2021-01-10
RFA

តារាចម្រៀងឈ្មោះ អ៊ួន បឋម ហៅ សាយ ពេលរត់ឆ្លងកាត់ ២១ខេត្តក្រុងជុំវិញប្រទេសកម្ពុជា (ឆ្វេង) និងពេលមកដល់ទី បញ្ចប់កម្មវិធីរត់ជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។ រូបពីហ្វេសប៊ុក សាយ
តារាចម្រៀងដែលជាម្ចាស់ស្នាដៃបទថ្មី ឬអូរីជីណលសង (Original Song) យុវជន អ៊ួន បឋម ហៅ សាយ បានរត់ដល់ទីក្រុងភ្នំពេញហើយ នៅព្រឹកថ្ងៃទី១០ ខែមករានេះ បន្ទាប់ពីលោកប្រើពេល ៩៧ថ្ងៃ រត់ឆ្លងកាត់ ២១ខេត្តក្រុងជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប ដែលជាមន្ទីរពេទ្យផ្ដល់សេវាព្យាបាលដល់កុមារគ្រប់រូបដោយមិនគិតប្រាក់។
យុវជន សាយ ប្រាប់អាស៊ីសេរីថា គិតត្រឹមថ្ងៃទី១០ ខែមករានេះ កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយ សាយ ទទួលបានថវិកាពីសប្បុរសជនជាង ៤៧ម៉ឺនដុល្លារ សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ លោកបន្តថា ទោះបីជាលោករត់ដល់ទីក្រុងភ្នំពេញ និងបិទបញ្ចប់កម្មវិធីរត់ក្តី ក៏កម្មវិធីរៃអង្គាសថវិកាពីសប្បុរសជន នឹងនៅតែបន្តរហូតដល់ថ្ងៃទី២៤ ខែមករាខាងមុខ។ តារាចម្រៀងរូបនេះ នឹងជួបជាមួយតំណាងក្រុមហ៊ុនមួយចំនួន ដែលមានបំណងចូលរួមបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ។
យុវជន សាយ បានបង្កើតកម្មវិធីរត់ ដែលលោកដាក់ឈ្មោះថា រត់ដើម្បីសប្បុរសធម៌ជាមួយសាយ ហើយចាប់ផ្ដើមសកម្មភាពរត់នៅលើដងផ្លូវតែម្នាក់ឯង ចាប់តាំងពីថ្ងៃទី៦ ខែតុលាមក ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ បន្ទាប់ពីមន្ទីរពេទ្យមួយនេះ កំពុងប្រឈមមុខខ្វះថវិកាធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ-១៩។ តំណាងមន្ទីរពេទ្យកុមារអង្គរ ឲ្យដឹងថា ក្នុងមួយថ្ងៃជាមធ្យម កុមារជាង ៤០០នាក់ពីបណ្ដាខេត្តផ្សេងៗ បានចូលទៅព្យាបាល និងសង្គ្រោះនៅមន្ទីរពេទ្យកុមារអង្គរ។ មន្ទីរពេទ្យមួយនេះ ត្រូវបានវាយតម្លៃថា មានស្តង់ដារគុណភាព និងប្រសិទ្ធិភាពខ្ពស់ក្នុងការថែទាំ និងព្យាបាល កុមារព្រមទាំងមានឯកទេសព្យាបាលកុមារ ដែលមានជំងឺធ្ងន់ធ្ងរ និងរ៉ាំរ៉ៃជាច្រើនប្រភេទទៀតផង។ មន្ទីរពេទ្យកុមារអង្គរ មានស្ថាបនិកជាជនជាតិជប៉ុន គឺលោក ខេនរ៉ូ អីហ្ស៊ូ (Kenro Isu) ត្រូវបានដំណើរការចាប់តាំងពីឆ្នាំ១៩៩៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។