែនដោះលែងអ្នកទោស នោះទេ មិនមែនដូចគោលដៅដូចការលើកឡើងរបស់អង្គការទាំងពីរ ដែលលើកឡើងដោយភ័ន្តច្រឡំថា ដោះលែងអ្នកទោសប៉ុណ្ណេះ ក្នុងរយៈពេលប៉ុណ្ណេះឆ្នាំ គឺអត់ទេ។ យុទ្ធនាការនេះ គឺដោះស្រាយភាពកក់ស្ទះសំណុំរឿងនៅតាមសាលាដំបូងតែប៉ុណ្ណោះឯង បានន័យថា តាមរយៈជមរុញ នីតិវិធីឲ្យបានលឿន ហើយឈានទៅដល់ការចេញសាលក្រមស្ថាពរឲ្យបានឆាប់តែប៉ុណ្ណោះ»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា លោកសុំមិនឆ្លើយឆ្លងជាមួយអ្នកនាំពាក្យក្រសួងយុត្តិធម៌នោះទេ ប៉ុន្តែលោក បញ្ជាក់ថា ការដែលអង្គការទាំងពីរចេញសេចក្ដីថ្លែងការណ៍ជំរុញឲ្យពន្លឿនដោះលែងអ្នកជាប់ ឃុំនេះ ព្រោះពិនិត្យឃើញថា ស្ថានភាពពន្ធនាគារនៅតែចង្អៀតណែនគួរឲ្យព្រួយបារម្ភ។ លោក បន្តថា កន្លងមក រដ្ឋាភិបាល ក៏ទទួលស្គាល់ពីភាពចង្អៀតណែនក្នុងពន្ធនាគារដែរ និងប្រកាសពី បំណងដោះលែងអ្នកទោសដែលប្រព្រឹត្តបទល្មើសស្រាលៗ ដូច្នេះហើយទើបអង្គការទាំងពីរ គាំទ្រ និងជំរុញឲ្យអនុវត្តវិធានការនេះដើម្បីឲ្យបានលឿន៖ «សេចក្ដីថ្លែងការណ៍នេះគ្រាន់តែរម្លឹកឡើងវិញហើយយើងគាំទ្រនូវអនុ សាសន៍ឬក៏គោលការណ៍នៅក្នុងការពិនិត្យទៅលើលទ្ធភាព បើអាចធ្វើទៅបាន ចំពោះការដោះលែង អ្នកជាប់ឃុំជាង ១ម៉ឺននាក់ តែមកដល់ពេលនេះយើងអត់ទាន់ទទួលបានព័ត៌មាន ឬក៏ចំនួនតួលេខ ណាមួយពិតប្រាកដ ។តែគ្រាន់តែថា យើងនៅតែគាំទ្រ និងចង់ឲ្យមានការដោះលែងអ៊ីចឹង»។
កាលពីដើមខែកក្កដា ក្រសួងយុត្តិធម៌ បានបង្ហាញលទ្ធផលនៃការអនុវត្តយុទ្ធនាការដោះស្រាយ សំណុំរឿងកកស្ទះក្នុងតុលាការថា មានសំណុំរឿងព្រហ្មទណ្ឌដែលត្រូវបានជំនុំជម្រះរួចនៅតាមសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស មាន ៣.៤៥៤សំណុំរឿង ស្មើនឹង ២៧ភាគរយនៃសំណុំរឿងដែលបានកកស្ទះ ប៉ុន្តែ មិនបានបង្ហាញថា តើមានអ្នកជាប់ឃុំប៉ុន្មាននាក់ត្រូវបានដោះលែងពីពន្ធនាគារដែលមានភាពចង្អៀតណែនខ្លាំងនេះទេ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រាប់អាស៊ីសេរីថា មកទល់ពេលនេះ ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារមិនទាន់ថយចុះនោះទេ ដោយសារក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ មិនទាន់ឈានដល់ដំណាក់កាលដោះលែងជនជាប់ឃុំដែលមានបទល្មើសស្រាលៗ នៅឡើយ ពោលគឺកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលើតួលេខ និងមូលហេតុឬបញ្ហាជាមុនសិន។ ទោះយ៉ាងណា លោកអះអាងថា ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារ ក៏មិនកើនឡើងខ្លាំងនោះដែរ ដោយសារមួយរយៈចុងក្រោយនេះ ក្រសួងយុត្តិធម៌ បានធ្វើការជាមួយស្ថាប័នតុលាការ ផ្អាកបញ្ជូនអ្នកទោសស្រាលៗ ទៅឃុំក្នុងពន្ធនាគារបណ្ដោះអាសន្ន ដោយគ្រាន់តែដាក់ពួកគេឲ្យស្ថិតក្រោមការ ត្រួតពិនិត្យតាមផ្លូវតុលាការ៖ «អត់អាន់ធូរទេ នៅតែចង្អៀតដដែលដូចមុនអ៊ីចឹង តែគ្រាន់តែថា យើងបានពន្លឿនសំណុំរឿងខ្លះទៅ យើងមានលទ្ធភាពក្នុងការផ្ទេរដូចថា កន្លែងមួយចង្អៀតខ្លាំង យើងអាចពេលដែលគាត់កាត់ទោសហើយ យើងអាចផ្ទេរគាត់ទៅកន្លែងផ្សេងទៀត ដែលវាមិនសូវចង្អៀត។ ដូច្នេះយើងរ៉េងវាអ៊ីចឹងវាធូរដែរ!»។
សេចក្ដីថ្លែងការណ៍រួមរបស់អង្គការលីកាដូ និងអង្គការលើកលែងទោសអន្តរជាតិ បង្ហាញថា ចំនួន អ្នកជាប់ឃុំក្នុងពន្ធនាគារនៅកម្ពុជា បានកើនឡើងពី ២១.៩០០នាក់ នៅចុងឆ្នាំ២០១៦ ដល់ ៣៨.៩៩០នាក់ គិតត្រឹមខែមីនា ឆ្នាំ២០២០ ទោះបីជាពន្ធនាគារនៅកម្ពុជាត្រូវបានប៉ាន់ប្រមាណថា អាចផ្ទុកមនុស្សបានត្រឹមចំនួន ២៦.៥៩៣នាក់ក៏ដោយ។ សេចក្ដីថ្លែងការណ៍ដដែល លើកឡើងថា ការកើនឡើងចំនួនជនជាប់ឃុំនេះ បន្ទាប់ពីមានយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងដោយសារការកើនឡើងច្រើនហួសហេតុនៃការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ។អង្គការទាំងពីរ រកឃើញទៀតថា ចំនួនក្មេងតាមម្ដាយដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ក៏បានកើនឡើងយ៉ាងខ្លាំង ដែលកើនពីចំនួន ៣០នាក់ នៅចុងឆ្នាំ២០១៥ ដល់ចំនួន ១០១នាក់ គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ខណៈ ក្មេងជាច្រើន ទៀតដែលច្បាប់ហាមឃាត់មិនឱ្យនៅក្នុងពន្ធនាគារ នៅតែត្រូវបានជាប់ឃុំជាមួយមនុស្សពេញវ័យ ដែលនេះជាការរំលោភកាតព្វកិច្ចសិទ្ធិមនុស្សនៅកម្ពុជា។ អង្គការសិទ្ធិមនុស្សទាំងពីរ ព្រួយបារម្ភថា ភាពចង្អៀតណែន ដែលរហូតដល់បន្ទប់ឃុំឃាំងតែមួយ ផ្ទុកអ្នកជាប់ឃុំរហូតដល់ ៥៣០នាក់ ថែមទាំងខ្វះខាតទឹកស្អាតប្រើប្រាស់ គ្មានអនាម័យ មិនអាចរក្សាគម្លាតពីគ្នា និងការលាងដៃឱ្យបានញឹកញាប់ គឺពិតជាមានហានិភ័យខ្ពស់បំផុតក្នុងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ ប្រសិនបើគ្មានការដោះស្រាយជាបន្ទាន់ទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហគមន៍ខ្មែរក្រោមសំដែងការសោកស្ដាយ ដែលក្រសួងការបរទេសខ្មែរមិនព្រមអន្តរាគមន៍ទៅវៀតណាម ឲ្យបញ្ឈប់ធ្វើទុក្ខបុកម្នេញខ្មែរក្រោម
- យុវជនខ្មែរក្រោមចង់បានសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បង្ហោះវីឌីអូអប់រំដែលមានចំណងជើងថា សិទ្ធិរបស់ខ្ញុំយុត្តិធម៌របស់ខ្ញុំ
- សមាគមខ្មែរក្រោម និងគណបក្សសង្គ្រោះជាតិ សោកស្ដាយដែលលោក ហ៊ុន សែន មិនបានស្នើវៀតណាម ឱ្យឈប់ធ្វើបាបខ្មែរក្រោម និងកុំបំពានទឹកដីខ្មែរ
- មន្ត្រីការបរទេសស្រមោលអូស្ត្រាលីអំពាវនាវឲ្យរដ្ឋាភិបាល កំណត់គោលដៅដាក់ទណ្ឌកម្មជនបរទេសណាចូលរួមរំលោភសិទ្ធិមនុស្សនៅក្នុងច្បាប់ Magnisky Act
- មន្ត្រីគណបក្សសង្គ្រោះជាតិទទួលបន្ទុកកិច្ចការព្រំដែន គាំទ្រសហគមន៍ខ្មែរក្រោម ទាមទារសិទ្ធិស្វ័យ សម្រេចដោយខ្លួនឯង
- មន្ត្រីសិទ្ធិមនុស្សថា ជនសង្ស័យខ្លាចរអាក្នុងការប្ដឹងប៉ូលិសប្រើអំពើហិង្សាលើខ្លួនដោយគ្មានហេតុផលនោះឡើយ
- សហព័ន្ធខ្មែរក្រោមព្រមានអាជ្ញាធរវៀតណាមថា សហព័ន្ធនឹងតវ៉ាទៅសហគមន៍អន្តរជាតិ បើវៀតណាមហ៊ានឃាត់ខ្លួនយុវជនខ្មែរក្រោមពីររូប ករណីប្រើប្រាស់បណ្ដាញសង្គម
- ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស APHR ជំរុញឲ្យរដ្ឋាភិបាលធានាថា រដ្ឋសភាអាចបំពេញការងារជាអ្នកតំណាងពិតប្រាកដរបស់ពលរដ្ឋប្រកបដោយប្រសិទ្ធភាព
- ក្រុមអង្គការសារព័ត៌មានអន្តរជាតិ ថ្កោលទោសការចាប់ខ្លួនកាសែតឈ្មោះ រស់ សុឃិត និងទាមទារឲ្យទម្លាក់បទចោទ