តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោកស្រី ពេជ្រ សុធារី | ០៨ មករា ២០២១ |ម៉ោង ១០:២៧
VOD

ក្រុមស្ត្រីជាសាច់ញាតិរបស់អតីតមន្ត្រីបក្សប្រឆាំងដែលកំពុងជាប់ឃុំខ្លួន ប្រមូលផ្ដុំតវ៉ាទាមទារឱ្យដោះលែងក្រុមគ្រួសារពួកគេ នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)
ក្រុមស្ត្រីជាង១០នាក់ ដែលជាភរិយានិងសាច់ញាតិរបស់សកម្មជនអតីតបក្សប្រឆាំងដែលជាប់ឃុំ នៅព្រឹកថ្ងៃសុក្រនេះ បាននាំគ្នាប្រមូលផ្តុំជាថ្មីនៅមុខសាលាដំបូងរាជធានីភ្នំពេញ និងបានដើរតវ៉ាតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ទាមទារឱ្យមានការដោះលែងស្វាមីនិងគ្រួសាររបស់ពួកគេ។
អ្នកស្រី អ៊ុក ចាន់ធី ជាភរិយាសកម្មជនអតីតបក្សប្រឆាំងមួយរូបដែលកំពុងជាប់ឃុំ បាននិយាយថា ការដែលពួកគាត់នាំគ្នាប្រមូលផ្តុំតវ៉ានិងដើរតាមដងផ្លូវនេះ ធ្វើឡើងក្នុងគោលបំណងសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងស្វាមីនិងគ្រួសាររបស់ពួកគាត់ឱ្យមានសេរីភាពវិញ។
អ្នកស្រីថា៖ «ប្តីខ្ញុំអត់មានកំហុសអីទេ […] ប្តីរបស់ខ្ញុំជាឆ្នាំងបាយរបស់ខ្ញុំ ខ្ញុំគ្មានអ្វីសុំក្រៅពីការសុំឱ្យដោះលែងនិងទម្លាក់ចោលការចោទប្រកាន់ប្តីរបស់ខ្ញុំ […] ខ្ញុំសុំតែប៉ុណ្ណឹងទេ ខ្ញុំគ្មានពេលចង់មកដើរតវ៉ាអញ្ចឹងទេ»។
ការប្រមូលផ្តុំនិងដើរតវ៉ានៅតាមដងផ្លូវនោះ ក៏មានការឃ្លាំមើលពីសំណាក់ក្រុមសមត្ថកិច្ចនិងប្រជាការពារជាច្រើននាក់ផងដែរ ដោយមានការប៉ះទង្គិចពាក្យសម្តីនិងរុញច្រានគ្នាខ្លះ។ ក្រុមអាជ្ញាធរបានព្យាយាមរារាំងក្រុមស្ត្រីទាំងនោះ មិនឱ្យបន្តដើរតាមដងវិថីនានានៅចំណុចក្បែរផ្សារដេប៉ូ ខណ្ឌ៧មករា ដោយថា ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងបង្កការកកស្ទះចរាចរណ៍។
ទោះយ៉ាងណា ក្រុមស្ត្រីទាំងនោះបាននាំគ្នាបន្តទៅប្រមូលផ្តុំនៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បន្តទៀត ដើម្បីស្នើឱ្យស្ថាប័នមួយនេះជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងស្វាមីនិងគ្រួសាររបស់ពួកគាត់។
បើតាមក្រុមស្ត្រីទាំងនោះ ពួកគេបានធ្វើយុទ្ធនាការតវ៉ាជារៀងរាល់ថ្ងៃសុក្រ ដើម្បីទាមទារឱ្យដោះលែងស្វាមីនិងគ្រួសាររបស់ពួកគាត់ ពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គទូតនានា អស់រយៈពេលប្រមាណជិត៣០សប្តាហ៍មកហើយ គិតមកដល់ថ្ងៃសុក្រនេះ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។