ហេង រស្មី
2021-01-08
RFA

ជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ៧ មករា ក្រោយពីបានចាក់សម្លាប់មិត្តភ័ក្ដិខ្លួនឯង ជនជាតិចិនដូចគ្នានៅព្រំដែនអន្តរជាតិប៉ោយប៉ែត។ រូបថត៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មន្រ្តីប៉ូលិសឲ្យដឹងថា សមត្ថកិច្ច ចាប់ខ្លួនជនជាតិចិនម្នាក់ក្រោយពីបានចាក់ សម្លាប់ជនជាតិចិនដូចគ្នាម្នាក់ទៀតដែលស្នាក់នៅបន្ទប់ជាមួយគ្នា។
លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា សមត្ថកិច្ចថ្ងៃទី៩ មករា នេះនឹងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីរង់ចាំជំនុំជម្រះទោសពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
លោក ថា សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិនម្នាក់កាលពីថ្ងៃទី៧ មករា កន្លងទៅនេះនៅក្នុងបន្ទប់ជួលមួយកន្លែងនៅតំបន់ព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីជនសង្ស័យបានយកកាំបិតចុងស្រួចមកចាក់ចំបំពង់ក ជនរងគ្រោះ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោកបន្តថា ដើមហេតុដែលនាំឱ្យមានជម្លោះនេះកើតឡើងគឺដោយសាររឿងជម្លោះឈ្លោះទាស់ទែងពាក្យសំដីគ្នារវាងជនរងគ្រោះ និងជនដៃដល់៖« វាទំនាស់ហ្នឹងដោយសារភាពគីរងគ្រោះហ្នឹងវាស្រវឹង ឡូឡាអត់ព្រមដេក ហើយភាគីជនដៃដល់នេះ វាខឹងវា ទៅឃាត់ឱ្យដេក ហើយឈ្លោះប្រកែកគ្នា ក៏ចាក់សម្លាប់តែម្ដងទៅ។ ឥឡូវនេះកំពុងកសាងសំណុំរឿងតាមនីតិវិធីទៅតុលាការ ប្រហែលជាស្អែកអីបញ្ជូនចេញហើយ។»
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ជនជាតិចិននៅតំបន់ប៉ោយប៉ែត បានបង្កអំពើអសន្តិសុខដែលមើលទៅហាក់បីដូចជាក្រុមទំនើង និងមិនគោរពច្បាប់របស់កម្ពុជាទេ។លោកថា ជនជាតិចិនពេលខ្លះដេញវ៉ៃជនជាតិចិនគ្នាឯង សេពគ្រឿងស្រវឹង ស្រែកឡូឡា និងជក់បារី។
លោកបន្តថា សកម្មភាពរបស់ជនជាតិចិននេះ បានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅតំបន់ប៉ោយប៉ែត ដែលទាមទារឱ្យសមត្ថកិច្ចត្រូវតែពង្រឹងសណ្ដាប់ធ្នាប់ឡើងវិញ៖«គឺកម្ពុជាមានការព្រួយបារម្ភ ពីព្រោះនៅក្នុងកម្ពុជាយើងឃើញថា ពុំសូវមានអ្នកច្រឡោងខាងដូចជាពួកជនពាល មកចឹងទេ គឺសុំឱ្យពួកគាត់នៅប្រទេសគាត់ធ្វើយ៉ាងណាជារឿងរបស់គាត់។ ប៉ុន្តែនៅកម្ពុជាត្រូវចូលស្ទឹងតាមបទរបស់កម្ពុជា។»
សមត្ថកិច្ចឲ្យដឹងថា សមត្ថកិច្ចបានចាប់ជនជាតិចិនជិត៤០០នាក់ កាលពីឆ្នាំ ២០២០ កន្លងទៅនេះ នៅក្នុងខេត្តព្រះសីហនុ ទីក្រុងភ្នំពេញ និងខេត្តបន្ទាយមានជ័យ ក្នុងសំណុំរឿងផ្សេងៗគ្នា ពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀនខុសច្បាប់ ចាប់ជំរិត ចោរកម្ម និងការប្រើប្រាស់អំពើហិង្សា ទៅលើជនជាតិចិនដូចគ្នា និងឃាតកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គម្រោងសាងសង់ផ្លូវល្បឿនលឿននៅតែបន្តទៅមុខដោយគ្មានឧបសគ្គបើទោះបីជាកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺកូវីដ ១៩
- ចិនជូនដំណឹងប្រទេសតាមខ្សែទឹកខាងក្រោមទន្លេមេគង្គពីការកាត់បន្ថយរំហូរទឹកទន្លេ
- ប្រជាពលរដ្ឋរងគ្រោះដីធ្លីជាមួយក្រុមហ៊ុនចិននៅក្នុងខេត្តកោះកុងជំរុញឱ្យអាជ្ញាធរបញ្ចប់ជម្លោះនៅដំណាច់ឆ្នាំ ២០២០
- អាជ្ញាធរកំពង់ស្ពឺឈូសកម្ទេចផ្ទះ និងដំណាំពលរដ្ឋ ៣គ្រួសារដើម្បីអភិវឌ្ឍគម្រោងផ្លូវល្បឿនលឿន
- “ការដាក់ទណ្ឌកម្មរបស់អាមេរិកលើអ្នកជំនួញចិនរកស៊ីនៅកម្ពុជានឹងធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា”
- អ្នកវិភាគស្នើឱ្យ រដ្ឋាភិបាលពិនិត្យមើលផលប៉ះពាល់បរិស្ថាន មុននឹងសម្រេចចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនសាងសង់ទំនប់វារីអគ្គិសនី ស្ទឹងតាតៃលើ
- សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន ៤ នាក់ សង្ស័យថា ជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស
- អ្នកជំនាញកសិកម្មស្វាគមន៍កម្ពុជានាំចេញផ្លែស្វាយលើកដំបូងទៅប្រទេសចិន
- ក្រុមហ៊ុនចិនឈ្នះការដេញថ្លៃកែលម្អព្រលានយន្តហោះភ្នំពេញអន្តរជាតិ ពីក្រុមហ៊ុនបារាំង
- សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន៤ នាក់ ពីបទមានចេតនាទុច្ចរិត