ដោយ សុជីវី
2021-01-10
RFA

រូបគំនូរ ដែលគេគូរបង្ហាញអំពីដំណើរចេញពីកម្ពុជានៅក្នុងរបបខ្មែរក្រហម ទៅតស៊ូនៅប្រទេសវៀតណាម។ រូបពីហ្វេសប៊ុកលោក ហ៊ុន សែន
ពលរដ្ឋរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលយកលុយជាតិទៅផលិតភាពយន្តស្ដីពីការតស៊ូរបស់លោក។ ការលើកឡើងបែបនេះ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យក្រុមការងារអន្តរក្រសួងរួមគ្នាបង្កើតភាពយន្តឯកសារស្ដីពីជីវិតរបស់លោក ដាក់ចំណងជើងថា កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។
ពលរដ្ឋ និងអ្នកវិភាគរិះគន់ថា លោក ហ៊ុន សែន កំពុងប្រើប្រាស់លុយជាតិ ដើម្បីបំភ្លៃប្រវត្តិសាស្ត្រ និងបម្រើប្រយោជន៍នយោបាយរបស់លោក។ ពួកគាត់យល់ថា បើមេដឹកនាំមានស្នាដៃចំពោះជាតិមិនចាំបាច់អួតអាងពីខ្លួននោះទេ។
ពលរដ្ឋម្នាក់រស់នៅភ្នំពេញ លោក បុត្រ សុផល យល់ថា ភាពយន្តនេះធ្វើឡើងដើម្បីលើកតម្កើងស្នាដៃលោក ហ៊ុន សែន។ ដូច្នេះ គួរប្រើលុយផ្ទាល់ខ្លួនជាជាងការប្រើប្រាស់មន្ត្រីរដ្ឋាភិបាល និងលុយជាតិ។ ពលរដ្ឋរូបនេះលើកឡើងទៀតថា ចំពោះការរំដោះជាតិកាលឆ្នាំ១៩៧៩ ក៏មិនទាន់មានការឯកភាពគ្នាថា លោក ហ៊ុន សែន គឺជាមេដឹកនាំពេលនោះទេ។ ដូចនេះ មិនទាន់ដល់ពេលលោក ហ៊ុន សែន អះអាងថា ជ័យជម្នះ ៧ មករា ជារបស់លោកតែម្នាក់ដាច់មុខនោះទេ៖ «តាមគំនិតខ្ញុំគាត់(លោក ហ៊ុន សែន) គួរចំណាយលុយឯកជនផ្ទាល់ខ្លួន ព្រោះនេះស្នាដៃរបស់គាត់ផ្ទាល់ខ្លួន»។
ពលរដ្ឋម្នាក់ទៀតរស់នៅខេត្តតាកែវលោក ស៊ីណា ថូ សង្កេតឃើញថា លោក ហ៊ុន សែន តែងប្រើគ្រប់មធ្យោបាយបង្ហាញពីស្នាដៃរបស់ខ្លួន ដូចជា ការផលិតចម្រៀង សៀវភៅ និងវីដេអូឯកសារជាដើម។ ពលរដ្ឋរូបនេះយល់ថា បើលោក ហ៊ុន សែន ពិតជាមេដឹកនាំមានស្នាដៃមែននោះមិនចាំបាច់ប្រឹងប្រែងផលិតខ្លួនឯងនោះគឺ ពលរដ្ឋ ឬអ្នកគោរពស្រលាញ់លោកគេនឹងផលិតដោយខ្លួនឯងមិនចាំបាច់លោក ហ៊ុន សែន បង្គាប់បញ្ជានោះទេ៖ «និយាយយ៉ាងខ្លីទៅថា មនុស្សយើងធ្វើរឿងល្អស្នេហាជាតិ គេអ្នកនិពន្ធគេធ្វើឱ្យយើងហ្មង»។
រីឯសកម្មជនគណបក្សសង្គ្រោះជាតិ លោក ឈុន វាន យល់ថា អ្វីដែលលោក ហ៊ុន សែន កំពុងធ្វើជាការបន្លំប្រវត្តិសាស្ត្រ។ លោកថា តាមសិក្សារបស់លោកគឺ លោក ប៉ែន សុវណ្ណ ជាមេដឹកនាំរំដោះថ្ងៃ៧ មករា ប៉ុន្តែពេលនេះ គ្រប់យ៉ាងគឺ លោក ហ៊ុន សែន ក្រសោបយកទាំងអស់៖ «ថ្ងៃ ៧ មករា ហ្នឹង បើដឹងឱ្យពិតប្រាកដគឺ ដោយសារលោក ប៉ែន សុវណ្ណ ទេ។ ប៉ុន្តែលោក ហ៊ុន សែន គាត់ស៊ីកេរ ៧ មករា»។
ពលរដ្ឋរិះគន់បែបនេះ ក្រោយពេលរដ្ឋាភិបាល ហ៊ុន សែន ប្រកាសបង្កើតគណៈកម្មការផលិតភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដោយមានមន្ត្រីរដ្ឋាភិបាលតាមក្រសួងនានា និងទីប្រឹក្សារបស់លោករួមគ្នាផលិត។ សេចក្ដីសម្រេចរបស់រដ្ឋាភិបាលចុះថ្ងៃទី៥ ខែមករា ឱ្យដឹងថា រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ម៉ៅ អាយុទ្ធ ជាប្រធានគណៈកម្មការផលិតភាពយន្តភាគរឿង និងមានមន្ត្រីស្ថាប័នផ្សេងទៀត ជាអនុប្រធាន និងជាទីប្រឹក្សា។ រឿងនេះ និពន្ធ និងដឹកនាំដោយលោក ហ៊ុយ វាសនា។ ចំណែកល្ខោនវិទ្យុរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីវិញ រឿងនេះត្រូវបានវិទ្យុបាយ័នជារបស់កូនស្រីលោក ហ៊ុន សែន អ្នកស្រី ហ៊ុន ម៉ាណា ចាក់ផ្សាយ ជាច្រើនឆ្នាំមកហើយ។
ជុំវិញរឿងនេះ អាស៊ីសេរីមិនទាន់សុំការបំភ្លឺបន្ថែមពីរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ម៉ៅ អាយុទ្ធ ជាប្រធានគណៈកម្មការផលិតភាពយន្តភាគរឿងបាននៅឡើយទេ ថ្ងៃទី១០ ខែមករា។ អាស៊ីសេរីក៏មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ បានដែរ។ចំណែកសមាជិកក្រុមផលិតរឿងនេះដែលជាប្រធាននាយកដ្ឋាននយោបាយ និងទំនាក់ទំនងការបរទេសនៃក្រសួងការពារជាតិលោក ណឹម សុវត្ថិ ពេលទូរស័ព្ទហៅចូលលោកថា សេវាទូរស័ព្ទខ្សោយមិនអាចផ្ដល់សម្ភាសបាន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ និយាយថា ការមានមតិរិះគន់រឿងនេះជាការបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យ។ លោកថា មេដឹកនាំប្រទេសដែលផលិតសៀវភៅ ឬភាពយន្តឯកសារប្រវត្តិសាស្ត្រជាតម្លៃប្រវត្តិសាស្ត្រមិនមែនជាតម្លៃបុគ្គលទេ៖ «ត្រូវទទួលស្គាល់ជាផលិតផលប្រវត្តិសាស្ត្រទេ មិនមែនសំដៅទៅបុគ្គលទេ គ្រាន់តែបុគ្គលអ្នកធ្វើក្នុងសកម្មភាពប្រវត្តិសាស្ត្រ»។
ទោះយ៉ាងណា អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា ចេតនាដែលលោក ហ៊ុន សែន ផលិតភាពយន្តនៃការតស៊ូនេះ គឺដើម្បីឱ្យពលរដ្ឋ ជាពិសេស ពលរដ្ឋតាមស្រុកស្រែចម្ការឱ្យផ្ដោតអារម្មណ៍លើកតម្កើងពីតម្លៃគ្រួសាររបស់លោក ហ៊ុន សែន។ លោកថា រូបភាពនេះជាការប្រើអក្សរសិល្ប៍នយោបាយក្នុងការៀបចំផែនការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ទៅឱ្យលោក ហ៊ុន ម៉ាណែត៖ «ដើម្បីឱ្យផែនការគាត់នេះ អាចបំភាន់មហាជនបាន លោក ហ៊ុន សែន នឹកឃើញផលិតអក្សរសិល្ប៍ជាភាពយន្តបញ្ចាំងលើកតម្កើងខ្លួនគាត់ និងគ្រួសារគាត់»។
កាលពីឆ្នាំ២០១៧ លោក ហ៊ុន សែន ធ្លាប់លើកឡើងថា លោកមិនឲ្យអ្នកផ្សេងឈ្នះដើម្បីសរសេរប្រវត្តិសាស្ត្រឡើយ។ លោកថា គ្មានឱកាសសម្រាប់ឲ្យអ្នកដទៃ ដែលជាអ្នកចាញ់សរសេរប្រវត្តិសាស្ត្រទេ គឺមានតែអ្នកឈ្នះ ដែលជាអ្នកសរសេរប្រវត្តិសាស្ត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
how can I believe HUN NAL he lei to every one . this guy though no one knew about his story but he is wrong. some one live at PEAM KOSSNA still a live and he used to be in Khmer rue military white him . the same age like HUN NAL that guy did not wanted to let any one know about this true story. the reason why?? HUN NAL may not like friend in those day because they knew every thing about him. some one knew if they talking the truth HUN NAL will eliminate them . for me I will say please do not be so NGLOUNG no one will believing you AH SAMDACH EIY you are so CHHKOUTH . no one can site on a basket and lifting themself OK , right now all Cambodian see HUN NAL is the evil indeed