ហេង រស្មី
2021-01-09
RFA

ទីតាំងបូមខ្សាច់ទី១ នៅឃុំតានួន ស្រុកបុទុមសាគរ ខេត្តកោះកុង ទំហំ ១០៩ ហិកតារ ដែលក្រសួងរ៉ែ និងថាមពលគ្រោងដាក់ឱ្យក្រុមហ៊ុនដេញថ្លៃបូមយកល្បាយខ្សាច់។ រូបថត៖លោកអាឡិច ហាន់ដ្រូ ហ្កន់សាឡេស ដេវីតសុន
ប្រធានអង្គការមាតាធម្មជាតិលោក អាឡិច ហាន់ដ្រូ ហ្កន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) មានប្រសាសន៍ថា រដ្ឋាភិបាលប្រកាសអោយក្រុមហ៊ុនឯកជនចូលរួមដេញថ្លៃបូមខ្សាច់នៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ អាចនឹងធ្វើឱ្យប៉ះពាល់ធំធេងណាស់ដល់បរិស្ថាន និងធនធានមច្ឆាជាតិនៅក្នុងបាតសមុទ្រ ។
លោកបន្តថា សកម្មភាពបូមខ្សាច់សមុទ្រនៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុធ្លាប់កើតមានឡើងរួចមកហើយ តាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៦។លោកបន្ថែមទៀតថា ការបូមខ្សាច់ ពេលនោះបានធ្វើឱ្យប៉ះពាល់បរិស្ថានមិនអាចប្រកែកបាន និងធ្វើឱ្យចំនួនមច្ឆាជាតិនៅតាមព្រែកបានថយចុះខ្លាំង ដែលធ្វើឱ្យប្រជាពលរដ្ឋប្រកបមុខរបរនេសាទបានធ្លាក់ចុះយ៉ាងខ្លាំង មិនតែប៉ុណ្ណោះការបូមខ្សាច់នេះបានធ្វើឱ្យបាក់ច្រាំង ធ្វើឱ្យប៉ះពាល់ដល់ព្រៃកោងកាង ដែលដុះនៅតាមដងមាត់សមុទ្រទៀតផង៖«អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ក្ដី ឬក៏អ្វីដែលរបបលោក ហ៊ុន សែន និយាយ ជាសាធារណៈខ្ញុំអត់ជឿទេ។គេនិយាយថា បូមខ្សាច់សមុទ្រដើម្បីប្រើប្រាស់ ក្នុងស្រុក។ខ្ញុំនៅតែបារម្ភថាថ្ងៃណាមួយ នឹងត្រឡប់ទៅស្ថានភាពដើម។ មានន័យថា នឹងត្រឡប់ទៅ ចាប់ផ្ដើមនាំចេញខ្សាច់ទៅក្រៅប្រទេស ដូចឆ្នាំ២០០៨ នាំឱ្យមានផលប៉ះពាល់បរិស្ថាន នាំឱ្យខាតលុយ នាំឱ្យខាតដល់ចំណូលរបស់ប្រជាពលរដ្ឋ ធ្ងន់ធ្ងរណាស់។ ពីព្រោះអីប្រទេសសឹង្ហបុរី នៅតែខ្វះខាតខ្សាច់ សមុទ្រហ្នឹង។»
ក្រសួងរ៉ែ និងថាមពលបានជូនដំណឹងថា គម្រោងបូមខ្សាច់នេះមានទីតាំងនៅក្នុង ស្រុកបុទុមសាគរខេត្តកោះកុង មានទំហំ ៩៩១ ហិកតារ និងស្រុកស្រែអំបិល មានទំហំ ៤៦៤ ហិកតារ។ ចំណែកនៅក្នុងខេត្តព្រះសីហនុ នៅក្នុងស្រុកស្ទឹងហាវ មានទំហំជាង ៤០០ ហិកតារ(៤០០.៣ ហិកតារ) និងស្រុកព្រៃនប់ មានចំនួន ២៨៨ ហិកតារ។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ បដិសេធមិនធ្វើអត្ថាធិប្បាយជាមួយវិទ្យុអាស៊ីសេរិ ពាក់ព័ន្ធ នឹងគម្រោងបូមខ្សាច់នេះទេ៖«សូមយកព័ត៌មានបន្តដែលខ្ញុំបានផ្ដល់ជូនសារព័ត៌មានផ្សេងៗហើយ សូមយកពីព័ត៌មានក្នុងស្រុកចុះ។»
ចំណែក អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថងវិញបញ្ជាក់ថា អ្នកស្រីមិនទាន់បានឃើញសេចក្ដីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពលនៅឡើយ។ ប៉ុន្តែអ្នកស្រីថា ការបូមខ្សាច់នេះសម្រាប់បម្រើក្នុងស្រុក មិនមែនសម្រាប់ការនាំចេញទេ៖« តាមខ្ញុំដឹងឃើញថា រដ្ឋបាលខេត្តបានបញ្ជាក់រួចហើយគឺសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេស ដើម្បីជួយដល់ផ្នែកកសិកម្ម ហើយទឹកឥឡូវក៏វាជោរដែរ មានការកំណត់ច្បាស់លាស់ណាស់។»
អ្នកជំនាញកំពុងបារម្ភពីតម្លាភាពពីចំណូលបានមកពីការបូមខ្សាច់ដែរ ក្រៅពីក្តីបារម្ភពីការប៉ះពាល់ដល់បរិស្ថាន។
អ្នកជំនាញអភិបាលកិច្ចទឹក លោក អាង ឧត្តម មានប្រសាសន៍ថា ក្រសួងរ៉ែ និងថាមពលមិនបានបញ្ជាក់ឱ្យមហាជនបានដឹងថាប្រាក់ចំណូលបានមកពីការបូមខ្សាច់នៅឡើយ និង ថា តើក្រសួងបានសិក្សារួចរាល់ហើយឬនៅពីផលប៉ះពាល់បរិស្ថាន៖«មិនទាន់ដឹងថា តើមានការសិក្សាហើយឬ នៅថាការទាញយកដីល្បាយខ្សាច់ហ្នឹង មានផលប៉ះពាល់បែបណា ផ្នែកសង្គម បរិស្ថាន និងចរន្តសេដ្ឋកិច្ច នៅថ្នាក់មូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ដូចជាការនេសាទផ្សេងៗទាក់ទិននឹងអេកូឡូស៊ីរបស់សមុទ្រ ប៉ុន្តែទាក់ទិននឹងវិស័យឯកជននេះទៀតសោតឃើញថា ការប្រកាសនេះហាក់បីដូចជាមានការប្រយ័ត្នប្រយែង ជាពិសេសក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលថាប្រសិនបើមានទំនាក់ទំនងគ្នាក្រុមហ៊ុនហ្នឹងអត់អាចទទួលបានឯកសារលើសពីមួយទីតាំងទេ។»
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋាភិបាល បានបញ្ចប់ជាស្ថាពរចំពោះការនាំខ្សាច់ ខ្សាច់សំណង់ និងខ្សាច់ល្បាយភក់នៅខេត្តកោះកុង ទៅលក់នៅក្រៅប្រទេស តែសេចក្ដីសម្រេចនោះមិនគ្របដណ្ដប់លើអាជីវកម្មខ្សាច់ស៊ីលីកា (Silica) ឬខ្សាច់ស នៅខេត្តកោះកុង នោះទេ។ ការសម្រេចនេះ ដោយសារតែមានការរកឃើញថា កម្ពុជាកំពុងខាតបង់ទឹកប្រាក់ ប្រមាន ៧០០ លានដុល្លារជុំវិញការនាំខ្សាច់ចាក់បំពេញ រាប់សិបលានតោនទៅលក់នៅប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌា ដោយមិនស្របច្បាប់ និងការរកឃើញមួយទៀត ជុំវិញការនាំខ្សាច់ប្រភេទស៊ីលីកា (Silica) រាប់សែនតោនទៅក្រៅប្រទេស ដែលធ្វើឱ្យបាត់បង់ប្រាក់រាប់សិបលានដុល្លារ ផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនម្នាក់បន្ទាប់ពីចាក់ជនជាតិចិនគ្នាឯងស្លាប់នៅខេត្តបន្ទាយមានជ័យ
- គម្រោងសាងសង់ផ្លូវល្បឿនលឿននៅតែបន្តទៅមុខដោយគ្មានឧបសគ្គបើទោះបីជាកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺកូវីដ ១៩
- ចិនជូនដំណឹងប្រទេសតាមខ្សែទឹកខាងក្រោមទន្លេមេគង្គពីការកាត់បន្ថយរំហូរទឹកទន្លេ
- ប្រជាពលរដ្ឋរងគ្រោះដីធ្លីជាមួយក្រុមហ៊ុនចិននៅក្នុងខេត្តកោះកុងជំរុញឱ្យអាជ្ញាធរបញ្ចប់ជម្លោះនៅដំណាច់ឆ្នាំ ២០២០
- អាជ្ញាធរកំពង់ស្ពឺឈូសកម្ទេចផ្ទះ និងដំណាំពលរដ្ឋ ៣គ្រួសារដើម្បីអភិវឌ្ឍគម្រោងផ្លូវល្បឿនលឿន
- “ការដាក់ទណ្ឌកម្មរបស់អាមេរិកលើអ្នកជំនួញចិនរកស៊ីនៅកម្ពុជានឹងធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា”
- អ្នកវិភាគស្នើឱ្យ រដ្ឋាភិបាលពិនិត្យមើលផលប៉ះពាល់បរិស្ថាន មុននឹងសម្រេចចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនសាងសង់ទំនប់វារីអគ្គិសនី ស្ទឹងតាតៃលើ
- សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន ៤ នាក់ សង្ស័យថា ជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស
- អ្នកជំនាញកសិកម្មស្វាគមន៍កម្ពុជានាំចេញផ្លែស្វាយលើកដំបូងទៅប្រទេសចិន
- ក្រុមហ៊ុនចិនឈ្នះការដេញថ្លៃកែលម្អព្រលានយន្តហោះភ្នំពេញអន្តរជាតិ ពីក្រុមហ៊ុនបារាំង
do what you want Mr destroy every thing it will be belonging to the other nation any way.