ព័ត៌មានជាតិ | សុខភាព
កញ្ញា ខាន់ លក្ខិណា | ២៨ កក្កដា ២០២០ |ម៉ោង ១៥:៣៨
VOD

ពលរដ្ឋដែលមានអាការក្ដៅខ្លួននិងមានកន្ទួលក្រហម សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ (KPS)
មន្ត្រីសុខាភិបាលខេត្តព្រះសីហនុ អះអាងថា ពលរដ្ឋចំនួន១៤នាក់ ក្នុងនោះមានទាំងកុមារ៦នាក់ផងដែរ រស់នៅក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ បានធ្លាក់ខ្លួនឈឺនិងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនេះកាលពីម្សិលមិញ បន្ទាប់ពីមានអាការក្តៅខ្លួននិងចេញកន្ទួលក្រហមនៅលើស្បែក។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ អ្នកស្រី លឹម សាមាន ប្រាប់វីអូឌីនៅថ្ងៃនេះថា ពលរដ្ឋដែលឈឺទាំង១៤នាក់ ក្នុងនោះមានកុមារ៦នាក់ ហើយបច្ចុប្បន្នពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ អ្នកស្រីបន្តថា មន្ទីរសុខាភិបាលបានយកសំណាកអ្នកជំងឺចំនួន៨នាក់ មកពិនិត្យនៅរាជធានីភ្នំពេញ ដោយសង្ស័យថា អ្នកទាំងនោះមានជំងឺគ្រុនឈីក។
អ្នកស្រី លឹម សាមាន ប្រាប់ថា៖ «យកសំណាកមកពិនិត្យដោយសង្ស័យគ្រុនឈីក ហើយយើងយកសំណាកអ្នកឈឺតែ៨នាក់។ អាហ្នឹងគេតម្រូវឱ្យតែប៉ុណ្ណឹង ដោយសារពួកគាត់ទាំងអស់ហ្នឹង បើអ្នកណាមានមួយ ពួកគាត់អាចស្ថិតនៅក្នុងចំណោមហ្នឹង យើងអាចធ្វើរោគវិនិច្ឆ័យបាន»។
មន្ត្រីសុខាភិបាលរូបនេះបានឱ្យដឹងទៀតថា មន្ត្រីសុខាភិបាលខេត្តកំពុងចុះតាមដានសុខភាពប្រជាពលរដ្ឋដទៃទៀតនៅតាមភូមិមួយចំនួនទៀតនៅក្នុងខេត្តនេះ។
តាមមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ជំងឺគ្រុនឈីក (CHIK) បណ្ដាលមកពីវីរុសឈីគុនហ្គុនយ៉ា (Chikungunya Virus =CHIKV)។ ជំងឺនេះឆ្លងតាមរយៈមូសខាំ ហើយមិនទាន់មានថ្នាំព្យាបាលជាក់លាក់ទេ ប៉ុន្តែគ្រូពេទ្យអាចព្យាបាលអ្នកជំងឺដោយដាក់ថ្នាំតាមរោគសញ្ញា។
ខិតបណ្ណរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០១៦ បង្ហាញថា ជំងឺគ្រុនឈីកកើតឡើងដោយសារមូសខ្លាខាំ ដែលធ្វើឱ្យអ្នកជំងឺគ្រុនក្តៅពី ៣៩ ទៅ ៤០អង្សាសេ។
អ្នកជំងឺគ្រុនឈីកមានស្នាមកន្ទួលក្រហមលើស្បែក អ្នកជំងឺអាចខ្សោះជាតិទឹកដោយសារក្អួត ហើយសាច់ដុំចុះខ្សោយ ហើមប្រអប់ដៃប្រអប់ជើង ឈឺសន្លាក់ម្រាមដៃម្រាមជើង ឈឺក្បាលខ្លាំង ឈឺចង្កេះ អស់កម្លាំងខ្លាំងជាដើម។ គ្រុនឈីកអាចធ្វើឱ្យអ្នកជំងឺឈឺរយៈពេលពី ៥ថ្ងៃ ទៅ១សប្ដាហ៍ ទើបជាធូរស្បើយ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។