តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
វ៉ា សុភានុត |១២ មករា ២០២១ |ម៉ោង ១៥:៥០
VOD

លោក គ្រឿង តុលា អ្នកសម្របសម្រួលបណ្តាញសហគមន៍ជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរី។ (ហ្វេសប៊ុក៖ Kroeurng Tola IP)
នគរបាលខេត្តមណ្ឌលគិរី ណែនាំតំណាងជនជាតិដើមភាគតិចម្នាក់ដែលសកម្មក្នុងរឿងការពារដីធ្លីនិងព្រៃឈើ ចៀសវាងការបង្ហោះពាក្យពេចន៍លើបណ្តាញសង្គមហ្វេសប៊ុកដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់សមត្ថកិច្ច ប៉ុន្តែតំណាងជនជាតិដើមភាគតិចរូបនេះចាត់ទុកករណីនេះថាជាការបំបិទសិទ្ធិបញ្ចេញមតិ។
កាលពីថ្ងៃទី១១ ខែមករា ម្សិលមិញ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានកោះហៅលោក គ្រឿង តុលា អ្នកសម្របសម្រួលបណ្តាញសហគមន៍ជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរី ឱ្យចូលខ្លួនទៅបំភ្លឺរឿង «បង្ហោះសំណេរនិងរូបភាព ក្នុងគោលបំណងញុះញង់និងការប្រមាថ ធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរមន្រ្តីរាជការសាធារណៈ» តាមបណ្ដាញសង្គមហ្វេសប៊ុក។
ស្នងការរងខេត្តមណ្ឌលគិរី លោក សូ សុវណ្ណ មានប្រសាសន៍ថា ការកោះហៅលោក គ្រឿង តុលា ឱ្យទៅបំភ្លឺនេះ ដោយសារតែការសរសេររបស់គាត់នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់សមត្ថកិច្ច បើទោះជាមិនធ្ងន់ធ្ងរក៏ដោយ។
លោកថា៖ «ការអញ្ជើញគាត់មកគ្រាន់តែថា ធ្វើម៉េចសូមឱ្យគាត់ ទាំងការសរសេរ ការផុសក្នុងហ្វេសប៊ុកអី សូមឱ្យគាត់សរសេរប្រកបដោយសីលធម៌ កុំឱ្យផ្អៀងទៅលើតែម្ខាង។ មុននឹងសរសេរអត្ថបទអ្វីមួយ គាត់ត្រូវសួរទាំងសង្ខាងមើលសិន»។
លោក សូ សុវណ្ណ ក៏បញ្ជាក់ថា ការកោះហៅនេះមិនមែនជាការបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់គាត់នោះទេ គ្រាន់តែកោះហៅមកសួរនាំធម្មតា និងស្នើឱ្យចៀសវាងការផុសបញ្ចេញមតិដែលប៉ះពាល់ដល់កិត្តិយសរបស់សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរខេត្តប៉ុណ្ណោះ។
ដើមចមដែលនាំឱ្យឈានដល់ការកោះហៅលោក គ្រឿង តុលា ពីសំណាក់សមត្ថកិច្ចខេត្តនេះ ដោយសារលោក គ្រឿង តុលា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖
«កាលពីឆ្នាំ១៩៩៧ មានការដណ្ដើមគ្នាដឹកជញ្ជូនឈើហុប នៅឆ្នាំ២០០៦ ដីឡើងថ្លៃ ក៏ប្រជែងគ្នាទន្រ្ទានយកដី ខណៈបច្ចុប្បន្ននេះ រត់ជាន់ជើងគ្នាដឹកថ្មវិញម្ដង នៅពេលអស់ពីធនធានធម្មជាតិ ប្រហែលលក់ទាំងប្រពន្ធកូនទៀត»។
លោកបានសរសេរបន្ថែមទៀតថា៖ «សូមលោកអភិបាលខេត្ត ស្វាយ សំអ៊ាង បើកត្រចៀកនិងភ្នែកមើលឱ្យឃើញបញ្ហាទាំងនេះ និងមានចិត្តស្រលាញ់ជាតិពិតប្រាកដ»។
លោក គ្រឿង តុលា បាននិយាយក្រោយពេលចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃម្សិលមិញថា អ្វីដែលលោកសរសេរក្នុងបណ្តាញសង្គមនោះ គឺគ្រាន់តែចង់ឃើញអាជ្ញាធរមានវិធានការដោះស្រាយនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពប៉ុណ្ណោះ ពុំមានគោលបំណងអាក្រក់អ្វីឡើយ។
លោកនិយាយថា៖ «[ការកោះហៅនេះ] ជាការរំលោភសិទ្ធិបញ្ចេញមតិរបស់ខ្ញុំ តែប៉ុណ្ណឹងទេ! ខ្ញុំគិតថា ព្រោះដល់ថ្នាក់សុទ្ធតែមានដីកាកោះហៅអីហើយ ចូលក្នុងបទល្មើសនៃការរំលោភសិទ្ធិក្នុងការនិយាយស្ដី ក្នុងការការពារធនធានធម្មជាតិ យល់ល្អ គាត់[សមត្ថកិច្ច]គួរតែមានវិធានការទប់ស្កាត់ ប្រសើរជាងកោះហៅយើង»។
ទោះយ៉ាងណា លោកថា លោកយល់ព្រមតាមសំណើរបស់សមត្ថកិច្ច ដោយនឹងកែប្រែនិងប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យពេចន៍ជាងនេះ ក្នុងការសរសេរអត្ថបទបង្ហោះលើបណ្តាញសង្គមនៅពេលក្រោយ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។