អាជ្ញាធរក្រុងប៉ោយប៉ែតថា មនុស្ស​៤​នាក់​ជា​សះ​ស្បើយ ខណៈ​៥៦​នាក់​ទៀត​បន្ត​​ព្យាបាល​ជំងឺ​ឈីក​នៅ​មន្ទីរ​ពេទ្យ

កូរ៉ូណាវីរុស | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ២៧ កក្កដា ២០២០ |ម៉ោង ១២:២១
VOD

ក្រុមអាជ្ញាធរក្រុងប៉ោយប៉ែតនិងក្រុមគ្រូពេទ្យចុះពិនិត្យអ្នកជំងឺគ្រុនឈីក នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត អំឡុងខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុក សាលាក្រុងប៉ោយប៉ែត)

ក្រុមអាជ្ញាធរក្រុងប៉ោយប៉ែតនិងក្រុមគ្រូពេទ្យចុះពិនិត្យអ្នកជំងឺគ្រុនឈីក នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត អំឡុងខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុក សាលាក្រុងប៉ោយប៉ែត)


អភិបាលក្រុងប៉ោយប៉ែត លោក គៀត ហ៊ុល អះអាងថា ពលរដ្ឋ ៤​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ ខណៈ​ពលរដ្ឋ ៥៦​នាក់​ទៀត ក្នុង​នោះ​មាន​កុមារ ២៨​នាក់​ផង​ដែរ កំពុង​បន្ត​សម្រាកព្យាបាល​ជំងឺ​គ្រុន​ឈីក​នៅមន្ទីរពេទ្យរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​នៅ​ឡើយ​គិតត្រឹមថ្ងៃទី២៦ ខែកក្កដា។

លោក គៀត ហ៊ុល ថ្លែងប្រាប់​វី​អូ​ឌីនៅថ្ងៃនេះ​ថា អ្នកជំងឺគ្រុនឈីកទាំង ៥៦​នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរ ក្នុងនោះ មានប្រុស ២០នាក់ និងស្រី ៣៦នាក់ ហើយ​ក្នុង​នោះ​មាន​ក្មេង​ប្រុស ១២​នាក់ និង​ក្មេង​ស្រី ១៦​នាក់​ផង​ដែរ។

អភិបាល​ក្រុង​ប៉ោយប៉ែត​រូប​នេះ បញ្ជាក់​ថា អ្នក​ជំងឺ ៤​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ និង​ត្រូវ​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ​នៅ​ថ្ងៃ​ម្សិ​លមិញ​នេះ ប៉ុន្តែ លោក​ថា ពលរដ្ឋ ៤​នាក់​ថ្មី​ទៀត ត្រូវ​បាន​នាំ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នាំ​ឱ្យ​ពលរដ្ឋ​កំពុង​បន្ត​សម្រាក​ព្យាបាល​ជំងឺ​ឈីក​នេះ មាន​ចំនួន ៥៦​នាក់​ដដែល។

លោក គៀត ហ៊ុល ប្រាប់ថា៖ «គិតត្រឹមម្សិលមិញ អ្នកឈឺគ្រុនឈីកមានចំនួន ៥៦​នាក់។ យើងនឹងចុះគ្រប់ភូមិមើល ប្រសិនជាមាន យើងនឹងយកមកព្យាបាល»

កាលពី​ថ្ងៃទី១៩ ខែកក្កដា អាជ្ញាធរក្រុង​ប៉ោយប៉ែត និង​មន្ត្រី​​សុខាភិបាល ​បានធ្វើតេស្តលើ​​សំណាកមនុស្សចំនួន ៥៦​នាក់ បន្ទាប់ពីពួកគេបានធ្លាក់ខ្លួនឈឺ និងមកសម្រាកនៅមន្ទីរពេទ្យជាបន្តបន្ទាប់ ដោយរក​ឃើញថា​ អ្នក​ទាំងនោះ​មាន​ផ្ទុកមេរោគ​គ្រុន​ឈី​ក។

លោក គៀត ហ៊ុល បញ្ជាក់នៅថ្ងៃនេះថា បន្ទាប់ពីមានពលរដ្ឋឈឺ ដោយសារ​គ្រុនឈីកបន្តបន្ទាប់ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បានចាត់វិធានការ​បាញ់ថ្នាំ​សម្លាប់​មូស និងចុះចែកថ្នាំអាប៊ែត​(ថ្នាំ​កម្ចាត់​ដង្កូវ​ក្នុង​ទឹក)ចំនួន ១​តោន ដល់​ប្រជាពលរដ្ឋ​ក្នុងរយៈពេលពីថ្ងៃនេះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​គ្រុនឈីក។

តាម​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល ​ជំងឺ​គ្រុន​ឈី​ក (CHIK​) បណ្ដាលមកពី​វី​រុស​​ឈី​គុន​ហ្គុ​នយ៉ា (Chikungunya Virus = CHIKV​)។ ជំងឺ​នេះ​ឆ្លងតាម​រយៈ​មូសខាំ ហើយ​មិន​ទាន់​មាន​​ថ្នាំ​ព្យាបាល​ជាក់លាក់​ទេ ប៉ុន្តែ​ គ្រូពេទ្យ​អាច​ព្យាបាល​អ្នកជំងឺ​ដាក់ថ្នាំ​តាម​រោគសញ្ញា។

​ខិត​បណ្ណ​របស់ក្រ​សួង​សុខាភិបាល​ដែល​ចេញផ្សាយ​កាលពី​ខែមិថុនា ឆ្នាំ២០១៦ បង្ហាញថា ជំងឺ​គ្រុន​ឈី​កកើតឡើង​ដោយសារ​មូស​ខ្លាខាំ ដែលធ្វើឱ្យ​អ្នកជំងឺ​គ្រុនក្តៅ​ពី ៣៩ ទៅ ៤០អង្សា​សេ។

អ្នកជំងឺគ្រុនឈីក​មានស្នាម​កន្ទួល​ក្រហម​លើ​ស្បែក អ្នកជំងឺ​អាច​ខ្សោះ​ជាតិទឹក​ដោយសារ​ក្អួត ហើយសាច់ដុំ​ចុះ​ខ្សោយ ហើម​ប្រអប់ដៃ​ប្រអប់ជើង ឈឺសន្លាក់​ម្រាមដៃ​ម្រាមជើង ឈឺក្បាល​ខ្លាំង ឈឺចង្កេះ អស់កម្លាំង​ខ្លាំង​ជាដើម។ គ្រុន​ឈី​ក អាច​ឱ្យ​អ្នកជំងឺ​ឈឺ​រយៈពេល​ពី ៥ថ្ងៃ ទៅ ១សប្ដាហ៍ ទើប​ជា​ធូរស្បើយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles