រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​មិន​និយាយ​ពី​មូល​ហេតុ​ ដែល​កម្ពុជា​ មិន​ទិញ​វ៉ាក់​សាំង​ កូវីត​ ១៩​ ពី​ប្រទេស​ចិន

ហេង រស្មី
2020-12-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​មិន​និយាយ​ពី​មូល​ហេតុ​ ដែល​កម្ពុជា​ មិន​ទិញ​វ៉ាក់​សាំង​ កូវីត​ ១៩​ ពី​ប្រទេស​ចិន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនរូប៖ ហ្វេសប៊ុក


អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ្នក​ស្រី​ ឱ វណ្ណឌិន​ មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ពិត​ប្រាកដ​ ដែល​កម្ពុជា​ជ្រើសរើស​វ៉ាក់សាំង​ពី​ប្រទេស ដែល​ទទួលស្គាល់​ ដោយ​អង្គការ​សុខភាព​ពិភព​លោក។​ អ្នក​ស្រី​គ្រាន់​តែ​និយាយ​យ៉ាង​ខ្លី​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ពន្យល់​រួច​អស់​ហើយ។​ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល​លោក​ ម៉ម ប៊ុនហេង​ ក៏​បដិសេធ​មិន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ដែរ​កាល​ពី​ថ្ងៃ​ទី​ ១៦ ​ធ្នូ​។​ ​

លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​ ១៥​ ធ្នូ​ បាន​​បញ្ជាក់​ថា​ រដ្ឋាភិបាល​នៅ​តែ​រក្សា​ជំហរ​​ទិញ​វ៉ាក់សាំង​​ពី​ប្រទេស​ណា​ ដែល​មាន​​ការ​ទទួល​ស្គាល់​​​អង្គការ​សុខភាព​ពិភពលោក​។ ទោះ​យ៉ាង​ណា លោក ហ៊ុន សែន បញ្ជាក់​ថា​ តាម​គោលការណ៍​​មនុស្ស​ធម៌​(COVAX) កម្ពុជា នឹង​ទទួល​បាន​ជំនួយ​វ៉ាក់សាំង ​ពី​អង្គការ​សុខភាព​ពិភព​លោក ចំនួន​២០​ភាគ​រយ នៃ​ប្រជាជន​សរុប ហើយ​ដំណាក់​កាល​ដំបូង នឹង​ផ្ដល់​មក​ឲ្យ​កម្ពុជា ចំនួន​៣​ភាគ​រយ​សិន​។ ដូច្នេះ កម្ពុជា​ នឹង​ទិញ​វ៉ាក់សាំង​ ឲ្យ​ពលរដ្ឋ​ចំនួន​​៨០​ភាគរយ​​ផ្សេង​ទៀត ដែល​ស្មើ​​​ប្រមាណ​ដប់​បី​លាន (១៣លាន) នាក់៖​«​កម្ពុជា​ទទួល​ទិញ​របស់​ប្រទេស​ណា​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​តែ​ប៉ុណ្ណោះ​។កម្ពុជា​ នឹង​មិន​យក​ពលរដ្ឋ​របស់​ខ្លួន​ ធ្វើតេស្ត​វ៉ាក់សាំង​សម្រាប់​ក្រុម​ហ៊ុន ឬ​ប្រទេស​ណា​នោះ​ទេ​ ហើយ​រឿង​នេះ​ជា​គោល​ជំហ៊រ​ ដាច់​ខាត​របស់​ហ៊ុន សែន។»

 ពាក់ព័ន្ធនឹងបញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន​ មាន​ប្រសាសន៍​ថា​ កម្ពុជា​មិន​ប្រកាន់​ថា​ វ៉ាក់សាំង​មក​ពី​ប្រទេស​ណា​នោះ​ទេ​ ឱ្យ​តែ​វ៉ាក់សាំង​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​ ពី​ព្រោះ​បញ្ហា​ អនាម័យ​ និង​វិធាន​ការណ៍​សុខភាព​ មាន​តែ​អង្គការ​សុខភាព​ពិភព​លោក​ មួយ​ប៉ុណ្ណោះ​ដែល​អាច​យក​ជា​ការ​បាន​។​លោក​បន្ត​ថា​ លោក​និយាយ​ដូច្នេះ​ មិនមែន​មាន​ន័យ​ថា​ ប្រទេស​ចិន​ផលិត​វ៉ាក់សាំង​គ្មាន​គុណភាព​នោះ​ទេ៖​«​ចំពោះ​ប្រទេស​ចិន​ ប្រទេស​ណា​ក៏​ដោយ​សម្ដេច​លោក​មិន​ ចង់​ឃើញ​ថា​ យក​ប្រជាពលរដ្ឋ​ខ្មែរ​ ហ្នឹង​ជា​ ពិសោធន៍​ដូច​សត្វ​ទន្សាយ​ ដូច​សត្វ​កណ្ដុរ នោះ​ទេ។​ សម្ដេច​លោក​មិន​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ ក្លាយ​ទៅ​ជា​ទិស​ដៅ​ពិសោធន៍​នៅ​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​នោះ។»

ប្រទេស​ចិន​ និង​កម្ពុជា​បាន​ប្រកាស​ហើយ​ថា​ ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិច​ ហើយ​នៅ​ពេល​ដែល​ជំងឺ​កូវីត​ ១៩​ ចាប់​ផ្ដើម​ផ្ទុះ​ឡើង​។លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ចុង​ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ បាន​ទៅ​បំពេញ​ទស្សនកិច្ច​ ដោយ​គ្មាន​ការ​គ្រោង​ទុក្ខ​ រហូត​ដល់​ ប្រទេស​ចិន​ផ្ដល់​រហ័ស​នាម​ ឱ្យ​លោក​ថា​ ជា​បរុស​ សង្ហា​ ដើរ​បញ្ច្រាស​ខ្យល់​ ថែម​ទៀត​ផង។

លោក​ ហ៊ុន សែន​​ក្រោយ​ពី​បាន​វិល​ត្រឡប់​មក​កាន់​កម្ពុជា​ លោក​បាន​ថ្លែង​ការពារ​មហាមិត្ត​ ដែល​ជាមិត្ត​ដែក​ថែប​របស់​លោក​ ដោយ​ប្រកាស​ថា​ លោក​មិន​ខ្លាច​ជំងឺ​កូវិត​ ១៩​ រហូត​ទាល់​តែ​ ថ្ងែ​ ៣១​ កុម្ភះ​ ទើប​កម្ពុជា​ មាន​ជំងឺ​កូវិត​ ១៩។​ ទង្វើ​ដែល​លោក​ ហ៊ុន សែន​ បាន​ធ្វើ​កន្លង​មក​ ត្រូវ​អ្នក​វិភាគ​លើក​ឡើង​ថា​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្គាប់​ចិត្ត​មហា​មិត្ត​​ចិន​​ និង​ចង់​បង្ហាញ​រួម​ សុខ រួម​ទុក្ខ​ជាមួយ​ប្រទេស​ចិន​ នៅ​ពេល​មាន​ជំងឺ​កូវីត​ ១៩​។​

លោក​ ហ៊ុន សែន​ ទើប​តែ​ប៉ុន្មាន​ ខែ​ចុង​ក្រោយ​នេះ​ ដោយ​មាន​ការ​​ភ័យ​ខ្លាច​ជំងឺ​កូវីត​១៩​ កាន់​តែ​ខ្លាំង​ ដោយ​ត្រូវ​ឱ្យ​ចាត់​វិធាន​ការ​ក្តៅ​ដើម្បី​ ទប់​ស្កាត់​ការ​រីក​រាល​ដាល់​ចូល​នៅ​ក្នុង​សហគមន៍​ និង​ចាប់​អ្នក​រិះ​គន់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែល​ហ៊ាន​ ឌឺដង​ វិធាន​ការណ៍​របស់​លោក​ ប្រឆាំង​ នឹង​ជំងឺ​កូវីត​ ១៩​ ដែល​លោក​ទើប​នឹង​ដាក់​ចេញ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ថែម​ទៀត​ផង។​

មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​នឹង​ចែក​ចាយ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ ស៊ីណា​វ៉ាក់​ បាយ​អូតិច​ (Sinavac Biotech)​ ចែក​ចាយ​ទៅ​ប្រទេស​នៅ​តំបន់​អាស៊ាន​ទាំងមូល​ ​រួម​មាន​ប្រទេស​ប្រទេស​ ឥណ្ឌូ​នេស៊ី​ (Indonesia)​ ម៉ាឡេស៊ី ​(Malaysia) ​និង​ ហ្វីលីពីន​ (Philippines)​ ដែល​ជា​ក្រុម​ប្រទេស​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ចិន​ផង​នោះ​ យក​វ៉ាក់សាំង​របស់ចិន​នេះ​មក​ធ្វើ​តេស្ដ​សាកល្បង។​

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​លោក​ បណ្ឌិត​ សេង សារី​ មាន​ប្រសាសន៍​ថា​ មូល​ហេតុ​ដែល​រដ្ឋាភិបាល​កម្ពុជា​ មិន​ទិន​វ៉ាក់សាំង​ជំងឺ​កូវីត​១៩​ ពី​ប្រទេស​ចិន​ ​ប្រហែល​ជា​ប្រទេស​នេះ​ ​មិន​មាន​ជំនឿ​ទៅ​លើ​គុណ​ភាព​ ហើយ​រដ្ឋាភិបាល​ក៏​មាន​ភាព​ឆ្លាត​វៃ​​ វា​ទាល់​តែ​វ៉ាក់សាំង​ណា​ ដែល​ទទួល​ស្គាល់​អង្គការ​សុខ​ភាព​ពិភព​លោក។​

លោក​បន្ត​ថា​ អ្វី​ដែល​សំខាន់​គឺ​រដ្ឋាភិបាល​ មិន​ចង់​ប្រឈម​ ទៅ​នឹង​អ្វី​ដែល​ជា​ ការ​ប្រថុយ​ប្រថាន​ នៅ​ក្នុង​ការ​ប្រើប្រាស់​ វ៉ាក់សាំង​ ដែល​មិន​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ទេ​ ហើយ​ក្នុង​ករណី​ដែល​កម្ពុជា​បញ្ជា​ទិញ​ផ្ទាល់​ពី​ប្រទេស​ចិន​ ហើយ​មិន​ទាន់​ឆ្លង​កាត់​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​ រួច​ហើយ​យក​មក​ប្រើ​ប្រាស់​ ប្រសិន​បើ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ នោះ​រដ្ឋាភិបាល​ពិបាក​ក្នុង​ការ​បកស្រាយ​ ទៅ​នឹង​ពលរដ្ឋ​របស់​ខ្លួន៖​«​សម្រាប់​ខ្ញុំ​ផ្ទាល់​ខ្ញុំ​គាំទ្រ​ទៅ​លើ​ វ៉ាក់សាំង​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​អង្គការ​សុខភាព​ពិភព​លោក​ទទួល​ស្គាល់​សិន​ ថា​ផលិតផល​នេះ​ត្រូវ​បាន​ធានា​នៅ​ក្នុង​ការ​ប្រើប្រាស់​វ៉ាក់សាំង។»

ទាក់​ទិន​និង​បញ្ហា​នេះ​ អ្នក​វិភាគ​សង្គម​លោក​ បណ្ឌិត​ មាស នី​ មាន​ប្រសាសន៍​ថា​ ការ​បញ្ជា​ទិញ​វ៉ាក់​សាំង​ គឺ​ប្រទេស​នីមួយ​ៗ​ ត្រូវ​តែ​គិត​អំពី​គុណភាព​ និង​សុវត្ថិភាព​ ដែល​គួរ​ឱ្យ​ទុក​ចិត្ត​បាន។​លោក​ថា​ អ្វី​ដែល​ជា​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ ក្នុង​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​ ពី​អង្គការ​សុខភាព​ពិភព​លោក​នេះ​ ដោយ​សារ​តែ​​អង្គការ​សុខភាព​ពិភព​លោក​ មាន​កម្មវិធី​មួយ​ដើម្បី​បញ្ចុះ​តម្លៃ​ ដល់​ប្រទេស​ក្រី​ក្រ​ដូច​ជា​ប្រទេស​កម្ពុជា​ ដែល​អាច​លក់​ក្នុង​តម្លៃ​ថោក​ជាង​ប្រទេស​ដ៏​ទៃ​ ថែម​ទៀត​ផង៖​«ខ្ញុំ​ក៏​មិន​ដឹង​ប្រទេស​នៅ​លើ​ពិភព​លោក​ រួម​ទាំង​កម្ពុជា​ផង​ហ្នឹង​ មាន​ទំនុក​ចិត្ត​ប៉ុណ្ណា​​ទៅ​លើ​គុណ​ភាព​ វ៉ាក់សាំង​ របស់​ចិន​។​ ខ្ញុំ​មិន​បរិយាយ​ទេ​ ដោយ​សារ​ខ្ញុំ​មិន​មែន​អ្នក​បច្ចេកទេស​។ ចោទ​ចិន​ថា​ផលិត​វ៉ាកសាំង​មិន​មាន​គុណភាព​ វា​អត់​មាន​អ្វី​អំណះអំណាង​ទេ​។​ ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​ការ​ ទិញ​វ៉ាក់សាំង​ពី​អង្គការ​សុខភាព​ពិភព​លោក​ប្រហែល​ជា​អាច​ មាន​ការ​បញ្ចុះ​តម្លៃ​ធូរ​ថ្លៃ​ដែល​​ អាច​ធ្វើ​ឱ្យ​កម្ពុជា​ជា​ប្រទេស​ក្រី​ក្រ​អាច​ទិញ​​វ៉ាក់​សាំងយក​មក​ចាក់​បាន​គ្រប់​គ្នា​។​»

មក​ដល់​ពាក់​កណ្ដាល​ខែ​ធ្នូ​ នេះ មន្រ្តី​អង្គការ​សុខភាព​ពិភពលោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ថា​កម្ពុជា​អាច​ត្រូវ​រង់ចាំ​រហូត​ដល់​ខែ​ មិថុនា​ ឆ្នាំ​ ២០២១​ ទើប​មាន​វ៉ា់ក់សាំង​ចាក់​បង្ការ​ជំងឺកូវីដ-១៩។​ ការ​លើក​ឡើង​នេះ​ ស្របគ្នា​ទៅ​នឹង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ អ្នកស្រី​ ឱ វណ្ណឌីន​ មិន​ទាន់​អាច​បញ្ជាក់​បាន​ ថា​តើ​កម្ពុជា​នឹង​បាន​វ៉ាក់សាំង​ដំបូង​ ពី​ក្រុមហ៊ុន​របស់​ប្រទេស​ណា​មួយ​នៅឡើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles