ដោយ សេក បណ្ឌិត
2020-07-27
RFA

រូបសំណាកគោព្រៃ ២ក្បាល ជានិមិត្តរូបសម្រាប់សម្គាល់ខេត្តមណ្ឌលគិរី (RFA/Morm Moniroth)
មន្ត្រីសង្គមស៊ីវិល និងជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី ជំរុញឱ្យអាជ្ញាធរខេត្តនេះ និងស្ថាប័នពាក់ព័ន្ធ ដកហូតដីចម្ការស្រល់របស់រដ្ឋ ដែលក្រុមអ្នកមានឥទ្ធិពល រំលោភយកអស់រាប់ពាន់ហិកតារ។ ការលើកឡើងនេះ ក្រោយពីពួកគេសង្កេតឃើញថា ដីចម្ការស្រល់ឋិតនៅឃុំដាក់ដាំ និងឃុំសែនមនោរម្យ ស្រុកអូររាំង ត្រូវបានអ្នកមានអំណាច បោះរបងហ៊ុមព័ទ្ធយកជាកម្មសិទ្ធិបែបអនាធិបតេយ្យ។
ក្រុមជនជាតិដើមភាគតិចព្នង និង មន្ត្រីសង្គមស៊ីវិលចាត់ទុកការបណ្ដែតបណ្ដោយឱ្យក្រុមអ្នកមានអំណាច និងអាជ្ញាធរខិលខូច រំលោភបំពានយកដីចម្ការស្រល់ អស់រាប់ពាន់ហិកតារ គឺជាការធ្វេសប្រហែស មិនអនុវត្តច្បាប់ របស់អាជ្ញាធរពាក់ព័ន្ធ ខេត្តមណ្ឌលគិរី។ ពួកគេអះអាងថា ដីចម្ការស្រល់ មានទំហំប្រមាណ ២ពាន់ហិកតារ ឋិតក្នុងភូមិចំនួន៣ នៃឃុំសែមនោរម្យ ត្រូវគេហ៊ុមព័ទ្ធយកជាសម្បត្តិបុគ្គល នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជនជាតិដើមភាគតិច រស់នៅភូមិពូរាំង ពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ថ្លែងសុំលាក់ឈ្មោះ ឱ្យដឹងនៅថ្ងៃទី២៦ កក្កដាថា ក្រុមអ្នកមានអំណាច ដែលពួកគេមិនស្គាល់ឈ្មោះ បានយកពលរដ្ឋជាខែល បោះបង្គោលរបងហ៊ុមព័ទ្ធយកដីចម្ការស្រល់អស់រាប់ពាន់ហិកតារ។ លោកថា ការច្បាមយកដីចម្ការស្រល់ទាំងនេះ ធ្វើឱ្យប៉ះពាល់ ដល់កន្លែងឃ្វាលគោ ក្របី របស់អ្នកភូមិ ជាពិសេស បាត់បង់កេរដំណែលវប្បធម៌របស់ជនជាតិដើមភាគតិចព្នង៖ «ព្រួយបារម្ភហួសពីព្រួយ តាំងពីដើមមក ប៉ុន្តែគេមានអំណាច តែមិនដឹងធ្វើម៉េច? ឃុំដាក់ដាំ និងឃុំសែនមនោរម្យ មានការព័ន្ធរបងច្រើន។ វាប៉ះពាល់កន្លែងចិញ្ចឹមគោក្របី ដល់ឥឡូវគេព័ទ្ធរបង និងកាយប្រឡាយ យើងមិនដឹង ចិញ្ចឹមសត្វនៅឯណាទៀត»។
សមាជិកសហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី លោក ក្រើង តុលា សង្កេតឃើញថា ដីចម្ការស្រល់ ឋិតក្នុងភូមិពូរ៉ាង ភូមិពូហ្យាម និងភូមិពូទ្រូ ត្រូវបានក្រុមឈ្មួញ និងអ្នកមានអំណាច រំលោភយកមិនក្រោម ២ពាន់ហិកតារនោះទេ ដោយសារទីផ្សារដីឡើងថ្លៃខ្ពស់។ លោកថា ការបំពានដីចម្ការស្រល់ដោយខុសច្បាប់ទាំងនេះ មានជាប់ពាក់ព័ន្ធ មេភូមិ មេឃុំ និងអាជ្ញាធរស្រុក ធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លីមិនប្រក្រតី៖ «ភូមិ/ឃុំ ជាអ្នកធ្វើប្លង់ផ្ទេរសិទ្ធិកាន់កាប់ ហើយអ្នកមានៗ គេធ្វើដើរសុំទិសអ៊ីចឹងទៅ។ ដល់ពលរដ្ឋឃើញគេ ឱ្យលុយ ១ពាន់ដុល្លារទៅ ២ពាន់ដុល្លារ មានអីគ្រាន់តែដាក់ឈ្មោះគាត់។ យករូបភាព ពលរដ្ឋជាខែល ចង់និយាយអ៊ីចឹង»។
អាស៊ីសេរីបានព្យាយាមទាក់ទង អភិបាលស្រុកអូររាំង លោក សៀក មុន្នី និងប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី លោក សុខ ឃាង ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួល នៅថ្ងៃទី២៦ កក្កដា។ ចំណែកអ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី លោក សុក សេរ៉ា មានប្រសាសន៍ថា ដីចម្ការស្រល់ គ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ នឹងមិនអនុញ្ញាតឱ្យហ៊ុមព័ទ្ធធ្វើជាសម្បត្តិឯកជននោះទេ។ លោកបញ្ជាក់ថា បើមានការហ៊ុមព័ទ្ធយកដីនៅតំបន់នោះខុសច្បាប់ រដ្ឋបាលខេត្តនឹងដកហូតមកវិញ៖ «ដាច់ខាតត្រូវតែដកហូត មិនមែនជាដីព្រះមហាក្សត្រ ដាំស្រល់ អាហ្នឹងយើងដកមកវិញហើយ។ ជាគោលការណ៍ ដីរដ្ឋយើងដកមកវិញ»។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា អាជ្ញាធរខេត្តគួរតែនិរាករណ៍ និងមោឃភាពរាល់លិខិត ទិញលក់ដីនៅតំបន់នោះទាំងអស់ និងត្រូវដកហូតជាសម្បត្តិរដ្ឋ។ លើសពីនេះទៀត អាជ្ញាធរមានសមត្ថកិច្ច ត្រូវស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ ដែលហ៊ុមព័ទ្ធយកដីចម្ការស្រល់ ឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៖ «មន្ត្រីនគរបាលយុត្តិធម៌ដែលទទួលខុសត្រូវនូវតំបន់ចម្ការស្រល់ ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ដោយនាំយកឧក្រិដ្ឋជនទាំងអស់ហ្នឹង មានបំណងបំផ្លាញព្រៃស្រល់យកដី ហើយត្រូវបញ្ជូនទៅស្ថាប័នអយ្យការខេត្តមណ្ឌលគិរី។ ប្រសិនបើខ្លួនមិនធ្វើទេ សហគមន៍ និងសង្គមស៊ីវិល នឹងប្ដឹងបរិហារអ្នកទាំងអស់ហ្នឹង»។
សហគមន៍ជនជាតិដើមភាគតិចបន្ថែមថា ដីចម្ការស្រល់មានទំហំជាង ២ម៉ឺនហិកតារឋិតក្នុងស្រុកអូររាំង ត្រូវបានអតីតព្រះមហាក្សត្រនរោត្តម សីហនុ ដាំនៅអំឡុងឆ្នាំ១៩៦០ ហើយបច្ចុប្បន្ន មានមន្ត្រីរដ្ឋបាលព្រៃឈើ របស់ក្រសួងកសិកម្មគ្រប់គ្រង និងអភិរក្ស។ ចម្ការស្រល់ ដែលដុះតាមដំបន់ភ្នំខ្ពង់រាបដីក្រហម មានជីវជាតិ អមដោយទេសភាពស្រស់ស្អាត ដែលអតីតព្រះមហាក្សត្របានចាត់ទុកតំបន់នោះ ជាឋានសួគ៌ទេសភាព បម្រើវិស័យទេសចរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមយុវជនបន្តយុទ្ធនាការសង្គ្រោះកោះកុងក្រៅតាមហ្វេសប៊ុក
- ក្រុមយុវជនរកឃើញបទល្មើសព្រៃឈើ ៦០ករណីថ្មីទៀត ក្នុងព្រៃព្រះរកា
- ក្រុមអ្នកស្រឡាញ់បរិស្ថានចេញសេចក្ដីថ្លែងស្នើបិទរោងចក្រអារឈើជាប់ព្រៃឡង់
- គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទាមទារឲ្យរដ្ឋាភិបាលសិក្សាផល ប៉ះពាល់លើគម្រោងអភិវឌ្ឍកោះនរា
- ប្រវត្តិតស៊ូការពារព្រៃឈើ របស់លោក យឹម សុភក្ត្រ សកម្មជនព្រៃឡង់ខេត្តស្ទឹងត្រែង
- សង្គមស៊ីវិលស្នើឱ្យស៊ើបអង្កេតករណីសកម្មជនព្រៃឡង់ម្នាក់ស្លាប់ពេលអង្កេតបទល្មើសព្រៃឈើ
- សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង ស្នើអាជ្ញាធរស៊ើបអង្កេតការឈូសឆាយដីព្រៃឡង់ជិត ៣ពាន់ហិកតារ
- អាជ្ញាធរខេត្តកំពង់ធំកំពុងសង្គ្រោះស្រូវជាង ៣ពាន់ហិកតារដែលជួបគ្រោះរាំងស្ងួត
- លោក ទៀ បាញ់ បញ្ជាឱ្យ កងរាជអាវុធហត្ថ បង្ក្រាបការកាប់ទន្ទ្រានដីព្រៃរដ្ឋ
- ក្រុមយុវជនចលនាមាតាធម្មជាតិរកឃើញខ្យល់ពុលក្នុងកម្រិតខ្ពស់តាមបណ្ដោយផ្លូវជាតិលេខ៣