ពលរដ្ឋជាង៣០គ្រួសារនៅជាយរាជធានីភ្នំពេញរកអន្តរាគមន៍ពីលោក ហ៊ុន សែន ជួយដោះស្រាយវិវាទដីធ្លី

បញ្ហា​វិវាទដីធ្លី
លោក ឃុត សុគន្ធ |២៧ កក្កដា ២០២០ |ម៉ោង ១៧:៤៩
VOD

ពលរដ្ឋជាង៣០គ្រួសារ

ប្រជាពលរដ្ឋ ៣៣គ្រួសារនៅសហគមន៍មួយ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ


ប្រជាពលរដ្ឋ ៣៣គ្រួសារនៅសហគមន៍មួយ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយដោះស្រាយវិវាទដីធ្លីជូនពួកគេ។

ប្រជាពលរដ្ឋប្រហែលជាង ៣០នាក់ ​នៅថ្ងៃនេះ បានប្រមូលផ្តុំគ្នាឈរលើកបដារូបថតលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និងភរិយា​របស់​លោក នៅមុខវត្តបុទុមវតី ជាកន្លែងដែលមន្ត្រីខុទ្ទកាល័យចាំទទួលញត្តិពីប្រជាពលរដ្ឋមានបញ្ហាផ្សេងៗ។

ញត្តិដែល​ដាក់ទៅខុទ្ទល័យ បានឱ្យដឹងថា ប្រជាពលរដ្ឋ ៣៣គ្រួសារ ត្រូវបានបុគ្គលម្នាក់ឈ្មោះ សុខ ហេង ប្តឹងទៅតុលាការ ដោយចោទថា អ្នកភូមិទាំងនេះ បានរំលោភយកដីរបស់ខ្លួនទំហំ ១,៦០០ម៉ែត្រការ៉េ ស្ថិតក្នុងភូមិស្វាយចេក សង្កាត់គោករកា។

ញត្តិដដែលបញ្ជាក់ថា អ្នកភូមិទាំង​នោះ បានរស់នៅលើដីទំហំ​នោះ​តាំងពីឆ្នាំ ២០០៤ ក្រោយពីសាលារាជធានីភ្នំពេញ បានទុកដីនោះសម្រាប់បែងចែកឱ្យពួកគេនៅសហគមន៍ស្វាយចេកថ្មី ប៉ុន្តែ នៅឆ្នាំ២០២០នេះ បុគ្គលឈ្មោះ សុខ ហេង ចេញមកអះអាងថា ដីនោះជាដីរបស់ខ្លួន និងបានប្តឹងពលរដ្ឋទៅតុលាការថែមទៀត។

លោក ខៀវ ផល្លី ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋប្រាប់វីអូឌីបន្ថែមលើញត្តិថា ប្រជា​សហគមន៍​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​បុគ្គល សុខ ហេង ដោយ​ថា ដី​ទំហំ ១,៦០០ម៉ែត្ររ៉េនោះ ជាដីរបស់សហគមន៍ស្វាយចេកថ្មី។

លោក ខៀវ ផល្លី បន្ថែមថា៖ «សុំឱ្យសម្តេចជួយ និងរកយុត្តិធម៌ ពីព្រោះលោក សុខ ហេង បានប្តឹងប្រជាពលរដ្ឋពីបទលួចចូលកាន់កាប់អចលវត្ថុខុសច្បាប់ដែលជាដីរបស់គាត់។ ប្រជាពលរដ្ឋមិនបានទៅលួចទេ គឺពលរដ្ឋទៅនៅលើដីរបស់សហគមន៍ទេ។អ៊ីចឹង សុំឱ្យតុលាការ និងសម្តេចជួយចាត់វិធានការលើបុគ្គលម្នាក់នេះ»

បើ​តាម​លោក ខៀវ ផល្លី ញត្តិ​របស់​ប្រជាសហគមន៍​ត្រូវ​បាន​ទទួល​យក​ដោយ​លោក គង់ ចំរើន មន្ត្រីខុទ្ទល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ លោក ផល្លី ថា លោក គង់ ចំរើន មិនសន្យាអ្វីជាមួយពលរដ្ឋនោះទេ។

វីអូឌីបានព្យាយាមសុំការឆ្លើយតបពី លោក សុខ ហេង តាមរយៈប្រព័ន្ធទូរស័ព្ទដែលផ្តល់ដោយអ្នកភូមិដែរ និងទូរស័ព្ទចូលច្រើនដងត្រូវបានចុចផ្តាច់វិញ។

អភិបាល​រង​ខណ្ឌ​ព្រែកព្នៅ លោក ជា ខេមា បាន​ប្រាប់​ថា លោក​កំពុង​ជាប់​រវល់​ប្រជុំ ហើយ​មិន​អាច​បក​ស្រាយ​បាន​នោះ​ឡើយ។ ចំណែក​អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី បាន​លើក​ទូរស័ព្ទ​ដែល​វីអូឌី​ស្វែង​រក​ការ​បក​ស្រាយ​នោះ​ឡើយ​នៅ​ថ្ងៃ​នេះ។

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ករណីនេះ ប្រជាពលរដ្ឋត្រូវរកឯកសារ និងប្រមូលភុស្ភតាងឱ្យបានច្បាស់លាស់ ដើម្បីបង្ហាញទៅស្ថាប័នពាក់ព័ន្ធឱ្យជួយដោះស្រាយ។

អ្នកសិទ្ធិមនុស្សរូបនេះ លើកឡើងថា បច្ចុប្បន្ន លោកសង្កេតឃើញបញ្ហាវិវាទដីធ្លីបានផ្ទុះឡើងវិញ ដោយសារអ្នកមានលុយមានអំណាចមួយចំនួនបានរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ។

លោក វណ្ណ សុផាត បន្ថែមថា៖ «អ៊ីចឹង ប្រជាពលរដ្ឋហ្នឹងគួរតែស្វែងរកឯកសារឱ្យច្បាស់លាស់ជាភុស្ភតាងសម្រាប់យើងដាក់ទៅក្រសួងពាក់ព័ន្ធគេជួយដោះស្រាយ ជាពិសេសក្រសួងរៀបចំដែនដី ដើម្បីជួយពិនិត្យមើលរឿងហ្នឹង ពីព្រោះអីពលរដ្ឋអះអាងថា ដីហ្នឹងសាលារាជធានីភ្នំពេញបានរក្សាទុកឱ្យពួកគាត់ហើយ»

ញត្តិ​អ្នកភូមិអះអាងថា ដីទំហំ ១,៦០០ម៉ែត្ររ៉េ គឺជាដីរបស់សាលារាជធានីភ្នំពេញទុកចែកជូនសហគមន៍ស្វាយចេកថ្មី ដោយសហគមន៍មានប័ណ្ណសំគាល់រួម និងផែនទី ហើយមានការឯកភាពពីមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ និងអតីតអភិបាលរាជធានីភ្នំពេញលោក កែប ជុតិម៉ា កាលឆ្នាំ២០០៤៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "ពលរដ្ឋជាង៣០គ្រួសារនៅជាយរាជធានីភ្នំពេញរកអន្តរាគមន៍ពីលោក ហ៊ុន សែន ជួយដោះស្រាយវិវាទដីធ្លី"

  1. Anonymous says:

    what …asking that evil to help about their land my question is how ?? this evil have no ability at all he can not do any thing because his high ragging officers can take any land any where they wanted . HUN SEN was only toy leader every time he just burking but no one listening to him

  2. Anonymous says:

    haha ‘the big robber leader robbed your land and now you ask the robbers to help you ‘?? haha